បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ណាល័យចល័តនៅច្រាំងទន្លេ ខេត្តកំពង់ចាម ត្រូវផ្អាកដោយសារខ្វះសៀវភៅ និងការធ្លាក់ចុះចំនួនអ្នកអាន

បណ្ណាល័យចល័តនៅច្រាំងទន្លេ ខេត្តកំពង់ចាម ត្រូវផ្អាកដោយសារខ្វះសៀវភៅ និងការធ្លាក់ចុះចំនួនអ្នកអាន

អត្រាអ្នកអានសៀវភៅធ្លាក់ចុះ កង្វះកត្តាធនធានថវិកា ដោយសារឥទ្ធិពល នៃការឡើងថ្លៃប្រេងឥន្ធនៈ រួមទាំងកត្តាកង្វះសៀវភៅ ធ្វើឱ្យក្រុមយុវជន «តស់អាន» ផ្អាកការតាំងសៀវភៅសម្រាប់ឱ្យសាធារណជនអាននៅសួនច្បារប៉្របដងទន្លេខេត្តកំពង់ចាមមួយរយៈ។

Advertisement

លោក ថេង ធី ជាសហស្ថាបនិក ក្រុម «តស់អាន» បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្នមានអត្រាធ្លាក់ចុះចំនួនអ្នកអាន ពី៤០នាក់ មកត្រឹមតែក្រោម១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ “ការធា្លក់ចុះនេះ ខ្ញុំគិតថាមកពី សៀវភៅខាងខ្ញុំ វាចាស់ៗ វាអត់មានសៀវភៅថ្មីៗដែលមានការឧបត្ថម្ភពីខាងណាមួយឡើយ ដូច្នេះវាជាចំណុចមួយដែលពួកគាត់មកអានអត់មានសៀវភៅថ្មី អត់មានការទាក់ទាញ និងចង់អានទៀតដែរ”។

ក្រុមយុវជន «តស់អាន» ដែលមានសមាជិកចំនួន៤នាក់ បានផ្តួចផ្តើមបង្កើតកន្លែងអានសៀវភៅនៅសួនច្បារតាមដងទន្លេមេគង្គ ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០២៣ មកម្ល៉េះ។ ពោលគឺមានរយៈពេលជាង ២ឆ្នាំមកហើយ។

ក្រុមរបស់លោកបានបើកឱ្យសាធារណៈជនអានដោយឥតគិតថ្លៃនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងអាទិត្យ ដោយមានសៀវភៅជាង ៥០០ចំណងជើង រួមមានរឿងនិទាន ប្រលោមលោក ប្រវត្តិសាស្ត្រ និង អប់រំចិត្ត។ អ្នកអានក៏អាចខ្ចីសៀវភៅយកនៅផ្ទះ ផងដែរ ដោយមិនកំណត់ពេលវេលាឡើយ។

លោក ថេង ធី សហស្ថាបនិកក្រុមនេះ និយាយថា រយៈពេលជាង២ឆ្នាំមកនេះ បណ្ណាល័យចល័តរបស់លោក បានរួមចំណែកជំរុញឱ្យកុមារ និងយុវជនជាច្រើនមានទម្លាប់អានសៀវភៅ។

”ទោះបីពួកគាត់អត់មានលុយទិញសៀវភៅ មានសៀវភៅជាច្រើនដែលពួកគាត់អាចជ្រើសរើសខ្ចីយកទៅអាននៅផ្ទះ”

បើទោះជាមានការខកចិត្តដោយការធ្លាក់ចុះ នៃការអានរបស់សាធារណៈជន និងដោយសារបរិបទ នៃតម្លៃថាមពលឡើងថ្លៃខ្លាំងដែលធ្វើឱ្យប៉ះពាល់ដល់ការងារស្ម័គ្រចិត្ត នៃក្រុមយុវជន «តោះអាន» របស់លោក សហស្ថាបនិកក្រុមនេះ នៅតែរក្សាការតាំងចិត្តថា លោកនឹងវិលមកបន្តបេសកកម្មជំរុញការអាននេះឡើងវិញនៅពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានផ្តល់យោបល់ថា កន្លែងអានសៀវភៅមួយដើម្បីទាក់ទាញអ្នកអានឱ្យបានច្រើន គឺត្រូវតែមានសៀវភៅគ្រប់គ្រាន់ដែលឆ្លើយតបតម្រូវការអ្នកអាន និងត្រូវមានសកម្មភាពកម្សាន្តដែលជំរុញការអានសៀវភៅដល់កុមារ។

លោក ហុក សុទ្ធិ បន្តថា ទម្លាប់នៃការអានសៀវភៅដែលកើតចេញពីក្រុមគ្រួសារ គឺជាគំរូផ្តល់អត្ថប្រយោជន៍ដល់កុមារ និងសមាជិកគ្រួសារ ឱ្យមានទម្លាប់អានសៀវភៅផងដែរ។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ថា វប្បធម៌នៃការអានសៀវភៅ គឺមានសកម្មភាពតែនៅក្នុងសាលារៀន តែមិនទាន់មានទន្និនាការនៃការអានសម្រាប់មនុស្សគ្រប់វ័យនៅឡើយ។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការៀបចំសកម្មភាពរជំរុញការអានរបស់ក្រុមយុវជន និងក្រុមនិស្សិត គឺជាសកម្មភាពគំរូមួយដែលរួមចំណែកដល់ការអភិវឌ្ឍការអានសៀវភៅនៅក្នុងសង្គម៕

អត្ថបទ ៖ សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា