រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ វឌ្ឍនភាពនៃកំណែទម្រង់អប់រំ បានផ្លាស់ប្ដូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា ដោយផ្ដោតលើ «គុណភាព គណនេយ្យភាព និងនវានុវត្តន៍»។
ក្នុងឱកាសផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជា បានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ជាមួយវឌ្ឍនភាពជាច្រើន ក្នុងនោះភាពលេចធ្លោបំផុត គឺការរឹតបន្តឹងវិធានការប្រឡងមធ្យមទុតិយភូមិ (បាក់ឌុប) ចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្ស «អ្នកចេះគឺជាប់»។
”ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ ហើយត្រូវចាំថា មិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំទេ ចាំបាច់ត្រូវតែមានអ្វីថ្មីឆ្លើយតបនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកល”
បើតាម ឯកឧត្តមរដ្ឋមន្រ្តី កំណែទម្រង់អប់រំ រយៈពេល១០ឆ្នាំមកនេះ ត្រូវបានបែងចែកជា ៤ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១ នៅ២០១៣ ដោយផ្ដោតលើ កំណែទម្រង់ថ្នាក់ជាតិ ៨ចំណុច រួមមាន ការពង្រឹងសេវាអប់រំ បុគ្គលិក ការប្រឡង ឧត្តមសិក្សា ជំនាញបច្ចេកទេស/ជំនាញទន់ ហិរញ្ញវត្ថុសាធារណៈ អប់រំកាយ/កីឡា និងការបង្កើតធនាគារខួរក្បាលវិស័យអប់រំ។ ដំណាក់កាលទី២ (២០១៥-២០១៨) ផ្ដោតលើ សសរស្ដម្ភទាំង៥ គឺ គោលនយោបាយគ្រូបង្រៀន អធិការកិច្ច រង្វាយតម្លៃការសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា និងកំណែទម្រង់ឧត្តមសិក្សា។
នៅដំណាក់កាលទី៣ ពីឆ្នាំ២០១៩-២០២២ ផ្ដោតលើ កម្រិតសាលារៀន និងថ្នាក់រៀន តាមរយៈការគ្រប់គ្រងតាមសាលារៀន (សមាសភាពទាំង៤៖ រដ្ឋបាល ការបង្រៀន/រៀន ហិរញ្ញវត្ថុ និងធនធានមនុស្ស) ព្រមទាំងជំរុញកម្មវិធីសាលាជំនាន់ថ្មី កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។ ហើយដំណាក់កាលទី៤ (បច្ចុប្បន្ន) ផ្ដោតលើ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយអនុវត្តអភិក្រមគ្រប់គ្រងផ្ដោតលើលទ្ធផល តាមលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ។
រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមទៀតថា ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងពីការថែទាំកុមារតូចក្នុង ១០០០ថ្ងៃដំបូងនៃកំណើត និងការផ្ដល់អាហារតាមសាលារៀន, ការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យដល់មធ្យមសិក្សា តាមរយៈការអនុវត្ត «ស្តង់ដារសាលារៀនគំរូ» ដោយមានការចូលរួមពីសហគមន៍ មាតាបិតា និងការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំ ព្រមទាំងការបង្កើនបៀវត្សរ៍ និងការលើកទឹកចិត្តនានា។
ទន្ទឹមនឹងនេះ ក្រសួងអប់រំក៏បានធ្វើទំនើបកម្មកម្មវិធីសិក្សាដោយផ្ដោតលើមុខវិជ្ជា STEM និងការអប់រំឌីជីថល (ថ្នាក់រៀនឆ្លាតវៃ និងការរៀនអនឡាញ) ដើម្បីឆ្លើយតបនឹងយុគសម័យសតវត្សរ៍ទី២១ ព្រមទាំងបានចូលរួមក្នុងការវាយតម្លៃកម្រិតអន្តរជាតិដូចជា PISA និង SEA-PLM ដើម្បីវាស់វែងសមត្ថភាពសិស្ស និងយកទិន្នន័យមកកែលំអគោលនយោបាយ។ ដោយឡែក ផ្នែកឧត្តមសិក្សា ក៏បានលើកកម្ពស់គុណភាពសាកលវិទ្យាល័យ តាមរយៈគម្រោងកែលំអការអប់រំឧត្តមសិក្សា (HEIP) ការធ្វើទំនើបកម្មកម្មវិធីសិក្សា គាំទ្រការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការកែលំអហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
កំណែទម្រង់អប់រំដែលក្រសួងកំពុងអនុវត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕