របាយការណ៍ថ្មីមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារក្នុងចំណោមក្មេងស្រី ដែលមានអាយុក្រោម១៨ឆ្នាំ នៅកម្ពុជាបានថយចុះពីអត្រា ២៦.៣% ក្នុងឆ្នាំ២០២១ មកត្រឹម ៩.៥% នៅចុងឆ្នាំ២០២៥។ របាយការណ៍បង្ហាញថា ការធ្លាក់ចុះនេះ គឺដោយសារតែមានការចូលរួមចំណែកយ៉ាងសំខាន់ពីលទ្ធផល នៃការអប់រំ។
ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង ជាពិសេសនៅក្នុងសហគមន៍ជនបទដាច់ស្រយាល និងសហគមន៍ជនជាតិដើមភាគតិច បានក្លាយជាបញ្ហារួមចំណែកបណ្តាលឱ្យមានភាពក្រីក្រ វិសមភាពយេនឌ័រ បទដ្ឋានសង្គមដែលបង្កគ្រោះថ្នាក់ និងលទ្ធភាពទទួលបានការអប់រំនៅមានកម្រិតសម្រាប់ក្មេងស្រី។
បន្ទាប់ពីការដាក់ឱ្យអនុវត្តគម្រោង “ដល់ពេលត្រូវធ្វើសកម្មភាព!” នៅក្នុងភូមិប្រមាណជាង៨០ ក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ចាប់តាំងពីឆ្នាំ២០២១ មកដល់ចុងឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយអង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយសហគម, ជាលទ្ធផល អត្រានៃការរៀបអាពាហ៍ ពិពាហ៍មុនអាយុ១៨ឆ្នាំនៃក្មេងស្រីនិងស្រ្តីវ័យក្មេង បានធ្លាក់ចុះយ៉ាងខ្លាំងពី២៦.៣% មក៩.៥% និងមុនអាយុ១៥ឆ្នាំបានធ្លាក់ចុះពី២.៥% មក ០.៦% ខណៈដែលអត្រានៃការរៀបអាពាហ៍ពិពាហ៍ក្នុងចំណោមបុរសវ័យក្មេងមុនអាយុ១៨ឆ្នាំក៍បានធ្លាក់ចុះពី៦.២% មក២.១%ផងដែរ។
ដោយឡែកអត្រាបញ្ចប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩)ក្នុងចំណោមក្មេងស្រីមានការកើនឡើងពី៥០.២% ទៅ៦៤.៩% ហើយការយល់ដឹងពីការសិទ្ធិ សុខភាពផ្លូវភេទ បានកើនឡើងពី៥០.២%ទៅ៩៦.៧%។ ជាមួយគ្នានេះ ការគាំទ្រពីឪពុកម្តាយដល់កុមារ មានការកើនឡើង ហើយការអនុវត្តវិធីសាស្រ្តបង្រៀនឆ្លើយតបតាមតម្រូវការយេនឌ័រក៏មានការកើនឡើងពី៣៧.៨% ទៅ៦៩.៧%។
ក្មេងស្រីនិងស្ត្រីវ័យក្មេង នៅខេត្តរតនគិរី មានការងារ និងមុខរបរ
ក្នុងនោះដែរ អត្រាក្មេងស្រីមានការងារធ្វើបានកើនឡើងខ្ពស់ពី៥៤.៧៤%ទៅ ៩៤.១៧% ក្នុងរយៈពេលប្រាំមួយខែក្រោយបញ្ចប់វគ្គសិក្សា ខណៈភាគរយនៃក្មេងស្រីមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបានកើនឡើងពី៥៧.៤% ទៅ៨៨.៥% ក្រោយមានការងារធ្វើក្នុងរយៈពេលពេញមួយឆ្នាំ។ ជាពិសេស សមាមាត្រនៃក្មេងស្រីនិងស្ត្រីវ័យក្មេង មានការងារ និងមុខរបរមិនមែនជាប្រពៃណីបានកើនឡើង។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី គឺបានចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ។
លោកពន្យល់ថា នៅពេលដែលក្មេងស្រីទទួលបានការពង្រឹងភាពអង់អាចតាមរយៈការអប់រំ ការការពារ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំមានការថយចុះ ហើយអនាគតរបស់ពួកគេ គឺធំទូលាយ។
លោក យី គឹមថាន បន្ថែមថា វឌ្ឍនភាពទាំងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ជាមួយនឹងការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាល ម្ចាស់ជំនួយនិងសហគមន៍ ប្រទេសកម្ពុជាអាចឈានទៅជាសង្គមមួយដែលមិនមានក្មេងស្រីណាម្នាក់ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំទៀតទេ ហើយក្មេងស្រីវ័យជំទង់គ្រប់រូបមានឱកាសអភិវឌ្ឍខ្លួន។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា
នៅក្នុងរបាយការណ៍អង្គការភ្លែនអន្តរជាតិកម្ពុជាបានផ្តល់អនុសាសន៍ថា ការវិនិយោគប្រកបដោយនិរន្តរភាពគឺចាំបាច់ដើម្បីពង្រីកនូវគំរូប្រកបដោយប្រសិទ្ធភាពពីគម្រោងឱ្យបានទូទាំងប្រទេស ដោយរួមមានទាំងការធ្វើសមាហរណកម្មការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយទៅក្នុងកម្មវិធីសិក្សា, ការពង្រឹងបណ្តាញកិច្ចការពារកុមារនៅតាមសហគមន៍ រួមទាំងការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមតម្រូវការទីង្សារសម្រាប់ក្មេងស្រី ជាពិសេសអ្នកមកពីទីជបទ និងសហគមន៍ជនជាតិដើមភាគតិច៕