ឯកសារណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន ត្រូវបានក្រសួងអប់រំធ្វើការផ្សព្វផ្សាយនៅសប្តាហ៍នេះ ដើម្បីជួយបង្កើនសមត្ថភាពឌីជីថល និងជួយគ្រូបង្រៀនអាចទាញប្រយោជន៍ពីបច្ចេកវិទ្យា AI ក្នុងការប្រើប្រាស់ជាជំនួយក្នុងការបង្រៀន និងរៀន។
ឯកសារណែនាំនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន មានខ្លឹមសារសំខាន់ៗដូចជា ៖ មូលដ្ឋានគ្រឹះនៃ AI ដែលគ្រូបង្រៀនអាចស្វែងយល់ពីនិយមន័យ ការវិវត្ត និងរបៀបចុះឈ្មោះប្រើប្រាស់ឧបករណ៍ AI ល្បីៗ។ បច្ចេកទេសសរសេរ Prompt (Prompt Engineering) ដែលណែនាំអំពីរបៀបទំនាក់ទំនងជាមួយ AI ដើម្បីទទួលបានលទ្ធផលច្បាស់លាស់។ ការអនុវត្តជាក់ស្តែងក្នុងវិជ្ជាជីវៈ ដោយមាន គំរូពាក្យបញ្ជាសម្រាប់ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន បង្កើតសំណួរតេស្ត (PISA, SEA-PLM) រចនាស្លាយបទបង្ហាញ និងការវិភាគទិន្នន័យសិស្ស។
ជាមួយគ្នាឯកសារនោះ ក៏មានប្រាប់ពីក្រមសីលធម៌ និងសុវត្ថិភាព នៃការប្រើប្រាស់ AI ដោយផ្ដោតលើការការពារឯកជនភាព ការជៀសវាងការចម្លងស្នាដៃ (Plagiarism) និងការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមិនពិតជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) មិនមែនជាបញ្ហាប្រឈមទៀតឡើយ ប៉ុន្តែវាគឺជា “ជំនួយការឆ្លាតវៃ” ដែលមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសម័យថ្មី។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវឯកសារជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ គ្រូបង្រៀន គឺដើម្បីជួយឱ្យការអប់រំនៅកម្ពុជាដើរទាន់និន្នាការសកល និងជំរុញការអប់រំ STEM ឱ្យកាន់តែប្រសើរឡើង។
តាមឯកឧត្តមរដ្ឋមន្រ្តី អ្វីដែលលោកគ្រូអ្នកគ្រូទទួលបានពីឯកសារនេះ គឺ បច្ចេកទេសប្រើប្រាស់ AI ដោយពួកគាត់នឹងចេះប្រើ Google Gemini និង NotebookLM សម្រាប់ការងារប្រចាំថ្ងៃ, រៀនពីរបៀបបញ្ជា AI ឱ្យជួយរៀបចំកិច្ចតែងការបង្រៀន, បង្កើតវិញ្ញាសាប្រឡង, និងបង្កើតវីដេអូអប់រំខ្លីៗ ជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា AI មិនមែនមកជំនួសតួនាទីគ្រូបង្រៀនឡើយ ប៉ុន្តែគ្រូដែលចេះប្រើ AI នឹងក្លាយជាគ្រូដែលដឹកនាំការផ្លាស់ប្តូរ៕