រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា បានប្រគល់អាហារូបករណ៍ដល់និស្សិតជ័យលាភីកម្ពុជា សរុបចំនួន៤១នាក់ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងប្រទេសឥណ្ឌា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរលង់ ដោយឥទ្ធិពលស្ថាបត្យកម្ម ជំនឿ និងអក្សរសាស្ត្រដ៏សម្បូរបែបរបស់ឥណ្ឌា មិនត្រឹមតែមានឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជានោះទេ ថែមទាំងបានរីកសាយភាយទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះជាគ្រឹះដ៏រឹងមាំក្នុងការរឹតចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។
សម្រាប់និស្សិតជ័យលាភីកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសឥណ្ឌា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យពួកគេខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងប្រើប្រាស់ពេលវេលាសិក្សានៅប្រទេសឥណ្ឌាឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយប្រទេសឥណ្ឌាជាមជ្ឈមណ្ឌលអប់រំលំដាប់សកល ដែលបានបណ្តុះបណ្តាលធនធានមនុស្សឆ្នើមៗ និងបុគ្គលជោគជ័យជាច្រើននៅទូទាំងពិភពលោក។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលនិស្សិតទទួលបានពីប្រព័ន្ធអប់រំដ៏រឹងមាំមួយនេះ នឹងក្លាយជាទុនដ៏មានតម្លៃក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ (ICCR) បានផ្តល់អាហារូបករណ៍ដល់កម្ពុជាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបើកឱកាសសម្រាប់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលអប់រំសំខាន់មួយ ទាក់ទាញនិស្សិតអន្តរជាតិមកពីជុំវិញពិភពលោក។ អាហារូបករណ៍ទាំងនោះ គ្របដណ្ដប់លើមុខជំនាញសម្បូរបែប រួមមាន វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា មនុស្សសាស្ត្រ ពុទ្ធសាសនវិទ្យា គ្រប់គ្រង និងវិទ្យាសាស្ត្រសង្គម៕