បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញគ្រប់គ្រង និងបញ្ជាសង្វាក់ផលិតកម្ម ៖ ជំនាញ ដែលរោងចក្រទំនើបកំពុងខ្វះខាត

ជំនាញគ្រប់គ្រង និងបញ្ជាសង្វាក់ផលិតកម្ម ៖ ជំនាញ ដែលរោងចក្រទំនើបកំពុងខ្វះខាត

ការវិវឌ្ឍន៍​ទៅ​មុខនៃបច្ចេកវិទ្យាឧស្សាហកម្ម បានកំពុង​ធ្វើ​ឱ្យ​រោងចក្រ​សហគ្រាស​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​មួយ​ចំនួន​កំពុងធ្វើទំនើបកម្ម​ទៅជា​ប្រព័ន្ធស្វ័យប្រវត្តិ ដែលទាមទារ​​នូវ​អ្នកជំនាញបច្ចេកទេសមិនអាច​ខ្វះខាតបាន។ លោក ជរ ចន្ទសោភ័ណ្ឌ គ្រូបណ្តុះបណ្តាលបច្ចេកទេស នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានគូសបញ្ជាក់ថា ជំនាញគ្រប់គ្រង និងបញ្ជាសង្វាក់ផលិតកម្ម គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់សិស្ស និស្សិត ដែលចង់ទទួលបានឱកាសការងារទូលំទូលាយ និងប្រាក់បៀវត្សខ្ពស់ក្រោយបញ្ចប់ការសិក្សា។

Advertisement

តើជំនាញគ្រប់គ្រង និងបញ្ជាសង្វាក់ផលិតកម្ម គឺជាអ្វី?

ជំនាញគ្រប់គ្រង និងបញ្ជាសង្វាក់ផលិតកម្មនេះ ត្រូវបានបំបែកចេញពីជំនាញមេកាតូនិក (Mechatronics) ដោយផ្ដោតសំខាន់ទៅលើការយល់ដឹង និងការគ្រប់គ្រងគ្រឿងបង្គុំបច្ចេកវិទ្យាដែលរោងចក្រទំនើបៗកំពុងប្រើប្រាស់។ និស្សិតដែលជ្រើសរើសជំនាញនេះ នឹងត្រូវសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅលើប្រព័ន្ធខ្យល់ (Pneumatics) និងប្រព័ន្ធប្រេង (Hydraulics) ដែលជាបេះដូងនៃចលនាម៉ាស៊ីនឧស្សាហកម្ម ព្រមទាំងសិក្សាពីម៉ូទ័រ សៀគ្វីអគ្គិសនី និងប្រព័ន្ធកុំព្យូទ័រសម្រាប់ការបញ្ជា និងសរសេរកម្មវិធីឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការដោយស្វ័យប្រវត្ត។

ជម្រើសកម្រិតសិក្សា និងការត្រៀមខ្លួនសម្រាប់យុវជន

សម្រាប់ការសិក្សាជំនាញនេះវិញ គឺមានភាពបត់បែនខ្លាំងដោយចែកចេញជា ៣ កម្រិត ទៅតាមគោលការណ៍សាលា និងតម្រូវការរបស់និស្សិត។ កម្រិតទីមួយគឺ វគ្គបណ្តុះបណ្តាលខ្លី ដែលចំណាយពេលចាប់ពី ៦ ខែ ដល់ ១ ឆ្នាំ។ កម្រិតទីពីរគឺ ថ្នាក់បរិញ្ញាបត្ររង ដែលទាមទាររយៈពេលសិក្សាចាប់ពី ១ ឆ្នាំ ដល់ ២ ឆ្នាំកន្លះ និងកម្រិតទីបីគឺ ថ្នាក់បរិញ្ញាបត្រ ដែលត្រូវចំណាយពេលចន្លោះពី ៤ ឆ្នាំ ដល់ ៤ ឆ្នាំកន្លះ។

លោកគ្រូបណ្តុះបណ្តាលបច្ចេកទេសរូបនេះ ក៏បានផ្តល់អនុសាសន៍ណែនាំដល់សិស្សានុសិស្សដែលចង់ចាប់យកជំនាញនេះថា គួរតែត្រៀមខ្លួនមុន ដូចជាត្រូវចេះកុំព្យូទ័រ គណិតវិទ្យា និងរូបវិទ្យាឱ្យបានល្អ។ លើសពីនេះ យុវជនត្រូវមានស្មារតីព្យាយាម និងការអត់ធ្មត់ខ្ពស់បំផុត ព្រោះការអនុវត្តផ្ទាល់លើការដំឡើងម៉ាស៊ីន ឬឧបករណ៍បច្ចេកវិទ្យាស្មុគស្មាញខ្លះ អាចនឹងត្រូវចំណាយពេលយូរ។

ឱកាសទីផ្សារការងារ និងកម្រិតប្រាក់បៀវត្ស

ទាក់ទិននឹងឱកាសទីផ្សារការងារវិញ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងជួបប្រទះនូវកង្វះខាតអ្នកជំនាញលើផ្នែកនេះយ៉ាងខ្លាំង ខណៈដែលរោងចក្រឧស្សាហកម្មនានាចាប់ផ្តើមសម្រុកដំឡើងម៉ាស៊ីនស្វ័យប្រវត្តទំនើបៗ ដែលធ្វើឱ្យតម្រូវការកម្លាំងពលកម្មជំនាញមានការកើនឡើងខ្ពស់។ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចចូលបម្រើការងារក្នុងតួនាទីជាអ្នកបច្ចេកទេស ឬអ្នកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រផលិត និងដំឡើងយានយន្ត រោងចក្រផលិតបរិក្ខារអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ផ្សេងៗ ព្រមទាំងបណ្តារោងចក្រឧស្សាហកម្មខ្នាតធំជាច្រើនទៀតទូទាំងប្រទេស។

ដោយឡែក​ចំពោះកម្រិតប្រាក់បៀវត្សវិញ សម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោង គឺអាចទទួលបានប្រាក់បៀវត្សដំបូងចន្លោះពី ៦០០ ដុល្លារ ដល់ ៧០០ ដុល្លារ ហើយតម្លៃនេះអាចនឹងមានការកើនឡើងលើសនេះ ទៅតាមសមត្ថភាពជាក់ស្តែង និងទំហំការងាររបស់ក្រុមហ៊ុននីមួយៗ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា