បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញសំខាន់ៗដែលយុវជន និងពលរដ្ឋត្រូវមាន ដើម្បីក្លាយជាពលរដ្ឋឌីជីថល

ជំនាញសំខាន់ៗដែលយុវជន និងពលរដ្ឋត្រូវមាន ដើម្បីក្លាយជាពលរដ្ឋឌីជីថល

នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ តែត្រូវមានជំនាញដែលអាចប្រើប្រាស់វាប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព និងមានក្រមសីលធម៌ផងដែរ នោះទើបអាចក្លាយជាពលរដ្ឋឌីជីថលល្អ។

Advertisement

ខាងក្រោមនេះ គឺជាជំនាញ ដែលត្រូវ​បាន​រាប់បញ្ចូលជាចំណេះដឹងបច្ចេកវិទ្យា និងជំនាញទន់សំខាន់ៗ ដើម្បីអាច​ក្លាយជាពលរដ្ឋឌីជីថលបាន ៖

១. អក្ខរកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានក្រមសីលធម៌

អក្ខរកម្មឌីជីថល សំដៅដល់សមត្ថភាពក្នុងការស្វែងរក វាយតម្លៃ ប្រើប្រាស់ បង្កើត និងចែករំលែកព័ត៍មានដោយសុវត្ថិភាព និងប្រសិទ្ធភាព តាមរយៈឧបករណ៍ បច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ទូរសព្ទដៃ និងអ៊ីនធឺណិតជាដើម។ ចំណេះដឹងនេះ រួមបញ្ចូលទាំងការយល់ដឹងពីបច្ចេកវិទ្យា, សុវត្ថិភាពបណ្តាញ, និងការប្រើប្រាស់ ឧបករណ៍​ឌីជីថលដោយការទទួលខុសត្រូវផងដែរ។

អក្ខរកម្មឌីជីថលនឹងចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពជីវិត ប្រជាពលរដ្ឋ សំដៅធានាបាននូវសេដ្ឋកិច្ច សង្គមមួយ ប្រកបដោយសមធម៌ បរិយាបន្ន និងរីកចម្រើន។ ក្រៅពីនេះ មនុស្សត្រូវចេះប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ដោយសង្កត់ធ្ងន់លើការយល់ចិត្ត និងការគោរពចំពោះគ្នា ដើម្បីការពារការគំរាមកំហែងតាមអ៊ីនធឺណិត និងស្វែងយល់ពីផលប៉ះពាល់ផ្នែកផ្លូវចិត្ត ដែលបណ្តាលមកពីការធ្វើអន្តរកម្មលើអ៊ីនធឺណិតហួសព្រំដែន ដែលទាំងនេះអាច ធានាបាននូវបរិយាកាសឌីជីថលដែលមានសុវត្ថិភាព។

២. ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត

សុវត្ថិភាពលើអ៊ីនធឺណិតសំដៅលើសមត្ថភាពក្នុងការការពារព័ត៍មានឯកជន និង រក្សាសុវត្ថិភាពក្នុងបរិយាកាស​អនឡាញ។ នេះរួមបញ្ចូលទាំងការយល់ដឹងពីរបៀបការពារព័ត៍មានលម្អិតសំខាន់ៗ ដូចជា ឈ្មោះ ថ្ងៃកំណើត លេខសន្តិសុខសង្គម ឬ អាសយដ្ឋានផ្ទះ ក៏ដូចជាការកំណត់មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication) ជាដើម។ មនុស្សត្រូវដឹងពីព័ត៍មានណាដែលមានសុវត្ថិភាពក្នុងការចែករំលែក ជាពិសេសចំណេះដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិតដើម្បីកាត់បន្ថយការគំរាមកំហែង តាមអ៊ីនធឺណិត ដូចជា ការបោកបញ្ឆោត ការបន្លំអត្តសញ្ញាណ និងការលួចចូល គណនីជាដើម។

ក្រៅពីជំនាញនេះ ដើម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព យុវជន ក៏អាចចាប់យកជំនាញឌីជីថលកម្រិតខ្ពស់បន្ថែម ដូចជា ជំនាញសរសេរកូដ, ជំនាញបង្កើតកម្មវិធី និងជំនាញ AI ជាដើម ដើម្បីបង្កើនចំណេះដឹងបន្ថែមទាក់ទង នឹងជំនាញឌីជីថល ជាពិសេសជំរុញភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារផងដែរ។

៣. ការវាយតម្លៃព័ត៍មាន

ពលរដ្ឋក៏ត្រូវមានសមត្ថភាពត្រិះរិះពិចារណា វិភាគទិន្នន័យ ឬព័ត៍មានមិនពិត ការឃោសនាបំភាន់ដោយចេតនា និងការក្លែងបន្លំជាដើម (រូបភាព វីដេអូ និង សំឡេងដែលបង្កើតឡើងដោយ AI) ដើម្បីឱ្យ​ពួកគេចេះសំយោគព័ត៍មាន និង ចេះប្រើប្រាស់ព័ត៍មានពីប្រភពដែលត្រឹមត្រូវ និងទុកចិត្តបាន។

៤. ការគ្រប់គ្រងខ្លួនឯង និងការគ្រប់គ្រងពេលវេលា

ពលរដ្ឋឌីជីថលដែលមានការទទួលខុសត្រូវ ត្រូវចេះរក្សាតុល្យភាពរវាងការប្រើប្រាស់ បច្ចេកវិទ្យា និងសុខភាពផ្លូវកាយផ្លូវចិត្ត។ ដើម្បីចៀសវាងផលប៉ះពាល់ពីការប្រើប្រាស់ អ៊ីនធឺណិតហួសកម្រិត ឬគ្រោះថ្នាក់ផ្សេងៗ យើងត្រូវមានម្ចាស់ការលើខ្លួនឯង និង គ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់វាឱ្យចំគោលដៅ។ ការចេះគ្រប់គ្រងខ្លួនឯងនិង ពេលវេលា នឹងជួយឱ្យយើងប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមាន និងមានសុវត្ថិភាព៕

ប្រភព ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា