សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២ មីនា ម្សិលមិញ និស្សិតកម្ពុជាជាង២រយនាក់ ដែលកំពុងសិក្សាបន្ត ក៏ដូចជាចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ពួកគេមានសុវត្ថិភាពទេ ហើយនិស្សិតកម្ពុជា ៤នាក់ទៀត ដែលត្រូវចុះទៅកម្មសិក្សានៅប្រទេសប៊ែលហ្សិក កំពុងជាប់គាំងនៅឌូបៃ ក៏មានសុវត្ថិភាពដែរ។
បើតាមប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា និស្សិតកម្ពុជា ជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។
ដោយឡែកនិស្សិតកម្ពុជា ៤នាក់ដែលកំពុងជាប់គាំងនៅឌូបៃ ពួកគេត្រូវទៅចុះកម្មសិក្សានៅប្រទេសប៊ែលហ្សិក រយៈពេល ៤ខែ ហើយបានចេញដំណើរពីប្រទេសកម្ពុជាកាលពីថ្ងៃ២៧ កុម្ភៈ ឆ្នាំ២០២៦ ដោយឆ្លងកាត់ឌូបៃ ប៉ុន្តែជើងយន្តហោះពីឌូបៃ ទៅប្រទេសប៊ែលហ្សិកត្រូវបានលុបចោល ទើបធ្វើឱ្យពួកគេត្រូវជាប់គាំងនៅទីនោះ។ ស្របគ្នានេះដែរ ក៏មានព័ត៌មានមកដែរថា ថ្នាក់នាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ សរុបប្រមាណ ១៨នាក់ ក៏បានជាប់គាំងនៅព្រលានយន្តហោះឌូបៃផងដែរ ខណៈពេលត្រឡប់មកកម្ពុជាវិញ។
ថ្នាក់ដឹកនាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ
ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិតកម្ពុជា លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពិសេសរាជរដ្ឋាភិបាល ដើម្បីបន្តតាមដានស្ថានភាពរបស់ប្អូនៗដែលជានិស្សិត ក៏ដូចជានិស្សិតចុះកម្មសិក្សានៅក្នុងប្រទេសអ៊ីស្រាអ៊ែល ក៏ដូចជាប្រទេសចំនួន ១៨ទៀត ដែលស្ថិតនៅជុំវិញតំបន់ជម្លោះនៅមជ្ឈិមបូព៌ា។
“ក្រសួងអប់រំ នៅតែបន្តតាមដាន ធ្វើការងារជិតស្និទជាមួយប្អូនៗនិស្សិត ដើម្បីដឹងពីសុខទុក្ខរបស់ប្អូនៗ“
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
ប្រទេសអ៊ីស្រាអែល និងអាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, ក្រោយការវាយប្រហារនេះ អាកាសយានដ្ឋានជាច្រើនស្ថិតនៅតំបន់មជ្ឈិមបូព៌ា រួមមាន អាកាសយានដ្ឋានទីក្រុងឌូបៃ អាកាសយានដ្ឋានអាប៊ូដាប៊ី(Abu Dhabi ) ក្នុងប្រទេសអារ៉ាប់រួម និងរដ្ឋធានីដូហាប្រទេសកាតា ក៏ដូចជាអាកាសយានដ្ឋានម៉ាណាម៉ា (Manama) ក្នុងប្រទេសបារ៉ែន ត្រូវបានបិទ ដែលធ្វើឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល៕