ជាឱកាសសម្រាប់យុវជនកម្ពុជាក្នុងការផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ (The 5th ROK-Mekong Youth Group Workshop) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ (រយៈពេល ៥ថ្ងៃ) នៅក្នុងទីក្រុងប៊ូសាន និងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលថ្នាក់ដឹកនាំជំនាន់ក្រោយមកពីសាធារណរដ្ឋកូរ៉េ និងតំបន់មេគង្គ ដែលរួមមានទាំងកម្ពុជា តាមរយៈការធ្វើគម្រោងគោលនយោបាយរួមគ្នា ផ្តោតលើវិស័យវប្បធម៌ និងទេសចរណ៍។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ជានិស្សិតសាកលវិទ្យាល័យ (ទាំងកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ) មកពីប្រទេសកូរ៉េ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលមានចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងតំបន់, ជាបុគ្គលដែលមានការប្តេជ្ញាចិត្តខ្ពស់ មានសមត្ថភាពប្រាស្រ័យទាក់ទងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងមានបំណងប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ។ អាចចូលរួមវគ្គតម្រង់ទិស (Pre-orientation) និងកម្មវិធីពេញលេញរយៈពេល ៥ថ្ងៃ នៅប្រទេសកូរ៉េ។
ចំណុចអាទិភាព៖ ផ្តល់អាទិភាពសម្រាប់អ្នកដែលសកម្មលើបណ្តាញសង្គម និងមានជំនាញក្នុងការផលិតមាតិកាឌីជីថល (Digital content creation skills)។
អត្ថប្រយោជន៍ទទួលបាន
១. ទទួលបានការធានារ៉ាប់រងលើសំបុត្រយន្តហោះ, កន្លែងស្នាក់នៅ, អាហារ និងការធ្វើដំណើរក្នុងស្រុកអំឡុងពេលកម្មវិធី។
២. វិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ សម្រាប់អ្នកចូលរួមទាំងអស់។
៣. ពានរង្វាន់ពីមានរដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ក្រុមដែលឆ្នើមជាងគេ។
៤. ទទួលបានកាដូអនុស្សាវរីយ៍ផ្លូវការ និងឯកសណ្ឋានក្រុម។
ការទទួលពាក្យធ្វើឡើងចាប់ពីថ្ងៃទី១២ រហូតដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
របៀបដាក់ពាក្យ ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈអនឡាញ ដោយបំពេញ [ Google Form ] ។ សម្គាល់ ៖ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវនានា (ឧទាហរណ៍៖ លិខិតបញ្ជាក់ការសិក្សា – Certificate of enrollment)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ អ៊ីមែល៖ [email protected] ៕