បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាលបឋម PLP និង MoEYS EdTech ចាប់ដៃគ្នាលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈ​ប្រព័ន្ធឌីជីថល

ថ្នាលបឋម PLP និង MoEYS EdTech ចាប់ដៃគ្នាលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈ​ប្រព័ន្ធឌីជីថល

ក្រោម​ការ​សម្របសម្រួលពីក្រុមការងារនៃធនាគារពិភពលោក កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារ ថ្នាលបឋម PLP EdTech នៃនាយកដ្ឋានបឋមសិក្សា និងក្រុមការងារ MoEYS EdTech នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបប្រជុំគ្នា ក្នុង​ជំហានយុទ្ធសាស្រ្ត​ឆ្ពោះទៅកាន់ភាពជោគជ័យ នៃការ​ធ្វើ​តេស្ត PISA ដែលជាការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

Advertisement

ការជួបគ្នារវាងក្រុមការងារកម្មវិធី MoEYS EdTech និងក្រុមការងារបច្ចេកទេស ថ្នាលបឋម PLP គឺក្នុង​គោលបំណងផ្ដោតលើការតម្រឹមថ្នាលអប់រំទាំងពីរឱ្យស៊ីចង្វាក់គ្នា ជៀសវាងការរអាក់រអួលក្នុងការសិក្សា (Learning Reset), បង្ហាញលទ្ធផល នៃការអនុវត្តក្របខ័ណ្ឌចំណេះដឹងសកល (GPF) និងការធ្វើបរិវត្តកម្មកម្មវិធី MoEYS EdTech ឱ្យស្របតាមស្តង់ដាបច្ចេកទេសដែលបានអភិវឌ្ឍ។

ថ្នាលបឋម PLP គឺជាថ្នាលឌីជីថល ដើម្បីគាំទ្រដល់ការរៀន និងការបង្រៀន ក៏​ដូចជាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ព្រមទាំង​មានការត្រួតពិនិត្យលើការ​សិក្សារបស់សិស្សក្នុងកម្រិតបឋមសិក្សា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា។ ថ្នាល PLP នេះ ក៏អាចឱ្យសិស្សបង្កើនចំណេះដឹងខ្លួន​ឯងបន្ថែម តាមរយៈការធ្វើសំណួរតេស្តលើមុខវិជ្ជានានាដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ទៅតាមមេរៀននីមួយៗដែលមានដូចនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំដែរ។

ដោយឡែក MoEYS EdTech គឺជាកម្មវិធីទូរស័ព្ទដៃ ដែល​ផ្តល់នូវធនធាន និងឧបករណ៍ អប់រំសម្បូរបែប ដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំង​មានការសម្រិត​សម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ក្រោយ​កិច្ចសហការនេះ សិស្សានុសិស្សនៅកម្រិតបឋមសិក្សា នឹងមិនជួបប្រទះភាពរអាក់រអួល (Learning Shock) នោះទេ នៅពេលពួកគេបញ្ចប់បឋមសិក្សា ហើយបន្តឡើងទៅអនុវិទ្យាល័យ។ លើសពីនេះ នឹងមិនមានការចាប់ផ្តើមរៀនសារថ្មីពីដើមឡើងវិញ (Learning Reset) កើតឡើងបន្តទៀតឡើយ ពេលសិស្សចប់ភូមិសិក្សានីមួយៗ។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជឿជាក់ថា ការចាប់ដៃគ្នារវាង PLP និង MoEYS EdTech នឹងបង្កើតឱ្យមានផលជះជាវិជ្ជមានក្នុងកម្រិតជាតិ។ ទន្ទឹមគ្នានេះ លទ្ធផលនៃការប្រឡងតេស្តស្តង់ដារអន្តរជាតិ SEA-PLM និង PISA នាពេលខាងមុខ ជាពិសេសតេស្ត PISA នៅឆ្នាំ២០៣៣ នឹងទទួលបានលទ្ធផលល្អប្រសើរដូចបានគ្រោងទុក គឺឈានទៅដល់កម្រិតប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

គួរជំរាបជូនថា បន្ទាប់ពីកិច្ចជំនួបនោះ ក្រុមការងារបានសម្រេចនូវសកម្មភាព និងលទ្ធផលសំខាន់ៗចំនួន ៥ រួមមាន ៖ ទី១ ក្រុមការងារ PLP នឹងចែករំលែកបទពិសោធន៍ ហើយត្រង់ណាចាំបាច់នឹងធ្វើការបណ្តុះបណ្តាលដល់ក្រុមការងារ MoEYS EdTech អំពីរបៀបធ្វើសមាហរណកម្ម និងតម្រឹមសមត្ថភាពសិក្សាទៅលើជំនាញគោលចំនួន ៣ គឺ អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅលើ Platfrom របស់ខ្លួន។ ទី២ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងចាត់តាំងអ្នកជំនាញផ្នែកខ្លឹមសារ និងកម្មវិធី (App) ចំនួន ៦០រូប (២០រូបផ្នែកអំណាន ២០រូបផ្នែកគណិតវិទ្យា និង២០រូបផ្នែកវិទ្យាសាស្ត្រ) ដើម្បីទទួលការបណ្តុះបណ្តាលពីក្រុមការងារ PLP រួចរៀបចំបង្កើតខ្លឹមសារ និងសំណួរលំហាត់សម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ចូលទៅក្នុង App ដោយផ្តោតលើថ្នាក់ទី៧​មុន បន្ទាប់មកឈានទៅថ្នាក់ទី៨ និង៩ ជាបន្តបន្ទាប់។

ទី៣ កម្មវិធី MoEYS EdTech នឹងត្រូវធ្វើបច្ចុប្បន្នភាពឱ្យដំណើរការជាទម្រង់ Web-based កាន់តែប្រសើរឡើងស្រដៀងទៅនឹង PLP ដែរ ដើម្បីធានាថា សិស្សានុសិស្សនឹងមិនជួបប្រទះភាពរអាក់រអួល ឬបញ្ហាប្រឈមខ្លាំង (Learning Shock) នៅពេលផ្លាស់ប្តូរការប្រើប្រាស់ ហើយអាចអនុវត្តដោយមិនពឹងតែលើអ៊ិនធើណិតបាន (Off-line)។ ទី៤ កម្មវិធី MoEYS EdTech នឹងធ្វើបច្ចុប្បន្នភាពវិញ្ញាសាតេស្តដែលមានស្រាប់ ឱ្យស្របទៅតាមក្របខណ្ឌសមត្ថភាពសកល (Global Proficiency Framework) ព្រោះការស្រាវជ្រាវបានបង្ហាញថា ការសិក្សាដើម្បីចំណេះដឹងសាកល គឺនាំទៅសម្រេចស្តង់ដាតេស្តកម្រិតអន្តរជាតិដែរ មិនមែនសិក្សាតែវិញ្ញាសាតេស្តអន្តរជាតិដើម្បីចូលប្រឡងតេស្តប្រភេទនេះនោះទេ និងទី៥ មហាវិទ្យាល័យអប់រំ នឹងបន្តពង្រីកការបណ្តុះបណ្តាលនេះទៅដល់នាយកសាលា និងលោកគ្រូអ្នកគ្រូ ដែលជាគ្រូបណ្តុះបណ្តាលបង្គោលនៅក្នុងកម្មវិធី TUP និង LUP នៃគម្រោង GEIP៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា