សិស្សកម្ពុជាជាង ៦០០នាក់មកពីទូទាំងប្រទេស ក្នុងនោះសិស្សស្រីចំនួន ៤៣០នាក់ បានចុះឈ្មោះចូលរួមកម្មវិធីប្រកួតប្រជែង Technovation Girls Cambodia x Future Digital Talents ឆ្នាំ២០២៦ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឱ្យទៅជាការផ្លាស់ប្ដូរវិជ្ជមានក្នុងសង្គម។ កម្មវិធីប្រកួតថ្នាក់ជាតិនេះ នឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ។
Technovation Girls Cambodia x Future Digital Talents ជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូប ទាំងសិស្សប្រុស និងសិស្សស្រី ដែលមានអាយុចន្លោះពី ៨ ដល់ ១៨ ឆ្នាំ អាចបញ្ចេញភាពច្នៃប្រឌិត និងដោះស្រាយបញ្ហាសង្គម ដោយទទួលបានការបណ្ដុះបណ្ដាលរយៈពេល១២សប្ដាហ៍ ពីការបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) បញ្ញាសិប្បនិម្មិត (AI) និងភាពជាសហគ្រិន (Entrepreneurship) ។
កញ្ញា ប៉ែន វនាត តំណាងថ្នាក់តំបន់ នៃតិចណូវេសិនប្រចាំកម្ពុជាប្រាប់ AMS Education ថា ការចូលរួមរបស់សិស្សានុសិស្សក្នុងកម្មវិធីតិចណូវេសិន កំពុងមានការកើនឡើងទាំងផ្នែកសហគ្រិនភាព និងផ្នែកបច្ចេកវិទ្យា។ កញ្ញា ប៉ែន វនាត បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ សមត្ថភាព និងភាពច្នៃប្រឌិតរបស់សិស្សកម្ពុជា កាន់តែពូកែជាងមុន។
តំណាងថ្នាក់តំបន់ នៃតិចណូវេសិនប្រចាំកម្ពុជា បញ្ជាក់ថា បន្ទាប់ពីចូលរួមកម្មវិធីប្រកួតប្រជែងតិចណូវេសិន សិស្សានុសិស្សក៏ចូលរួមកម្មវិធីផ្សេងៗ ជាពិសេសសិស្សស្រីៗ ចាប់យកជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) មានការកើនឡើង។ នេះបង្ហាញពីការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។
ជាមួយគ្នានេះ ក្រុមដែលបង្ហាញសមត្ថភាពឆ្នើមក្នុងការប្រកួតថ្នាក់ជាតិ នឹងទទួលបានឱកាសធ្វើដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស។ ជាពិសេស ក្រុមយុវតីដែលឆ្លងផុតវគ្គជម្រុះកម្រិតពិភពលោក (Technovation Global) នឹងទទួលបានកិត្តិយសតំណាងឱ្យកម្ពុជា ទៅចូលរួមក្នុងកម្មវិធី World Summit ២០២៦ ដោយផ្ទាល់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា។
គួរជំរាបជូនថា Technovation Girls Cambodia ជាកម្មវិធីលើកកម្ពស់សមត្ថភាពសិស្សនារីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើម “Future Digital Talents” បានប្រែក្លាយវេទិកានេះឱ្យទៅជាថ្នាលបណ្ដុះបណ្ដាលឌីជីថលមួយ ដែលបើកចំហសម្រាប់យុវជនកម្ពុជាគ្រប់រូប មិនថាសិស្សស្រី ឬសិស្សប្រុសនោះឡើយ៕