ករណីសិស្ស និងយុវជនវាយតប់គ្នាចំនួនពីរករណីជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ បានជំរុញឱ្យស្នងការនគរបាលរាជធានីភ្នំពេញ ចេញការព្រមានថា អ្នកប្រព្រឹត្តខុសទាំងអស់នឹងត្រូវទទួលខុសត្រូវតាមច្បាប់ ខណៈអ្នកជំនាញលើកឡើងថា បញ្ហានេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃសីលធម៌ក្នុងសង្គម និងទាមទារឱ្យមានយុទ្ធនាការជាតិចុះអប់រំដោយផ្ទាល់។
ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល ឱ្យរួមគ្នាលើកកម្ពស់សីលធម៌ និងការទទួលខុសត្រូវក្នុងសង្គម ក្រោយកើតមានករណីអាកប្បកិរិយាមិនសមរម្យរបស់ក្រុមយុវជននៅខណ្ឌមានជ័យ និងខណ្ឌឫស្សីកែវ។
លោកបានអំពាវនាវឱ្យឪពុកម្តាយចំណាយពេលអប់រំ និងណែនាំកូនៗ កុំឱ្យប្រព្រឹត្តអំពើដែលបំផ្លាញអនាគតរបស់ខ្លួន និងប៉ះពាល់ដល់សង្គម។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ធទាំងពីរក្រុមរួចរាល់ហើយ ហើយនឹងអនុវត្តនីតិវិធីច្បាប់ដោយមិនមានការលើកលែង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ AMSថា ការកើនឡើងនៃអំពើហិង្សា ភាពទំនើង និងអំពើអសីលធម៌ គឺជាសញ្ញាបង្ហាញថា សីលធម៌ និងគុណធម៌របស់មនុស្សមួយចំនួនកំពុងធ្លាក់ចុះ។
លោកបានបញ្ជាក់ថា ទោះបីមានច្បាប់រដ្ឋជាគោលក៏ដោយ ក៏ច្បាប់មិនអាចគ្របដណ្ដប់គ្រប់បញ្ហាបានទាំងអស់ដែរ។ ដូច្នេះ ការបណ្ដុះសីលធម៌ និងគុណធម៌ ត្រូវចាប់ផ្ដើមពីគ្រួសារ ដោយឪពុកម្តាយត្រូវអប់រំកូនៗ ខណៈសាលារៀនត្រូវពង្រឹងការអប់រំផ្នែកសីលធម៌ ហើយអាជ្ញាធរ និងតុលាការត្រូវអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
អ្នកតាមដានសង្គមរូបនេះបានកត់សម្គាល់ថា ទោះបីជាអាជ្ញាធរ សារព័ត៌មាន និងអ្នកជំនាញ បានអំពាវនាវជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហាភាពទំនើង និងអំពើហិង្សានៅតែបន្តកើតមាន។ តាមការយល់ឃើញរបស់លោក មូលហេតុគឺដោយសារការអនុវត្តនៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា «បើគ្រាន់តែអំពាវនាវ ឬចេញសេចក្ដីណែនាំ ដោយគ្មានការចុះអនុវត្តជាក់ស្ដែងទេ បញ្ហាភាពទំនើង និងអំពើហិង្សាក្នុងចំណោមយុវជន នឹងពិបាកដោះស្រាយបាន។ ដល់ពេលដែលកម្ពុជាត្រូវមានយុទ្ធនាការជាតិលើកកម្ពស់សីលធម៌ និងគុណធម៌ ចុះដល់គ្រួសារ សាលារៀន និងសហគមន៍ហើយ»។
លោកបានស្នើឱ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បង្កើតក្រុមការងារពិសេសមួយ ចុះធ្វើយុទ្ធនាការអប់រំដោយផ្ទាល់នៅតាមគ្រួសារ សាលារៀន និងសហគមន៍ ដើម្បីលើកកម្ពស់សីលធម៌ និងគុណធម៌ កែប្រែឥរិយាបថយុវជន និងកាត់បន្ថយអំពើហិង្សាក្នុងសង្គម៕