ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមអនុវត្តច្បាប់ថ្មីមួយកាលពីថ្ងៃចន្ទ ដោយហាមឃាត់កុមាររាប់លាននាក់ដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឱ្យបង្កើត ឬកាន់កាប់គណនីបណ្ដាញសង្គម។ វិធានការនេះធ្វើឡើងស្របពេលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងពង្រឹងការការពារសុវត្ថិភាពតាមអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។
យោងតាមសារព័ត៌មាន NBC News បានរាយការណ៍ថា ច្បាប់ថ្មីនេះតម្រូវឱ្យវេទិកាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៨ លាននាក់ រួមមាន Facebook, Instagram, TikTok និង YouTube អនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុ និងរារាំងអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំពីការបង្កើតគណនីផ្ទាល់ខ្លួន។
គណៈកម្មការទំនាក់ទំនង និងពហុប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី (MCMC) បានឱ្យដឹងថា ការផ្ទៀងផ្ទាត់អាយុសម្រាប់អ្នកប្រើប្រាស់ដែលមានគណនីស្រាប់ នឹងត្រូវអនុវត្តជាបណ្ដើរៗក្នុងរយៈពេលប្រាំមួយខែខាងមុខ។
រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកប្រើប្រាស់ដែលត្រូវបានកំណត់ថាមានអាយុក្រោម ១៦ ឆ្នាំ នឹងមានពេលមួយខែដើម្បីទាញយក ឬផ្ទេរទិន្នន័យរបស់ខ្លួន រួមទាំងរូបថត និងវីដេអូ មុនពេលគណនីរបស់ពួកគេត្រូវរងការរឹតត្បិត ការផ្អាក ឬវិធានការផ្សេងៗទៀត។
ក្រុមហ៊ុនដែលមិនអនុវត្តតាមច្បាប់អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០ លានរីងហ្គីត (ប្រមាណ ២,៥ លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណា ឪពុកម្តាយនឹងមិនត្រូវទទួលការពិន័យឡើយ ប្រសិនបើកុមារអាចគេចផុតពីប្រព័ន្ធផ្ទៀងផ្ទាត់អាយុ។
រដ្ឋាភិបាលបានឱ្យដឹងថា វិធានការនេះមានគោលបំណងការពារកុមារពីខ្លឹមសារបង្កគ្រោះថ្នាក់ ការគំរាមកំហែង ឬការធ្វើបាបតាមអ៊ីនធឺណិត និងមុខងារនានាដែលត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់វេទិកាច្រើនហួសប្រមាណ។
អាជ្ញាធរបានបញ្ជាក់ថា ច្បាប់នេះមិនមានបំណងរារាំងកុមារពីការចូលប្រើបច្ចេកវិទ្យាឌីជីថលនោះទេ ប៉ុន្តែមានគោលបំណងពង្រឹងការការពារកុមារនៅក្នុងបរិយាកាសអនឡាញ និងផ្តល់ទំនុកចិត្តបន្ថែមដល់ឪពុកម្ដាយក្នុងការដោះស្រាយហានិភ័យឌីជីថលដែលកាន់តែស្មុគស្មាញ។
វេទិកាបណ្ដាញសង្គមក៏ត្រូវបានតម្រូវឱ្យពង្រឹងសុវត្ថិភាពអ្នកប្រើប្រាស់ ទប់ស្កាត់ការប្រើប្រាស់ហួសប្រមាណ និងចាត់វិធានការប្រឆាំងនឹងគណនីអនីតិជន និងខ្លឹមសារបង្កគ្រោះថ្នាក់ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅមិនទាន់បង្ហាញលម្អិតអំពីវិធីដែលពួកគេនឹងអនុវត្តតាមតម្រូវការថ្មីរបស់ម៉ាឡេស៊ីនៅឡើយទេ។
ជុំវិញវិធានការនេះ លោកស្រី Clara Koh នាយិកាគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានព្រមានកាលពីខែមេសាថា ការហាមឃាត់ទាំងស្រុងលើកុមារអាយុក្រោម ១៦ ឆ្នាំ អាចនាំឱ្យយុវវ័យបោះបង់វេទិកាដែលមានប្រព័ន្ធការពារ និងងាកទៅប្រើប្រាស់ផ្នែកផ្សេងៗនៃអ៊ីនធឺណិតដែលខ្វះការគ្រប់គ្រង។
លោកស្រីបានបញ្ជាក់ថា Meta បានដាក់ឱ្យប្រើប្រាស់ «គណនីក្មេងជំទង់» សម្រាប់អ្នកប្រើប្រាស់អាយុក្រោម ១៨ ឆ្នាំ ដែលមានការកំណត់លើការទាក់ទង ពេលវេលាប្រើប្រាស់អេក្រង់ និងការប៉ះពាល់នឹងខ្លឹមសារមិនសមរម្យ។
ការរឹតបន្តឹងរបស់ម៉ាឡេស៊ីធ្វើឡើងស្របពេលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការដោះស្រាយក្តីបារម្ភអំពីផលប៉ះពាល់ នៃបណ្ដាញសង្គមទៅលើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពតាមអ៊ីនធឺណិតរបស់កុមារ។
សូមជម្រាបថា ក្រៅតែពីប្រទេសម៉ាឡេស៊ី មានប្រទេសដទៃទៀត រួមមាន អូស្ត្រាលី ប្រេស៊ីល និងឥណ្ឌូនេស៊ី ក៏បានដាក់ចេញ ឬប្រកាសអំពីការរឹតបន្តឹង ឬតម្រូវការផ្អែកលើអាយុសម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ។ ប្រទេសនានា រួមមាន ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ ដាណឺម៉ាក និងកូរ៉េខាងត្បូង ក៏កំពុងសិក្សា ឬអភិវឌ្ឍវិធីសាស្រ្តស្រដៀងគ្នានេះផងដែរ៕