សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
យុវតី កៅ ម៉េងហ័ង បានសម្រេចក្ដីសុបិន ក្នុងការបង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជាក្នុងវិស័យស្ទែម (STEM) នៅក្នុងកម្មវិធី Commission on the Status of Women (CSW) លើកទី៦៩ ព្រមទាំងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក» នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
យុវតី កៅ ម៉េងហ័ង ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) និងជាសហស្ថាបនិក នៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech បានថ្លែងក្នុងវេទិកាអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែមីនា ថា ការចូលរួមក្នុងវេទិកានេះ ជាកិត្តិយសដ៏អស្ចារ្យរបស់នាង ក្នុងនាមជាក្រុមប្រឹក្សាក្មេងស្រីទូទាំងពិភពលោកមកពីប្រទេសកម្ពុជា និងក្នុងនាមជាក្មេងស្រីនៅក្នុងវិស័យ (STEM)។ ម៉េងហ័ង លើកឡើងថា វាមិនត្រឹមតែបង្ហាញពីដំណើរជីវិតរបស់នាងនោះទេ ប៉ុន្តែបញ្ជាក់អំពីការពិតនៃការចូលរួមរបស់ក្មេងស្រី ដែលធ្វើសកម្មភាពរួមគ្នា មិនត្រឹមតែអាចផ្លាស់ប្ដូរខ្លួនឯងនោះទេ ប៉ុន្តែជាធាតុចូលក្នុងការផ្លាស់ប្ដូរសហគមន៍ទាំងមូល។
យុវតី កៅ ម៉េងហ័ង បង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជាក្នុងវិស័យស្ទែម
ម៉េងហ័ង ថ្លែងទៅកាន់អ្នកចូលរួមថា នាងគ្រាន់តែជាក្មេងស្រីម្នាក់ ដែលមានសុបិន្តធំ ចង់ដឹងចង់ឃើញ និងស្រឡាញ់បច្ចេកវិទ្យា ប៉ុន្តែជាអកុសលនាងរស់នៅក្នុងបរិយាកាសដែលមនុស្សជឿថាក្មេងស្រីមិនគួរទៅឆ្ងាយ ក្មេងស្រីមិនគួរបន្តការសិក្សាថ្នាក់ឧត្តម ជាពិសេសក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា។ ម៉េងហ័ង បន្តថា បញ្ហាដែលរូបនាងជួបប្រទះនេះ ក៏ជាឧបសគ្គជាប្រព័ន្ធសម្រាប់មនុស្សស្រីជាច្រើនផ្សេងទៀតកំពុងប្រឈមដែរ។
យុវតីមកពីខេត្តកំពង់ចាម រូបនេះ បន្ថែមថា នាងមានសំណាងដែលបានរកឃើញកម្មវិធីមួយឈ្មោះថា Technovation Girls ដែលផ្ដល់ឱកាសធ្វើការជាមួយអ្នកណែនាំ សមាជិកក្រុមស្ត្រី ដើម្បីដោះស្រាយបញ្ហាសហគមន៍ដោយប្រើបច្ចេកវិទ្យាជាឧបករណ៍។ ម៉េងហ័ង បន្តថា នាងបានចូលរួមបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដើម្បីដោះស្រាយបញ្ហាសហគមន៍តាំងពីអាយុ ១៥ឆ្នាំ។ ចាប់ពីពេលនោះមក នាងចាប់អារម្មណ៍កាន់តែខ្លាំងលើបច្ចេកវិទ្យា។ រូបនាងបានផ្លាស់ប្ដូរ និងបានអភិវឌ្ឍសមត្ថភាពជាច្រើន តាមរយៈការរៀនផ្នែកបច្ចេកវិទ្យាទាំងនេះ។
យុវតី កៅ ម៉េងហ័ង ចូលរួមកម្មវិធី Commission on the Status of Women (CSW) លើកទី៦៩ និងជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធី Power For Girls នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក
ម៉េងហ័ង បានជំរុញខ្លួនឯង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ដោយចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ តាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីស្ម័គ្រចិត្តជាដើម។ ការចូលរួមកាន់តែសកម្ម បានធ្វើឱ្យ ម៉េងហ័ង មានគំនិតបង្កើតអ្វីដែលថ្មី ដើម្បីជួយទៅដល់ក្មេងស្រី និងសហគមន៍របស់នាង។ យុវតីវ័យ ១៩ឆ្នាំរូបនេះ ចង់ជំរុញទឹកចិត្តដល់អ្នកចូលរួម និងបង្ហាញថា ក្មេងស្រីអាចធ្វើអ្វីៗគ្រប់យ៉ាង ប្រសិនបើយើងកំណត់គំនិតរបស់យើង។
«មេរៀនដែលនាងខ្ញុំបានរៀនពីរឿងនេះគឺថា នៅពេលដែលមនុស្សស្រីមកជុំគ្នា យើងផ្លាស់ប្តូរបទដ្ឋានសង្គម យើងប្រជែងនឹងជំនឿហួសសម័យ ហើយយើងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ ដូច្នេះយើងត្រូវការអ្នកគ្រប់គ្នានៅទីនេះ» ។
ក្នុងឱកាសនោះដែរ យុវតីរូបនេះក៏ស្នើសុំឱ្យភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើយ៉ាងណាជំរុញឱ្យការផ្តល់អំណាច និងគាំទ្រដល់ស្ត្រីទទួលជោគជ័យ។ ម៉េងហ័ង យល់ថា ការគាំទ្រនោះអាចជាគោលនយោបាយ និងការផ្តល់ឱកាសនានាដល់ក្មេងស្រី តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សា អាហារូបករណ៍ ក៏ដូចជាជំនួយហិរញ្ញវត្ថុជាដើម។
ការលើកកម្ពស់ស្រី្ត និងក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា
ម៉េងហ័ង ក៏ជំរុញដល់អ្នកចូលរួមទាំងអស់គ្នាក្នុងវេទិកា ចូលរួមក្នុងដំណើរនេះ ដើម្បីធានាឱ្យបាននូវការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីបន្ថែមទៀតនៅក្នុងបច្ចេកវិទ្យា និងវិស័យពាក់ព័ន្ធ។ ម៉េងហ័ង បញ្ជាក់ថា «សម្រាប់ក្មេងស្រីគ្រប់រូប អ្នកពិតជាអស្ចារ្យ អ្នកពិតជាលេចធ្លោ ជាពិសេសសកម្មភាព និងសំឡេងរបស់អ្នកមានឥទ្ធិពលដល់សង្គម» ។
គួរជម្រាបថា តាមរយៈគម្រោង Ladies In Tech ក្រោមជំនួយពីអង្គការយូនីសេហ្វកម្ពុជា និង STEMUNITY ដែលជាគម្រោងបណ្ដុះបណ្ដាលជួយឱ្យក្មេងស្រីនៅជនបទ កាន់តែយល់ពីជំនាញបច្ចេកវិទ្យា ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាក្រោយចប់បាក់ឌុប បានជួយដល់គាំទ្រដល់ក្មេងស្រីជាង ២០០នាក់នៅកម្ពុជា ដើម្បីធ្វើតាមក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា និងដើម្បីបន្តការសិក្សាជំនាញផ្នែកបច្ចេកវិទ្យា និងធ្វើជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ៕