ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃផ្អាកកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរសិស្សនិស្សិតជាមួយកម្ពុជា។
ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោក Parinya Wongcherdkwan សមាជិកព្រឹទ្ធសភាថៃ បានស្នើឱ្យរដ្ឋាភិបាលថៃពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយកម្ពុជា រួមទាំងកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរសិស្សនិស្សិត និងជំនួយអភិវឌ្ឍន៍ផ្សេងៗ រហូតដល់ស្ថានភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់ AMS ថា ក្រសួងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ។
មកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ។ ក្រសួងនៅតែបន្តធ្វើការជិតស្និទ្ធ ដើម្បីតាមដានពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសថៃ
មុនពេលមានភាពតានតឹងនៅតាមព្រំដែន និស្សិតកម្ពុជាសិក្សានៅប្រទេសថៃមានប្រមាណ ១,៧០០នាក់ ក្នុងនោះជាង ៤០០នាក់ជានិស្សិតអាហារូបករណ៍។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងអប់រំ បច្ចុប្បន្ន និស្សិតភាគច្រើនបានវិលត្រឡប់មកកម្ពុជាវិញហើយ ខណៈក្រសួងបានសម្របសម្រួលផ្តល់អាហារូបករណ៍ និងជម្រើសបន្តការសិក្សាក្នុងប្រទេសដល់ពួកគេជាបន្តបន្ទាប់។
លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ននៅមាននិស្សិតកម្ពុជាក្នុងចំនួនតិចតួចដែលកំពុងបន្តការសិក្សានៅប្រទេសថៃ ដោយពួកគេកំពុងសិក្សានៅឆ្នាំចុងក្រោយ ដែលត្រូវបញ្ចប់ការសិក្សា៕