រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលគ្រប់គ្រងដោយខ្លួនឯង (Self-Regulated Learner) នៅក្នុងបរិបទពិភពលោកទំនើបនេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលគ្រប់គ្រងដោយខ្លួនឯង (Self-Regulated Learner) នៅក្នុងបរិបទពិភពលោកទំនើបនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មី សាលារៀន AUPP Liger Leadership Academy នាព្រឹកថ្ងៃចន្ទ (២៣ មីនា) ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបណ្តុះបណ្តាលសិស្សឱ្យក្លាយជា អ្នកសិក្សាដោយខ្លួនឯង (Self-Regulated Learner) គឺសិស្សមានវិន័យ មានការប្តេជ្ញាចិត្ត និងគោលដៅ ដើម្បីអនុវត្តវិធីសាស្រ្តបង្រៀនផ្សេងៗ និងជំនាញមូលដ្ឋានគ្រឹះ ដូចជា អក្សរសាស្រ្ត គណិតវិទ្យា វិទ្យាសាស្រ្ត ហើយបន្ទាប់មកអនុវត្ត ដើម្បីស្វែងរកដំណោះស្រាយ។
«ខ្ញុំគិតថា នេះមានសារៈសំខាន់ចំពោះពិភពលោកទំនើប»
រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ការផ្លាស់ប្តូរនៅក្នុងលំដាប់សកល (Global Order) រួមទាំងការផ្លាស់ប្តូរសេដ្ឋកិច្ច នយោបាយ និងបច្ចេកវិទ្យា ក៏ដូចជា AI តម្រូវឱ្យមានការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយឈ្លាសវៃ និងប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ការប្រើប្រាស់ វិធីសាស្រ្តសាកសួរ (Inquiry Approach) និងវិធីសាស្រ្តដោះស្រាយបញ្ហា (Problem-Solving Approach) គឺដើម្បីលើកកម្ពស់ចំណេះដឹង (Knowledge) ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សដើម្បីបង្កើតថ្មី។
លោកស្រី Janet Tartaglia នាយិកាសាលា AUPP Liger Leadership Academy បានឱ្យដឹងថា កម្មវិធីសិក្សារបស់សាលា ផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញបំណិនជីវិតសំខាន់ៗ។ លោកស្រីបន្ថែមថា សាលាក៏ផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព៕
