គិតត្រឹមសប្តាហ៍ទី១ នៃខែកុម្ភៈ នេះ មានសិស្សសរុបចំនួន ៣០៩១នាក់ មិនទាន់បានទៅសាលារបស់ពួកគេវិញនៅឡើយទេ ដោយកំពុងតែរៀននៅសាលារៀនបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចំនួន២៧ ក្នុងខេត្តចំនួន៥ ជាប់ព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមរបាយការណ៍ពីផលប៉ះពាល់លើវិស័យអប់រំ ពីការឈ្លានពានរបស់កងទ័ពថៃ ដែលត្រូវលើកបង្ហាញដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា។
របាយការណ៍ក៏បានបង្ហាញដែរថា ក្រៅពីសិស្សសរុបជាង៣ពាន់នាក់កំពុងសិក្សានៅក្នុងជំរំសុវត្ថិភាព គិតត្រឹមសប្តាហ៍ទី១ នៃខែកុម្ភៈ នេះដែរ សិស្សភៀសសឹកសរុបចំនួន ៧៩២០នាក់ កំពុងបន្តរៀននៅសាលារៀនចំនួន ២៧៤៨សាលា ស្ថិតនៅទូទាំង២០រាជធានីខេត្ត។
សង្រ្គាមរយៈពេល២១ថ្ងៃ ដោយការឈ្លានពានរបស់កងទ័ពថៃលើកទី២ បានបណ្តាលឱ្យសាលារៀនសរុបចំនួន ១៣១១សាលា នៅខេត្តចំនួន៧ ត្រូវបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់សិស្សសរុបចំនួន ៣០២ ១០៣នាក់ និងគ្រូបង្រៀន ១៥ ០៣៤នាក់។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ការឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យសាលារៀនចំនួន ២៧ទីតាំង ប៉ះពាល់លើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ។ ក្នុងនោះខេត្តឧត្តរមានជ័យ មានចំនួន ១៣ទីតាំង, ខេត្តព្រះវិហារ ចំនួន ៧ទីតាំង, ខេត្តបន្ទាយមានជ័យ ចំនួន ៥ទីតាំង, ខេត្តបាត់ដំបង ១ទីតាំង និងខេត្តពោធិ៍សាត់ ១ទីតាំង។ ការខូចខាតនេះ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃសរុបចំនួន ៦,២លានដុល្លារ។
យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំបានដាក់ចេញនូវវិធានការដូចជា បង្កើត មូលនិធិសប្បុរសធម៌ អ.យ.ក. ដើម្បីកៀរគរជំនួយជាថវិកា សម្ភារសិក្សា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និងថ្នាំពេទ្យជាដើម ពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់។
ដោយឡែកវិធានការគាំទ្រចំពោះដំណើរការរៀន និងបង្រៀនវិញ ក្រសួងអប់រំ បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ជាច្រើន ដូចជា សម្របសម្រួលការចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ន, សាងសង់ បន្ទប់រៀនពហុបំណងបណ្តោះអាសន្ន ដែលមានតម្លៃទាប និងងាយស្រួលដំឡើង, ការផ្តល់កញ្ចប់ជំនួយជាសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងឧបករណ៍ឌីជីថល ដល់លោកគ្រូ អ្នកគ្រូ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង ហើយទន្ទឹមនឹងនេះ យន្តការសិក្សាពីចម្ងាយ ក៏ត្រូវបានលើកកម្ពស់ផងដែរ។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងសកម្មក៏ដោយ លោកជំទាវ គឹម សេដ្ឋានី លើកឡើងថា ការអនុវត្តជាក់ស្តែងនៅតែប្រឈមនឹងឧបសគ្គគន្លឹះមួយចំនួន ដែលមិនទាន់មានការវាយតម្លៃច្បាស់លាស់។ បញ្ហាចម្បងនោះ គឺ “គន្លាតនៃការទទួលបានសេវាអប់រំ និងប្រសិទ្ធភាព នៃការរៀនសូត្រ” ក្នុងស្ថានភាពភៀសសឹក ដែលសិស្សានុសិស្សភាគច្រើនជួបការលំបាក ក្នុងការប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថល ដោយសារកង្វះខាតបណ្តាញអគ្គិសនី និងសេវាអ៊ីនធឺណិតនៅតាមជំរំភៀសសឹក។
បន្ថែមលើនេះ ផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្តពីសង្រ្គាម និងការបាត់បង់បរិយាកាសសិក្សាពេញលេញ ក្លាយជាហានិភ័យខ្ពស់ ដែលបង្ករឱ្យមានការបោះបង់ការសិក្សា និងការធ្លាក់ចុះនូវគុណភាពចំណេះដឹងរបស់កុមារ និងយុវជនកម្ពុជាក្នុងតំបន់រងគ្រោះ៕
























