បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​ភាសា ​៖ ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ត្រូវការ​ធាតុ​សំខាន់​ ​១០​ចំណុច​ក្នុង​យុគសម័យ​ AI​​

អ្នកជំនាញ​ភាសា ​៖ ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ត្រូវការ​ធាតុ​សំខាន់​ ​១០​ចំណុច​ក្នុង​យុគសម័យ​ AI​​

​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ លោក​បណ្ឌិត​ ហ៊ាន​ ​សុខុម ​បាន​លើកឡើង​ថា​ ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ​ដើម្បីឱ្យ​អាច​ប្រើប្រាស់​បាន​ពេញលេញ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ត្រូវការ​ធាតុ​សំខាន់​ចំនួន​ ​១០​ចំណុច​ ​ចាប់ពី​ប្រព័ន្ធ​សំណេរ​ស្តង់ដា ​រហូតដល់​ការ​គាំទ្រ​ពី​សហគមន៍​ និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

Advertisement

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​នៅ​ថ្ងៃទី​៤​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ក្នុង​សិក្ខាសាលា​ស្តីពី​ «​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​សម័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​៖ ​ផ្ដើម​ពី​សូរ​វិទ្យា​ទៅដល់​ប្រព័ន្ធ​សម្គាល់​សម្តី​» ​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​រាជ​បណ្ឌិត​សភា​កម្ពុជា​។​

​លោក​បណ្ឌិត​ ហ៊ាន​ ​សុខុម ​បាន​បញ្ជាក់​ថា​ ​ការ​អភិរក្ស ​និង​អភិវឌ្ឍ​ភាសា​ជាតិ​ ​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ ​ខណៈ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា ​និង​ប្រព្រឹត្តកម្ម​ភាសា​ធម្មជាតិ​ ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ភាសា​ខ្មែរ​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​លើ​ប្រព័ន្ធ​ឌីជីថល​។

​លោក​បណ្ឌិត​បាន​ពន្យល់​ថា​ ​ភាសា​មួយ​អាច​ចាត់ទុក​ថា​បាន​ធ្វើ​ឌីជីថលូបនីយកម្ម​ពេញលេញ​ ​នៅ​ពេល​ដែល​អ្នកប្រើប្រាស់​អាច​អាន​ សរសេរ​ ​ស្វែងរក​ព័ត៌មាន​ ​ប្រាស្រ័យទាក់ទង​ ​រៀនសូត្រ​ បកប្រែ​ ​និង​អន្តរកម្ម​ជាមួយ​បច្ចេកវិទ្យា​ជា​ភាសា​នោះ​បាន​នៅលើ​ថ្នាល​ឌីជីថល​ផ្សេង​ៗ​។​

​បើ​តាម​លោក​បណ្ឌិត​ ​ធាតុ​សំខាន់​ទាំង​ ​១០​ ​សម្រាប់​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ​រួមមាន​៖​ ​ប្រព័ន្ធ​សំណេរ​ស្តង់ដា​, ​ការ​ធ្វើ​អ៊ីន​កូដ​តាម​ស្តង់ដា​,​ ក្ដារចុច​ និង​វិធី​បញ្ចូល​អក្សរ​, ​ពុម្ព​អក្សរ​ឌីជីថល​, ​វចនានុក្រម​អេឡិចត្រូនិក​, ​កម្រង​ទិន្នន័យ​ភាសា ​(​Corpus​)​, ​ឧបករណ៍​កែច្នៃ​ភាសា​ធម្មជាតិ​, ​បច្ចេកវិទ្យា​សំឡេង​ ​និង​សម្គាល់​អក្សរ​, ​ការ​បកប្រែ​ ​និង​ការ​សម្របសម្រួល​កម្មវិធី​ឱ្យ​ស្រប​នឹង​ភាសា ​ព្រមទាំង​ការ​គាំទ្រ​ពី​សហគមន៍​ និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ភាសា​ខ្មែរ​ ត្រូវ​ផ្អែក​លើ​ការ​យល់ដឹង​ស៊ីជម្រៅ​អំពី​ភាសា​ខ្មែរ​ ​ចាប់ពី​ប្រព័ន្ធ​សូរ ​តួ​អក្សរ ​វេយ្យាករណ៍​ រចនាសម្ព័ន្ធ​ពាក្យ​ រចនាសម្ព័ន្ធ​ល្បះ ​របៀប​ប្រើប្រាស់​ភាសា ​និង​ប្រវត្តិ​ភាសា។​

​លោក​បណ្ឌិត​បន្ថែម​ថា​ ​ដើម្បី​បំពេញ​តម្រូវការ​ទាំង​នេះ​ ​យើង​ត្រូវ​ស្គាល់​ភាសា​របស់​យើង​ឱ្យ​បាន​ច្បាស់លាស់​ ​រាប់​ចាប់តាំងពី​ការ​ស្គាល់​ប្រព័ន្ធ​សូរ ​តួ​អក្សរ ​វេយ្យាករណ៍​ រចនាសម្ព័ន្ធ​ពាក្យ​ រចនាសម្ព័ន្ធ​ល្បះ ​របៀប​ប្រើ​ភាសា​ដើម្បី​ប្រាស្រ័យទាក់ទង​ ​និង​ប្រវត្តិ​ភាសា​។​

​លោក​បណ្ឌិត​ថា​ ​« ​សិក្ខាសាលា​នេះ​ជា​វេទិកា​សម្រាប់​អ្នកជំនាញ​ផ្នែក​ភាសាវិទ្យា​ចែករំលែក​លទ្ធផល​ស្រាវជ្រាវ​ និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ​ព្រមទាំង​ដំណោះស្រាយ​សម្រាប់​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។ ​ទន្ទឹមនឹង​នេះ​ វា​ក៏​រួមចំណែក​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​ក្នុង​សង្គម​កម្ពុជា​ ​ស្រប​តាម​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ផងដែរ​»​។​

​លោក​បណ្ឌិត​ ​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ ​សិក្ខាសាលា​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ភាសា​ខ្មែរ​ ​ដល់​សិស្ស​ និស្សិត​ ​និង​សាធារណជន ​ព្រមទាំង​ជំរុញ​ការ​ពិភាក្សា​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​ឱ្យ​កាន់តែ​រឹងមាំ​ក្នុង​យុគសម័យ​ឌីជីថល​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា