យុវជនមកពីខេត្តស្វាយរៀង គួន ភីរុន បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតតែងនិពន្ធ ផ្នែកអត្ថបទឧស្សាហ៍កថា កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” អបអរទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦នេះ។

យុវជនមកពីខេត្តស្វាយរៀង គួន ភីរុន បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតតែងនិពន្ធ ផ្នែកអត្ថបទឧស្សាហ៍កថា កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” អបអរទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦នេះ។
ការប្រកួតអត្ថបទឧស្សាហ៍កថាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្ម របស់ អ្នកនិពន្ធ ជុត ខៃ។ គួន ភីរុន ដែលជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញាបត្រអក្សរសាស្រ្តខ្មែរ និងកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា កត្តាដែលជំរុញឱ្យរូបគេចូលរួមប្រកួតស្នាដៃអត្ថបទឧស្សាហ៍កថា ក៏ព្រោះតែខ្លួនមានចំណង់ចំណូលចិត្តក្នុងការអានសៀវភៅអក្សរសិល្ប៍ខ្មែរ និងសៀវភៅទូទៅ ជាពិសេសវណ្ណកម្មរបស់ អ្នកនិពន្ធ ជុត ខៃ ដែលជាអ្នកនិពន្ធខ្មែរល្បីល្បាញមួយរូប។ មួយទៀត ការប្រកួតនេះ ក៏ជាឱកាសក្នុងការសាកល្បងសមត្ថភាពក្នុងការសរសេររបស់ខ្លួនដែរ។

អត្ថបទឧស្សាហ៍កថា គឺជាអត្ថបទដែលមានទម្រង់ដូចបែបអដ្ឋាធិប្បាយកថា ដែលអ្នកនិពន្ធខិតខំបញ្ចេញនូវទស្សនៈ គំនិត មតិ របស់ខ្លួនយ៉ាងច្រើន គឺប្រឹងខិតខំក្នុងការការពារ បង្កើត សាកល្បងនូវគំនិតថ្មីណាមួយដោយយកទ្រឹស្ដីរបស់អ្នកប្រាជ្ញ ឬទស្សនវិទូណាមួយមកធ្វើជាប្រធានសម្រាប់ចោទបញ្ហា ឬធ្វើជាផ្លូវសម្រាប់គំនិតបកស្រាយ ហើយទម្រង់ នៃអត្ថបទមានលក្ខណៈដូចនិក្ខេបបទបញ្ចប់ការសិក្សាដែរ។
និយាយពីការប្រកួតអត្ថបទឧស្សាហ៍កថា “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លោក គួន ភីរុន និយាយថា ការសរសេរអត្ថបទឧស្សាហ៍កថា នេះ លោកជួបឧបសគ្គគួរសម ដោយសារនេះ ជាលើកដំបូងក្នុងការដាក់ស្នាដៃប្រកួតស្នាដៃ ហើយរយៈពេលប្រកួតប្រជែងមានកំណត់។ តែយ៉ាងណា លោកបានជំនះឧបសគ្គ ដោយប្រឹងប្រែងអានស្នាដៃរបស់អ្នកនិពន្ធ ជុត ខៃ ឡើងវិញ ហើយពិនិត្យទៅលើផ្នែកដែលអ្នកនិពន្ធបានបណ្ដុះគំនិតជាតិនិយមក្នុងស្នាដៃយកមកបង្ហាញ បញ្ចេញគំនិតទស្សនៈ ទាក់ទងនឹងទស្សនៈជាតិ ផ្ទៀងផ្ទាត់នឹងទ្រឹស្ដីនានាដែលលើកឡើងអំពីបញ្ហាជាតិ។
“ដើម្បីជំនះបញ្ហានេះ គឺខ្ញុំត្រូវព្យាយាមអាន ព្យាយាមកត់សម្គាល់ និងធ្វើការសិក្សាផ្ទៀងផ្ទាត់ជាមួយទ្រឹស្ដីដែលលើកឡើងអំពីជាតិ និងបណ្ដុះមនសិកាជាតិ”
ម្ចាស់ជ័យលាភីថ្នាក់ជាតិ ផ្នែកឧស្សាហ៍កថានេះ លើកឡើងថា ចំណុចពិសេស ដែលជំរុញឱ្យរូបលោកជាប់ជ័យលាភីលេខ១ គឺដោយសារតែកត្តាសំខាន់ពីរ ទី១. ទៅលើទម្រង់អត្ថបទ តាមរយៈការសរសេរ ការបង្ហាញ ការលើកទ្រឹស្តី ការរៀបចំទម្រង់អត្ថបទ ការរៀបចំឯកសារយោងជាដើម គឺទៅតាមលក្ខណៈនៃអត្ថបទឧស្សាហកថា និងទី២. ខ្លឹមសារ បង្ហាញឱ្យឃើញពីចំណុច “ការបណ្ដុះមនសិកាជាតិ” នៅក្នុងស្នាដៃរបស់អ្នកនិពន្ធ ជុត ខៃ រំលេចយកមកបង្ហាញ ពន្យល់ និងបញ្ចេញទស្សនសិក្សា ដែលស្របនឹងប្រធានបទក្រសួងបានកំណត់។
លោក គួន ភីរុន ក៏បានលើកទឹកចិត្តយុវជនខែ្មរទាំងអស់ឱ្យចាប់អារម្មណ៍ទៅលើការអានសៀវភៅ និងរួមចំណែកក្នុងការសរសេរ តែងនិពន្ធឱ្យបានច្រើន ព្រោះការអានមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបណ្ដុះគំនិតបង្កើនការយល់ដឹងអំពីសង្គម និងការអភិវឌ្ឍសមត្ថភាព ការគិតវិភាគបែបស៊ីជម្រៅ។ ជាពិសេស តាមរយៈការអានអក្សរសិល្ប៍ខ្មែរ ក៏អាចឱ្យយល់ពីប្រវត្តិសាស្ត្រ វប្បធម៍ និងគុណតម្លៃរបស់ជាតិ។ ចំណែកឯ ការចូលរួមសរសេរ ឬការនិពន្ធវិញ គឺជាវិធីមួយដ៏សំខាន់នៅក្នុងការបញ្ចេញគំនិត បង្ហាញពីបទពិសោធន៍ ការយល់ដឹងរបស់យើងទៅកាន់សង្គម និងរួមគ្នាជួយជ្រោមជ្រែងសង្គម តាមរយៈអំណាននិងសំណេរនេះ៕
