បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអប់រំ ស្នើឱ្យកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រឹមម៉ាកសញ្ញា កាត់បន្ថយការទាក់ទាញកុមារ និងយុវជន

អ្នកអប់រំ ស្នើឱ្យកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រឹមម៉ាកសញ្ញា កាត់បន្ថយការទាក់ទាញកុមារ និងយុវជន

អ្នកអប់រំ ក៏​ដូចជា​អ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមាន​ការ​កំហិតសម្រាប់​ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយ​កំណត់ត្រឹមម៉ាកសញ្ញា និងឡូហ្គោប៉ុណ្ណោះ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជន។

Advertisement

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោកបណ្ឌិត គី សេរីវឌ្ឍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ក្នុងដំណាក់កាលដែលមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុង រាជរដ្ឋាភិបាល គួរពិចារណាវិធានកំហិតការផ្សាយពាណិជ្ជកម្ម ដែលអាចអនុវត្តបាន និងត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកថា មានប្រសិទ្ធភាពក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឱ្យសេពគ្រឿងស្រវឹង។

លោកបណ្ឌិត គី សេរីវឌ្ឍ បានបង្ហាញពីវិធានការទាំងនោះ ដែលរួមមាន ទី១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយផ្សារភ្ជាប់ជាមួយរង្វាន់, ទី២. ហាមឃាត់តារា និងអ្នកបុគ្គលដែលមានអ្នកគាំទ្រច្រើនផ្សាយពាណិជ្ជកម្ម, ទី៣. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមបណ្ដាញព័ត៌មាន និង ទី៤. ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែម៉ាក និងឡូហ្គោ។

យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ របស់រាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញថា ការអនុវត្តប្រកាស ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង​ មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញសេពគ្រឿងស្រវឹងនៅឡើយទេ។

របាយការណ៍បង្ហាញថា ៦៦% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង​១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។ ជាង៦០% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។ ជាង៨០% នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់​អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសទេ។ ជាង ៥០% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា យោងតាមអនុសញ្ញាសិទ្ធកុមារ របស់យូនីសេហ្វ បង្ហាញថា ការធ្វើទីផ្សារនិងផ្សព្វផ្សាយគ្រឿងស្រវឹងជះឥទ្ធិពលជាច្រើនទៅលើសិទ្ធកុមារ រួមមាន សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិរស់រានមានជីវិត និងទទួលបានបរិស្ថានល្អ និងសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត មុំ គង់ ក៏បានជំរុញឱ្យមានការអនុវត្តគោលដៅអភិវឌ្ឍប្រកដោយចីរភាព ចំណុចទី៣ ស្ដីពី សុខភាព និងសុខុមាលភាពមាំមួន ដើម្បីធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ។

លោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ការដាក់កំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ ពិតជាអាចកាត់បន្ថយការទាក់ទាញកុមារ និងយុវជនកុំឱ្យសេពគ្រឿងស្រវឹងមុនអាយុ១៨ឆ្នាំ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ សង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរស និងស្ត្រី។ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា