បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំមត្តេយ្យសិក្សាមិនមែនត្រឹមតែរៀនអក្សរប៉ុណ្ណោះទេ គឺបណ្តុះនូវបំណិនជីវិតតាមរយៈការលេង

រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំមត្តេយ្យសិក្សាមិនមែនត្រឹមតែរៀនអក្សរប៉ុណ្ណោះទេ គឺបណ្តុះនូវបំណិនជីវិតតាមរយៈការលេង

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា ការអប់រំកម្រិតមត្តេយ្យសិក្សា មិនមែនត្រឹមតែជាការរៀនអក្សរប៉ុណ្ណោះទេ ថែមទាំងជាការបណ្តុះនូវឯករាជ្យភាព ការគ្រប់គ្រងអារម្មណ៍ និងបំណិនដោះស្រាយបញ្ហាតាមរយៈការលេងដល់កុមារ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។

Advertisement

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សានុសិស្ស នៃសាលាអន្តរជាតិមួយកាលពីថ្ងៃអង្គារ (៣០ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺត្រូវចាប់ផ្តើមពីដំណាក់កាលដំបូង ពោលគឺការថែទាំក្មេងតាំងពីក្នុងរយៈពេល ១០០០ថ្ងៃដំបូង ដែលជាពេលវេលាខួរក្បាលកុមារលូតលាស់រហូតដល់ ៩០% ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអាហារូបត្ថម្ភល្អ។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ជំរុញឱ្យមានការបន្តបណ្តុះបំណិនសតវត្សទី២១ ដល់សិស្សានុសិស្ស ដូចជា សមត្ថភាពដោះស្រាយបញ្ហា ការគិតបែបស៊ីជម្រៅ និងភាពជាអ្នកដឹកនាំជាដើម តាមរយៈវិធីសាស្ត្របង្រៀនដែលជួយឱ្យសិស្សានុសិស្សមានការចង់ដឹងចង់ឃើញ និងពង្រឹងស្មារតីចេះរៀនដោយខ្លួនឯង ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឆ្លៀត​ក្នុង​ឱកាសនោះដែរ រដ្ឋមន្រ្តីអប់រំ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងរស់នៅប្រកបដោយវិន័យ សីលធម៌ និងចរិយាធម៌ល្អ ដើម្បីបណ្តុះសមត្ថភាពឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយដ៏ខ្លាំងពូកែ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

គួរជំរាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញវិធានការ ដើម្បីលើកកម្ពស់គុណភាពអប់រំដោយផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ ទី១ ការពង្រឹងអភិបាលកិច្ចសាលា, ទី២ ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, ទី៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា