នៅក្នុងភាសាជប៉ុន មានពាក្យមួយឃ្លាគឺ «Tsundoku» (ត្ស៊ុនដូគូ) ដែលមានន័យថា «ការទិញសៀវភៅយកមកគរទុកចោល ដោយមិនបានអាន»។ នេះជាបញ្ហាប្រឈមទូទៅមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ពោលគឺមានចំណង់ចំណូលចិត្តក្នុងការទិញសៀវភៅ ប៉ុន្តែតែងតែយកលេសថា «គ្មានពេលវលា» ដោយសារតែការងារមមាញឹក ឬការហត់នឿយប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមច្បាប់ Parkinson (Parkinson’s Law) បានបង្ហាញថា ការងារនឹងពង្រីកទៅតាមពេលវេលាដែលយើងកំណត់ឱ្យវា។ ដូច្នេះ ប្រសិនបើអ្នកពិតជាចង់អានសៀវភៅឱ្យបានច្រើន អ្នកត្រូវតែ «បង្កើតពេលវេលា» សម្រាប់វាជាដាច់ខាត។
ខាងក្រោមនេះជាវិធីសាស្ត្រ ៧ ចំណុច ដែលត្រូវបានអនុវត្តន៍ និងទទួលបានជោគជ័យក្នុងការកសាងទម្លាប់អានសៀវភៅ៖
១. កំណត់គោលដៅចំនួនទំព័រប្រចាំថ្ងៃ
ជំនួសឱ្យការកំណត់គោលដៅធំដុំដូចជា «អានឱ្យបាន ២ក្បាលក្នុងមួយខែ» ដែលធ្វើឱ្យអ្នកមានគំនិតចង់ពន្យារពេល គប្បីប្តូរមកកំណត់ចំនួនទំព័រប្រចាំថ្ងៃវិញ (ឧទាហរណ៍ អានឱ្យបាន ២៥ ទំព័រក្នុងមួយថ្ងៃដាច់ខាត)។ ការធ្វើបែបនេះ បង្ខំឱ្យអ្នកខិតខំប្រឹងប្រែងបន្តិចម្តងៗជារៀងរាល់ថ្ងៃ ដែលវានឹងរួមចំណែកបង្កើតបានជាលទ្ធផលយ៉ាងអស្ចារ្យ។
២. អានសៀវភៅនៅពេលព្រលឹម
ពេលវេលាព្រឹកព្រលឹម គឺជាពេលដែលការងារ និងរឿងរ៉ាវផ្សេងៗមិនទាន់មកទាញយកចំណាប់អារម្មណ៍របស់អ្នកនៅឡើយ។ ការអានសៀវភៅនៅពេលព្រឹក ធ្វើឱ្យភាគរយនៃការសម្រេចគោលដៅមានកម្រិតខ្ពស់ ព្រោះបើទុកចោលរហូតដល់ល្ងាច ឱកាសដែលអ្នកមានអារម្មណ៍ហត់នឿយ និងបោះបង់ចោលគឺមានច្រើន។
៣. អានសៀវភៅក្រោយពេលហាត់ប្រាណ
យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើលំហាត់ប្រាណ (ជាពិសេសការហាត់ប្រាណបែប Aerobic) ជួយជំរុញឱ្យខួរក្បាលបំពេញមុខងាររៀនសូត្របានយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យកម្រិតនៃការផ្ដោតអារម្មណ៍ឡើងដល់ចំណុចកំពូល។ ការអានសៀវភៅភ្លាមៗក្រោយពេលហាត់ប្រាណ នឹងជួយឱ្យអ្នកងាយស្រួលក្រេបជញ្ជក់ចំណេះដឹង។
៤. បង្កើតបរិយាកាសអានដ៏រីករាយ
ការបង្កើតក្តីសុខក្នុងពេលអាន គឺជារង្វាន់ជំរុញចិត្តដ៏សំខាន់។ អ្នកអាចស្វែងរកហាងកាហ្វេដែលអ្នកចូលចិត្ត កម្មង់ភេសជ្ជៈដែលពេញចិត្ត ឬបើកតន្ត្រីស្រាលៗ (Study Playlist) ដែលជួយដល់ការផ្ដោតអារម្មណ៍ក្នុងពេលអាន ដើម្បីធ្វើឱ្យដំណើរការនៃការអានកាន់តែមានភាពទាក់ទាញ។
៥. កម្ចាត់រាល់ការរំខានទាំងឡាយ
ខួរក្បាលត្រូវការភាពស្ងប់ស្ងាត់ដើម្បីរារាំងការរំខានពីខាងក្រៅ។ នៅពេលចាប់ផ្តើមអាន គប្បីបើកមុខងារ «Do Not Disturb» លើទូរសព្ទដៃ ហើយទុកដាក់សម្ភារៈផ្សេងទៀតឱ្យឆ្ងាយពីខ្លួន។ បន្សល់ទុកតែខ្លួនអ្នក សៀវភៅ និងកាសស្តាប់ត្រចៀក (ប្រសិនបើមាន) ដើម្បីធានាការផ្ដោតអារម្មណ៍បាន ១០០%។
៦. ត្រៀមលក្ខណៈ និងលុបបំបាត់ឧបសគ្គជាមុន
ចូរស្វែងរកអ្វីដែលជាលេសធ្វើឱ្យអ្នកមិនបានអានសៀវភៅនៅថ្ងៃស្អែក រួចដោះស្រាយវាទុកជាមុន។ ឧទាហរណ៍ រៀបចំសៀវភៅ និងសម្ភារៈចំណាំទំព័រ (Book Flags) ដាក់ក្នុងកាតាបឱ្យរួចរាល់តាំងពីយប់ ដើម្បីកុំឱ្យមានការរអាក់រអួល ឬភ្លេចសៀវភៅនៅផ្ទះ។
៧. បង្កើតយន្តការទទួលខុសត្រូវ
ការដាក់សម្ពាធ ឬការភ្នាល់អាចជាឧបករណ៍ជួយឱ្យអ្នកមិនហ៊ានបោះបង់។ អ្នកអាចប្រកាសប្រាប់មិត្តភក្តិ ឬអ្នករួមបន្ទប់ថា ប្រសិនបើអ្នកខកខានមិនបានអានសៀវភៅសូម្បីតែមួយថ្ងៃ អ្នកនឹងត្រូវពិន័យជាប្រាក់ ឬរបស់របរណាមួយទៅពួកគេ។ ក្រៅពីនេះ ការប្រើប្រាស់កម្មវិធីកត់ត្រាទម្លាប់ (Habit Tracker) ដូចជា Habitica ឬ Google Spreadsheet ក៏ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការតាមដានវឌ្ឍនភាពរបស់ខ្លួនដែរ៕