ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួនបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ ប៉ុន្តែយ៉ាងណាមិញ ក៏នៅមានយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសនោះផងដែរ។
ការមិនសូវចាប់អារម្មណ៍របស់យុវជនមួយចំនួននេះ ត្រូវបានលើកឡើងថា ដោយសារពួកគេគិតថា ការទៅវត្តគឺជាកាតព្វកិច្ចរបស់មនុស្សចាស់ ខណៈពួកគេចូលចិត្តចូលរួមសកម្មភាពកម្សាន្តផ្សេងៗក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ នៃក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យយុវជនងាកមកចូលរួមទៅវត្ត ដើម្បីសន្សំផលកុសល និងក្លាយជាគំរូល្អដល់យុវជនជំនាន់ក្រោយ។
ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងលើកទឹកចិត្តឱ្យយុវជនទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឱ្យបានច្រើន ដើម្បីឱ្យពួកគេស្វែងយល់អំពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា។
នៅពេលយុវជនចេះទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ស្តាប់ព្រះធម៌ នឹងធ្វើឱ្យពួកគេមានចិត្តជ្រះថ្លា មានអត្តចរិតល្អ និងចេះគោរពឪពុកម្តាយ។ យុវជនគឺជាកម្លាំងសំខាន់ក្នុងការស្នងអនាគតប្រទេសជាតិ ហើយក៏ជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ
ជាមួយគ្នានេះ ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ មានសង្ឃដីកាប្រាប់ AMS ថា យុវជនមួយចំនួនធំបានយល់ដឹង និងអនុវត្តបានល្អក្នុងការទៅវត្ត ប៉ុន្តែយុវជនខ្លះមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយពួកគេចូលចិត្តជិះម៉ូតូដើរលេងតាមរមណីយដ្ឋាន លេងជះទឹក ឬលេងបាតម្សៅជាដើម។
ព្រះសង្ឃាភិរ័តមានសង្ឃដីកាថា «យុវជនខ្លះអនុវត្តការទៅវត្តបានល្អ ប៉ុន្តែយុវជនខ្លះទៀតចូលចិត្តជិះម៉ូតូដើរលេង រាំលេងសប្បាយ និងលេងបាតម្សៅជាមួយមិត្តភក្តិ»។
ព្រះសង្ឃាភិរ័តមានសង្ឃដីកាបន្ថែមថា កត្តានេះអាចបណ្តាលមកពីយុវជនមួយចំនួននៅមានកម្រិតការយល់ដឹងអំពីអត្ថន័យ និងខ្លឹមសារពិតប្រាកដនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះ ព្រះអង្គសំណូមពរឱ្យយុវជនងាកមកចាប់អារម្មណ៍ទៅវត្ត ដើម្បីសន្សំផលបុណ្យកុសល និងរក្សាប្រពៃណីជាតិ។
ទោះជាយ៉ាងណាក៏ដោយ យុវជន សៅ សុជាតា អាយុ ១៨ ឆ្នាំ បានលើកឡើងថា យុវជនភាគច្រើននៅតែគោរព និងអនុវត្តបានល្អក្នុងការទៅវត្ត ដោយពួកគេស្លៀកពាក់សមរម្យ និងចូលរួមសកម្មភាពប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះ មិនមែនយុវជនទាំងអស់មិនចាប់អារម្មណ៍ទៅវត្តនោះទេ។
សូមជម្រាបថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាទៅវត្តអារាម ដើម្បីយកចង្ហាន់ នំចំណី និងផ្លែឈើ ទៅប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំក្នុងមានដូចជា ពូនភ្នំខ្សាច់ និមន្តព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ និងមានកម្មវិធីស្រង់ព្រះ និងស្រង់ព្រះពុទ្ធរូប តាមទំនៀមរបស់ប្រជាជនក្នុងតំបន់៕