បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ នវានុវត្តន៍ ជាកម្លាំងចលករ ជួយសម្រេចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

សម្តេចធិបតី ៖ នវានុវត្តន៍ ជាកម្លាំងចលករ ជួយសម្រេចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក “នវានុវត្តន៍” គឺជាកម្លាំង​ចលករ​ដែលនឹងជួយសម្រេចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិ រក្សា​អធិបតេយ្យភាព និង​ពន្លឿនការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច។

Advertisement

ក្នុងសារលិខិតចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកទី៤ ក្រោម​ប្រធានបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” សម្តេចធិបតីលើកឡើងថា ក្នុងដំណាក់កាលថ្មី នៃដំណើរ​អភិវឌ្ឍជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍ ពិតជាមានសារៈសំខាន់មិនអាច​ខ្វះបាន ដោយ​គ្រប់ប្រទេស​អភិវឌ្ឍន៍​សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម ណិង​ប្រព័ន្ធថ្មីៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សុខុមាលភាព​របស់​ប្រជាជាតិទាំងមូល និងជាភាពខ្លាំង​សម្រាប់គាំទ្រ​សន្តិសុខ​ជាតិរយៈពេលវែង។

តាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាលបានបង្កើត មូលនិធិ​ស្រាវជ្រាវ​ជាបរធនបាលកិច្ច ដើម្បីគាំទ្រ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និង​ឯកជន សំដៅជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ “នេះជាជំហានសំខាន់ ក្នុងកិច្ច​ខិតខំប្រឹងប្រែងផ្លាស់ប្តូរដំណើរវិវត្តរបស់យើង ពីប្រទេស​ប្រើប្រាស់បច្ចេកវិទ្យា និង​ពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជា​ប្រទេស​អ្នក​បង្កើតចំណេះដឹង និង​បច្ចេកវិទ្យានៅក្នុងតំបន់នាពេលអនាគត“។

សម្តេចធិបតីបានរំលេចថា ទិវាជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានប្រមូលផ្តុំ​សិស្ស និស្សិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និង​អ្នកពាក់ព័ន្ធមកចូលរួម ដោយ​ធ្វើការពិភាក្សា និង​មានសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និង​នវានុវត្តន៍​របស់កម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា ការណ៍នេះ រម្លឹក​ឱ្យ​យើងដឹងថា នវានុវត្តន៍ ​មិន​មែនជា​កម្មសិទ្ធិរបស់ក្រសួងតែមួយ ឬសម្រាប់តែវិស័យ​ណាមួយ​ឡើយ តែវា​ជាវប្បធម៌​ដែលយើងត្រូវតែបណ្តុះ​តាំងពី​នៅក្នុងផ្ទះ សាលារៀន សាកលវិទ្យាល័យ រោងចក្រ កសិដ្ឋាន សហគមន៍ កន្លែង​ធ្វើការ និង​ក្នុង​គ្រប់រូបភាព នៃជីវភាព​រស់នៅ​ប្រចាំថ្ងៃ នៅទូទាំងប្រទេស។

“ទីកន្លែង​ណា ពេលណា អ្នកណា ក៏​អាច​បង្កើតនវានុវត្តន៍បានដែរ”

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីបានអំពាវនាវ​ដល់គ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថាន​ស្រាវជ្រាវ ដៃគូអភិវឌ្ឍ និង​វិស័យឯកជន​ទាំងអស់ គាំទ្រ និង​ចូលរួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ចូលរួម​បណ្តុះវប្បធម៌​នវានុវត្តន៍​ក្នុង​គ្រប់រូបភាព នៃកិច្ចការងារ និង​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​រួមគ្នា​កសាងប្រព័ន្ធនវានុវត្តន៍​ជាតិមួយ​ប្រកប​ដោយ​ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា