តាមរយៈឯកសារទស្សនវិស័យមុខរបរ និងការងារ ដែលចេញផ្សាយនៅថ្ងៃនេះ (២៣ មីនា) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ ទីផ្សារការងារនៅប្រទេសកម្ពុជា នឹងមានការវិវត្តយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកការប្រើប្រាស់ពលកម្មជំនាញ និងបច្ចេកទេស ដើម្បីជំរុញផលិតភាពជាតិ។
បើតាមក្រសួង ក្រុមកម្មករជំនាញ និងការីម៉ាស៊ីន នឹងមានតម្រូវការខ្ពស់ជាងគេរហូតដល់ជិត៣សែននាក់ ដែលភាគច្រើនមកពីវិស័យកាត់ដេរ ស្បែកជើង និងកាបូប (GFT)។ ដោយឡែកសម្រាប់ក្រុមអ្នកគ្រប់គ្រង វិស្វករ និងអ្នកបច្ចេកទេស ត្រូវការកម្លាំងពលកម្មប្រមាណជិត ៣ម៉ឺននាក់ តែទាមទារឱ្យមានគុណវុឌ្ឍិខ្ពស់ ចាប់ពីកម្រិតបច្ចេកទេសជាន់ខ្ពស់ឡើងទៅ។
ការវិវត្តរបស់ទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មដែលគ្មានជំនាញ និងជំនាញតាមបែបប្រពៃណី មកជាពលកម្មជំនាញ និងបច្ចេកទេស ក៏ព្រោះតែការផ្លាស់ប្តូររចនាសម្ព័ន្ធការងារកំពុងកើតឡើងយ៉ាងឆាប់រហ័សឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង បច្ចេកវិទ្យាឌីជីថល និងទិន្នន័យ។ ទិន្នាការនេះ តម្រូវឱ្យមានការរៀបចំក្របខណ្ឌគុណវុឌ្ឍិ និងជណ្តើរអាជីពឱ្យបានច្បាស់លាស់ ដើម្បីតម្រង់ទិសយុវជនឱ្យចាប់យកជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។
ជាមួយគ្នានេះ ផ្អែកទៅលើការព្យាករ និងវិភាគទៅលើតម្រូវការការងារ ដែលមានក្នុងអនុវិស័យទាំង១៤ ក្រសួងបានបង្ហាញពីជំនាញកម្រិតខ្ពស់ (គុណវុឌ្ឍិ ៖ បរិញ្ញាបត្រ ឬបរិញ្ញាបត្រជានខ្ពស់) ដែលកំពុងមានតម្រូវការខ្ពស់ ព្រមទាំងផ្តល់នូវស្ថិរភាពការងារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ដូចជា ជំនាញសេដ្ឋកិច្ច, វិស្វកម្មរថយន្ត នាវា និងយន្តហោះ, ការរចនា និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងបណ្តាញ, បច្ចេកវិទ្យាការពារបរិស្ថាន, ការបណ្តុះបណ្តាលគ្រូបង្រៀនដែលមានឯកទេសមុខវិជ្ជា, ការអភិវឌ្ឍ និងការវិភាគកម្មវិធីកុំព្យូទ័រ, វេជ្ជសាស្រ្ត, អេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម, ការធានាគុណភាព, ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង, វិទ្យាសាស្រ្តទិន្នន័យ និងកម្មវិធី Gen AI, ការស្រាវជ្រាវទីផ្សារ, មេកានិច និងមុខរបរលោហៈ, អគ្គិសនី និងថាមពល, សុខភាព និងសុវត្ថិភាពការងារ, ការគ្រប់គ្រង និងរដ្ឋបាល។
ស្របគ្នានេះ ជំនាញកម្រិតទាប (គុណវុឌ្ឍិ ៖ មធ្យមសិក្សា ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ឬសញ្ញាបត្របច្ចេកទេស) ដែលមានតម្រូវការខ្ពស់ ក៏ក្រសួងបានបង្ហាញដែរ ដូចជា ការងារលេខាធិការដ្ឋាន និងការងារការិយាល័យ, សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន, ទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម, ផលិតកម្មដំណាំ និងសត្វចិញ្ចឹម, វាយនភ័ណ្ឌ (សម្លៀកបំពាក់ ស្បែកជើង និងស្បែក), ការផលិត និងការកែច្នៃ, បណ្ណារក្សវិទ្យា ព័ត៌មាន និងការសិក្សាបណ្ណសារដ្ឋាន, ការបណ្តុះបណ្តាលសេវាអតិថិជនការធ្វើដំណើរ ទេសចរណ៍ និងការកម្សាន្ត ជាដើម។
ជំនាញដែលរៀបរាប់ខាងលើនេះ ត្រូវគេប្រើប្រាស់នៅក្នុងអនុវិស័យដូចជា វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង, ផលិតអាហារ និងភេសជ្ជៈ, សំណង់, ដឹកជញ្ចូន និងស្តុកទំនិញ, ស្នាក់នៅ និងភោជនីយដ្ឋាន, អប់រំ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាសុខាភិបាល, ផលិតកៅស៊ូ និងប្លាស្ទិក, ផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី, បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា, ផលិតផលឈើ ក្រដាស និងបោះពុម្ព, កម្មន្តសាលផលិត និងដំឡើងយានយន្ត ព្រមទាំង កម្មន្តសាលផ្សេងៗ។
យោងតាមទិន្នន័យរបស់ក្រសួងការងារដដែល នៅក្នុងឆ្នាំ២០២៥ សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានបើកដំណើរការនៅកម្ពុជាមានសរុបចំនួន ៤៦ ៦៤៩ កើនឡើង ១៨៥១សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះវិស័យកាត់ដេរ កើនឡើង ៣០១សហគ្រាស និងក្រៅពីវិស័យកាត់ដេរ កើន ១៥៥០សហគ្រាស ដែលភាគច្រើនក្នុងវិស័យផលិត ណិងដំឡើងយានយន្ត៕