អ្នកជំនាញសង្គមបានព្រមានថា ការបន្តវប្បធម៌ផឹកស៊ីលើសលប់ក្នុងចំណោមពលរដ្ឋ និងយុវជនកម្ពុជា អាចក្លាយជាឧបសគ្គដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រសិនបើមិនយកចិត្តទុកដាក់លើការពង្រឹងសុខភាព និងគុណភាពធនធានមនុស្ស។

អ្នកជំនាញសង្គមបានព្រមានថា ការបន្តវប្បធម៌ផឹកស៊ីលើសលប់ក្នុងចំណោមពលរដ្ឋ និងយុវជនកម្ពុជា អាចក្លាយជាឧបសគ្គដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រសិនបើមិនយកចិត្តទុកដាក់លើការពង្រឹងសុខភាព និងគុណភាពធនធានមនុស្ស។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ AMS ថា ការអភិវឌ្ឍធនធានមនុស្សដែលមានសុខភាពល្អ និងសមត្ថភាពខ្ពស់ គឺជាកត្តាសំខាន់ក្នុងការជំរុញឱ្យកម្ពុជាឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានព្រមានថា ប្រសិនបើប្រជាពលរដ្ឋ និងយុវជននៅតែបន្តផ្នត់គំនិតផឹកស៊ីជ្រុលហួសហេតុ វានឹងប៉ះពាល់ដល់គុណភាពធនធានមនុស្ស និងសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រសិនបើកម្ពុជានៅតែពេញនិយមការផឹកស៊ី និងចាត់ទុកគ្រឿងស្រវឹងជាចំណុចសំខាន់ក្នុងការជួបជុំសង្គម នោះយើងអាចប្រឈមនឹងបញ្ហាគុណភាពធនធានមនុស្ស ដែលធ្វើឱ្យគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ពិបាកសម្រេចបាន
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព រូបនេះ បន្ថែមថា ការទទួលទានគ្រឿងស្រវឹងលើសកម្រិត មិនត្រឹមតែប៉ះពាល់ដល់សុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការកើនឡើង នៃការចំណាយលើសេវាព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមផ្សេងៗដែលបណ្តាលមកពីការផឹកសុរា។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ក៏បានយល់ស្របថា បើសុខភាពពលរដ្ឋធ្លាក់ចុះ ប្រាជ្ញាស្មារតី និងកម្លាំងពលកម្មក៏នឹងថយចុះដូចគ្នា ដែលអាចធ្វើឱ្យគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលពិបាកសម្រេចបាន។

សូមជម្រាបថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចហាមឃាត់ការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។
វិធានការនេះទទួលបានការគាំទ្រពីសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលចាត់ទុកថា ជាជំហានមួយក្នុងការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋពីការផឹកស្រាដើម្បីផ្សងសំណាង មកផ្តោតលើសុខភាព សេចក្តីថ្លៃថ្នូរ និងស្ថិរភាពហិរញ្ញវត្ថុគ្រួសារ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុង១ឆ្នាំៗ ពលរដ្ឋកម្ពុជាម្នាក់អាចចំណាយថវិកាប្រមាណជា ៤៨៦ដុល្លារ លើការទិញគ្រឿងស្រវឹង។ ដោយឡែកក្នុង១ឆ្នាំៗ មានពលរដ្ឋខ្មែរអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ជាង ៤លាននាក់ បានចំណាយថវិកាប្រមាណ ១,៩លានដុល្លារ លើការទិញគ្រឿងស្រវឹងនេះ៕
