ក្នុងរយៈពេលជាង៣០ឆ្នាំនៃបេសកកម្មមនុស្សធម៌នៅកម្ពុជា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានជួយផ្លាស់ប្ដូរជីវិតកុមារ និងយុវជនក្រីក្រ និងងាយរងគ្រោះជាង ១៥,០០០នាក់ ឱ្យទទួលបានការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសកសាងអនាគតកាន់តែប្រសើរ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកបេសកកម្មរបស់អង្គការ PSE ថា ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំកុមារក្រីក្រ និងពង្រីកឱកាសសិក្សា។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតចំនួន ៥០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២១–២០២៤ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យរបស់អង្គការ PSE ដែលមិនត្រឹមតែផ្តល់ជំនួយបន្ទាន់ដល់កុមារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតលើការកសាងសមត្ថភាពរយៈពេលវែង តាមរយៈការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការបង្កើតឱកាសឱ្យកុមារ និងយុវជនដែលមានជីវភាពខ្វះខាតអាចកសាងអនាគតដោយខ្លួនឯង។
សម្ដេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅប្រជាពលរដ្ឋដែលខ្វះលទ្ធភាព និងគាំទ្រឱ្យអង្គការអាចបន្តបេសកកម្មរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិតាមដែលអាចធ្វើទៅបាន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ PSE បានផ្លាស់ប្ដូរជីវិតប្រជាពលរដ្ឋរាប់ម៉ឺននាក់ឱ្យមានអនាគតប្រសើរជាងមុន»។
ជាមួយគ្នានេះ លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានមានប្រសាសន៍ថា អង្គការ PSE បានបន្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់កុមារ និងយុវជនក្រីក្រ។ ក្រៅពីការផ្ដោតលើការអប់រំ អង្គការក៏បានពង្រឹងគុណភាពនៃការតម្រង់សិក្សា ការបណ្ដុះបណ្ដាលជំនាញទន់ ការសម្របសម្រួលក្នុងការស្វែងរកការងារធ្វើ ការលើកកម្ពស់ឯករាជ្យភាពរបស់គ្រួសារ និងការជំរុញការរួមបញ្ចូលក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក Christian des Pallières និងលោកស្រី Marie-France des Pallières។ អស់រយៈពេលជាង៣០ឆ្នាំកន្លងមក អង្គការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំទ្រផ្នែកផ្សេងៗ ដើម្បីកែលម្អគុណភាពជីវិត និងកសាងអនាគតប្រកបដោយចីរភាព៕