កម្ពុជាកំពុងបោះជំហានថ្មីក្នុងការលើកកម្ពស់គុណភាពអប់រំ, ក្រៅពីផ្ដោតលើកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលគ្រូបង្រៀន ការកែលម្អ «បរិយាកាសសិក្សា» តាមរយៈគម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា» ក៏ជារឿងដែលត្រូវគិតគូរ ដោយមានគោលដៅប្រែក្លាយសាលារៀនឱ្យក្លាយជាសាលាឆ្លាតវៃ បៃតង ទំនើប និងមានអត្តសញ្ញាណខ្មែរ។
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិនិត្យ និងជំរុញការអនុវត្តគម្រោងនេះ ដោយផ្ដោតលើការរៀបចំផែនការមេសម្រាប់កែលម្អសោភណភាព មុខងារអគារ និងលំហបៃតងនៅតាមសាលារៀន ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាព និងសមស្របទៅនឹងតម្រូវការអប់រំនាពេលអនាគត។
លោក សន ប៊ុនមាន ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គម្រោងនេះអនុវត្តតាមរយៈផ្នែកសំខាន់ពីរ គឺការស្រាវជ្រាវរៀបចំផែនការមេសាលារៀន និងការប្រកួតប្រជែងគំនិតរចនាកែលម្អសាលារៀន ដោយមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សា គណៈស្ថាបត្យករកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។
លោកបញ្ជាក់ថា ក្នុងដំណាក់កាលទី១ គម្រោងប្រកួតប្រជែងបានជ្រើសរើសសាលាមធ្យមសិក្សាចំនួន ១៧សាលា នៅ១២ទីតាំង ដោយមាននិស្សិតជំនាញស្ថាបត្យកម្មចំនួន ៤០នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤ ចូលរួមបង្កើតគំនិតរចនា។ ស្របពេលជាមួយគ្នានេះ គម្រោងនិក្ខេបបទស្រាវជ្រាវក៏គ្របដណ្ដប់លើសាលាចំនួន ២៩សាលា នៅ១៨ទីតាំង ដោយមានក្រុមនិស្សិតចំនួន ១៧ក្រុម ចូលរួមសិក្សា និងរៀបចំផែនការអភិវឌ្ឍ។
បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ គម្រោងនឹងពង្រីកការអនុវត្តទៅកាន់សាលារៀនសរុប ៨០៥សាលា ក្នុងនោះមាន ២៤៩សាលា នៅរាជធានីភ្នំពេញ និង ៥៥៦សាលា នៅខេត្តកែប កំពត និងព្រះសីហនុ ដោយកំណត់គោលដៅអនុវត្តឱ្យបានសម្រេចនៅត្រឹមឆ្នាំ២០២៨។
ដោយឡែក លោក ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានលើកឡើងថា សាលារៀនកម្ពុជានាពេលអនាគត គួរតែជាសាលារៀន «ឆ្លាតវៃ បៃតង រួមបញ្ចូល និងមានអត្តសញ្ញាណខ្មែរ» ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យអប់រំ និងនគរូបនីយកម្មប្រកបដោយចីរភាព។
លោកលើកឡើងថា «ការកសាងសាលារៀន មិនមែនគ្រាន់តែជាការកសាងអគារនោះទេ ប៉ុន្តែជាការកសាងអនាគតប្រទេសជាតិ» ដោយបញ្ជាក់ថា ការរចនាបរិយាកាសសិក្សាដែលមានគុណភាព នឹងជួយលើកកម្ពស់ការរៀនសូត្រ ជំរុញការច្នៃប្រឌិត និងពង្រឹងគុណភាពអប់រំក្នុងរយៈពេលវែង។
លោកបន្ថែមថា «បើយើងចង់ផ្លាស់ប្ដូរគុណភាពអប់រំ យើងត្រូវចាប់ផ្តើមពីការផ្លាស់ប្ដូរបរិយាកាសសិក្សា។ បើយើងចង់ផ្លាស់ប្ដូរបរិយាកាសសិក្សា យើងត្រូវចាប់ផ្តើមពីការរចនាសាលារៀនឱ្យបានត្រឹមត្រូវ» ដោយចាត់ទុកការវិនិយោគលើការរចនាសាលារៀន ជាការវិនិយោគលើអនាគតកុមារ និងអនាគតប្រទេសជាតិ។
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការគម្រោង «គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា» កាលពីឆ្នាំ២០២៥ ដោយផ្តោតលើការកែលម្អសោភណភាព មុខងារអគារ និងលំហបៃតងនៅតាមសាលារៀន។ គម្រោងនេះមានគោលដៅជំរុញការរៀបចំផែនការមេសម្រាប់សាលារៀន លើកកម្ពស់គុណភាពសិក្សា សុខុមាលភាពរបស់សិស្ស ការអភិវឌ្ឍបំណិនជីវិត និងប្រែក្លាយទីធ្លាសាលារៀនឱ្យក្លាយជាលំហដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងមូល៕