បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនិទានរឿង និងគំនូរ ជួយបណ្ដុះទឹកចិត្តកុមារឱ្យចូលចិត្តអានសៀវភៅ និងបង្កើតគំនិតច្នៃប្រឌិត

ការនិទានរឿង និងគំនូរ ជួយបណ្ដុះទឹកចិត្តកុមារឱ្យចូលចិត្តអានសៀវភៅ និងបង្កើតគំនិតច្នៃប្រឌិត

“ការនិទានរឿង និងសកម្មភាពគូរគំនូរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះចំណង់ចំណូលចិត្តចំពោះការអាន និងជំរុញគំនិតច្នៃប្រឌិតរបស់កុមារតាំងពីវ័យក្មេង” ។ នេះបើតាមការលើកឡើងរបស់ កញ្ញា ឆាយ ផល្លីកនិណិកា បណ្ណារក្សកុមារនៃវិទ្យាស្ថានបារាំង។

Advertisement

កញ្ញា ឆាយ ផល្លីកនិណិកា លើកឡើងថា ការនាំកុមារអានរឿងនិទាន និងចូលរួមសកម្មភាពច្នៃប្រឌិត មានសារៈសំខាន់ណាស់។ កញ្ញា ផល្លីកនិណិកា ពន្យល់ថា ក្រៅពីការអប់រំនៅក្នុងសាលា ការនាំកុមារមកបណ្ណាល័យ ដឹកនាំសិស្សអាន រឹតតែបង្កើនចំណង់នៃការអាន ហើយអាចបណ្ដុះនូវក្ដីស្រឡាញ់ចំពោះសៀវភៅក្នុងចិត្តរបស់ពួកគេ។ ទាក់ទងនឹងសកម្មភាពច្នៃប្រឌិតវិញ បណ្ណារក្សកុមាររូបនេះ ណែនាំឱ្យ​កុមារធ្វើកិច្ចការជាមួយមិត្តភក្តិ ឬជាក្រុម ដោយថា ពួកគេអាចប្រាស្រ័យទាក់ទងគ្នា មានទំនាក់ទំនងល្អជាមួយមិត្តភក្ដិ និងអាចបង្កើនភាពច្នៃប្រឌិតរបស់ខ្លួនឯង។ ក្នុងនោះកញ្ញា ផល្លីកនិណិកា លើកទឹកចិត្តអ្នក​អាណាព្យាបាលទាំងអស់ ជៀសវាងឱ្យកូនប្រើប្រាស់ទូរស័ព្ទច្រើនពេក ហើយងាកមកអានសៀវភៅវិញទើបជាការប្រសើរ។

កញ្ញា ឆាយ ផល្លីកនិណិកា ជាបណ្ណារក្សកុមារនៃវិទ្យាស្ថានបារាំង

«ដោយសារយើងជាគ្រូ យើងដឹកនាំសិស្សអាន រឹតតែបង្កើនចំណង់នៃការអាន, ដំបូងយើងអានឱ្យគាត់ស្គាប់ យូរៗទៅគាត់អាចនឹងអានដោយខ្លួនឯងនៅផ្ទះបានដែរ»។

ចំណែក កញ្ញា ឡន សុរ៉ានី គ្រូបង្រៀនកុមារនៃអង្គការតារ៉ាម៉ាណា បន្ថែមថា ការនិទានរឿងឱ្យសិស្សស្ដាប់ គឺមានសារៈសំខាន់ណាស់។ កញ្ញា សុរ៉ានី ពន្យល់ថា មានសិស្សខ្លះមិនសូវចេះ ដូច្នេះពេលគ្រូនិទានរឿងឱ្យ​គេស្តាប់ ធ្វើឱ្យសិស្សចង់ស្ដាប់ ចង់អាន ចង់ចេះ ចង់សរសេរ ដែលធ្វើឱ្យសិស្សមានការផ្ដោតអារម្មណ៍មកលើការសិក្សាវិញ។ហើយ​ការធ្វើសកម្មភាពបែបនេះជាប្រចាំ នឹងជួយឱ្យកុមារប្ដូរពីការលេងទូរស័ព្ទមកកាន់សៀវភៅ ដើម្បីអានរឿង ឬអានមេរៀនផ្សេងៗ។

ដោយឡែក​សម្រាប់សកម្មភាពច្នៃប្រឌិតវិញ កញ្ញា ឡន សុរ៉ានី បន្តថា ការឱ្យសិស្សគូរគំនូរ ផាត់ពណ៌ និងធ្វើសកម្មភាពផ្សេងៗ មិន​ត្រឹម​តែបង្កើតភាពច្នៃប្រឌិតប៉ុណ្ណោះទេ តែក៏ជួយឱ្យសិស្សស្វែងរកទេពកោសល្យរបស់ពួកគេដែរ។ កញ្ញា ឡន សុរ៉ានី បញ្ជាក់ថា ប្រសិនបើគ្រូបង្រៀន​មិនបង្កើតឱ្យមានសកម្មភាពច្នៃប្រឌិតទេ នោះគ្រូក៏មិនអាចដឹងថា មានសិស្សណាខ្លះចេះគូរគំនូរ រចនា ចេះផាត់ពណ៌ ចេះជ្រើសរើសពណ៌ ដែលធ្វើឱ្យគាត់រីកចម្រើនផ្នែកអភិវឌ្ឍខួរក្បាលបានល្អប្រសើរ។

កញ្ញា ឡន សុរ៉ានី ជាគ្រូបង្រៀនកុមារនៃអង្គការតារ៉ាម៉ាណា

មិនខុសគ្នាពីបណ្ណារក្សកុមារនៃវិទ្យាស្ថានបារាំង កញ្ញា សុរ៉ានី លើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ គួរចំណាយពេលជាមួយកូនៗ ដោយអានរឿងនិទានឱ្យកូនស្ដាប់ និងធ្វើសកម្មភាពច្នៃប្រឌិត ដូចជា គូរគំនូរ ផាត់ពណ៌ជាដើម ដើម្បីជួយឱ្យកូនៗ ចូលចិត្តអានសៀវភៅ និងមានគំនិតច្នៃប្រៃឌិតខ្ពស់ ហើយពួកគេនឹងមានអនាគតល្អ។

យោងតាមការស្រាវជ្រាវមួយរបស់ International Child Art Foundation កុមារដែលទទួលបានការបណ្ដុះបណ្ដាល ឬរស់ក្នុងបរិយាកាសសិល្បៈ នឹងទទួលបាននូវសមត្ថភាពពិសេសក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត មានគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន ចេះស្វែងរកចំណេះដឹងថ្មីៗ មាននវានុវត្តន៍ និងអាចបង្កើតនូវសមិទ្ធផលកម្មសិទ្ធិបញ្ញា ដែលទាំងនេះគឺជាភាពជោគជ័យបុគ្គល និងជាអ្វីដែលសង្គមនៅក្នុងសតវត្សទី២១ចង់បាន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា