បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារកម្ពុជាម្នាក់ ក្នុងចំណោម១០នាក់ រងគ្រោះដោយប្រព័ន្ធអ៊ីនធើណិត

កុមារកម្ពុជាម្នាក់ ក្នុងចំណោម១០នាក់ រងគ្រោះដោយប្រព័ន្ធអ៊ីនធើណិត

មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ UNICEF ឱ្យដឹងថា កុមារកម្ពុជាម្នាក់ក្នុងចំណោម១០នាក់ បានរងគ្រោះដោយសារការបំពានតាមប្រព័ន្ធអ៊ីនធើណិត។

Advertisement

លោកស្រី អ៊ឹង កល្យាណ មន្ត្រីការពារកុមាររបស់អង្គការយូនីសេហ្វ បាននិយាយក្នុងការផ្សាយរបស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ថា កុមារកម្ពុជាម្នាក់ក្នុងចំណោម១០នាក់ដែលមានអាយុពី១២ ដល់ ១៧ ឆ្នាំ បានរងគ្រោះដោយប្រព័ន្ធអ៊ីនធឺណិត តាមរយៈការលួងលោម ការបង្ខូចកេរ្តិ៍ឈ្មោះផ្លូវភេទ និងការរំលោភបំពានតាមរូបភាព។

លោកស្រី បញ្ជាក់ថា ករណីជាច្រើនមិនត្រូវបានរាយការណ៍ ដោយសារ ការរើសអើង ការយល់ដឹងមានកម្រិត ហើយប្រព័ន្ធរាយការណ៍មិនទាន់គ្រប់គ្រាន់។

ការលើកឡើងរបស់មន្ត្រីផ្លូវការរបស់អង្គការយូនីសេហ្វ ធ្វើឡើងក្នុង «កម្មវិធីសុវត្ថិភាពរបស់យើង» ដែលជាផ្នែកមួយ នៃយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី Christine Arab នាយិកានារីអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ការរំលោភបំពានតាមអ៊ីនធឺណិតបានផ្តល់ផលប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះ។

មន្ត្រីការពារកុមាររបស់អង្គការយូនីសេហ្វ បានលើកឡើងថា អក្ខរកម្មឌីជីថល កំណែទម្រង់ច្បាប់ និងយន្តការរាយការណ៍កាន់តែរឹងមាំ មានសារៈសំខាន់សម្រាប់យេនឌ័រក្នុងប្រព័ន្ធបច្ចេកវិទ្យា។

លោក ចាន់ ភក្ខី អនុប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ការទប់ស្កាត់គ្រោះថ្នាក់តាមអ៊ីនធឺណិតគឺជាបញ្ហាប្រឈមដែលតម្រូវឱ្យមានការចូលរួមពីគ្រប់កម្រិតនៃសង្គម។

ថ្នាក់ដឹកនាំវិស័យឯកជនមកពីក្រុមហ៊ុន Meta ដែលគេស្គាល់ថា ជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមដូចជា ហ្វេសប៊ុក WhatsApp, Instagram និង Telegram ជាដើម, ក្រុមហ៊ុន Smart Axiata និងស្ថាប័នអប់រំឌីជីថល រួមទាំងអ្នកឯកទេសបានចូលរួមការពិភាក្សាដើម្បីឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់សាជីវកម្ម ការរចនាវេទិកា អក្ខរកម្មឌីជីថល និងហានិភ័យដែលកំពុងកើតឡើងទាក់ទងនឹងបញ្ញាសិប្បនិម្មិត។

បញ្ញាសិប្បនិម្មិត (AI) ក៏កំពុងបង្កើនគ្រោះថ្នាក់ ការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រតាមអ៊ីនធឺណិតផងដែរ។

យោងតាម អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) ស្ត្រី និងក្មេងស្រីនៅទូទាំងពិភពលោកចន្លោះពី ១៦ ទៅ ៥៨ ភាគរយបានជួបប្រទះអំពើហិង្សាតាមអ៊ីនធឺណិត។ ហើយ បច្ចេកវិទ្យាឌីជីថល កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងបង្កគ្រោះថ្នាក់ដល់ស្ត្រី និងក្មេងស្រី៕

ដោយ ៖ សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា