បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តស៊ូជាង១០ឆ្នាំ កញ្ញា ប៉ោក ស្រីនាង ក្លាយជាម្ចាស់ជ័យលាភីអាហារូបករណ៍ Chevening

តស៊ូជាង១០ឆ្នាំ កញ្ញា ប៉ោក ស្រីនាង ក្លាយជាម្ចាស់ជ័យលាភីអាហារូបករណ៍ Chevening

ប្រើពេលជាង ១០ឆ្នាំ ដើម្បីទទួលបានឱកាសបន្តការសិក្សា នៅចក្រភពអង់គ្លេស កញ្ញា ប៉ោក ស្រីនាង បានឆ្លងកាត់វិញ្ញាសាជីវិតលំបាកៗ និងជួបរឿងមិនសមបំណងជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ ព្រោះតែថាមពលនៃការតាំងចិត្ត និងក្ដីសុបិនចង់ក្លាយជាបញ្ញាវន្តស្រ្តីមួយរូបដើម្បីចូលរួមការអភិវឌ្ឍន៍ក្នុងប្រទេស ស្រីនាង​ បានតស៊ូរហូតអាចសម្រេចសមិទ្ធផលជាបន្តបន្ទាប់ក្នុងជីវិត។

Advertisement

ជាកូនទោលកើតក្នុងត្រកូលកសិករ នៅភូមិគ្រួស ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ នៅវ័យ១៤ឆ្នាំ ស្រីនាង បានបាត់បង់ឪពុកជាទីស្រឡាញ់ ដោយសារជំងឺរ៉ាំរ៉ៃ តាំងពីនាងទើបតែចូលរៀននៅកម្រិតអនុវិទ្យាល័យថ្នាក់ទី៧ មកម្ល៉េះ។ ការបាត់បង់​មួយនេះ បានធ្វើឱ្យស្ថានភាពគ្រួសាររបស់ ស្រីនាង ជួបការលំបាកយ៉ាងខ្លាំង។

មុនទទួលមរណភាពនៅឆ្នាំ២០០៤ ឪពុករបស់នាង បានផ្ដល់បណ្ដាំចុងក្រោយដល់ម្ដាយនាងថា «ត្រូវផ្គត់ផ្គង់ស្រីនាង ឱ្យរៀនរហូតចប់ថ្នាក់វិទ្យាល័យ»។ ពាក្យបណ្ដាំនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើដំណើរជីវិត​របស់ស្រីនាង និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ម្ដាយរបស់គាត់ផងដែរ។

ក្រោយមក ម្តាយរបស់គាត់បានសម្រេចចិត្តមកធ្វើការជាអ្នកអនាម័យក្នុងរោងចក្រមួយនៅភ្នំពេញ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូន រហូតចប់ថ្នាក់ទី១២ នៅឆ្នាំ២០១០។ ការសម្រេចបណ្ដាំឪពុក បានផ្ដល់ឱកាសឱ្យស្រីនាង ប្រឡងការងារក្របខណ្ឌគ្រូថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ និងពេទ្យមធ្យម ប៉ុន្តែជាលទ្ធផល មិនទទួលជោគជ័យនោះទេ។

បើតាមការបញ្ជាក់របស់ ស្រីនាង ពេលនោះ ជាពេលវេលាដ៏លំបាកបំផុត​ ព្រោះម្ដាយរបស់នាងមិនមានលទ្ធភាពផ្គត់ផ្គង់នាងឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានោះទេ​។ ខណៈពេលនោះ ម្ដាយនាងបានពិចារណាលើជម្រើសតែមួយគត់ គឺការលក់ដីស្រែដើម្បីយកប្រាក់បង់ថ្លៃសិក្សារបស់កូន។

“ពេលនោះម្ដាយខ្ញុំចង់លក់ដីស្រែ ដើម្បីបង់ថ្លៃសាលាឱ្យខ្ញុំរៀន ប៉ុន្តែពេលនោះ ខ្ញុំក៏បានប្រាប់គាត់ថា មិនបាច់ធ្វើដូច្នេះទេ ចាំខ្ញុំរកឱកាសដើរខ្លួនឯង ព្រោះប្រសិនបើលក់អស់ទៅយើងនឹងមិនមានដីស្រែ សម្រាប់ធ្វើហូបប្រចាំឆ្នាំទៀតនោះទេ…”

ដើម្បីរកច្រកចេញពីបញ្ហានេះ ស្រីនាង បានសម្រេចចិត្តទៅធ្វើការរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ បន្ទាប់មកនៅភ្នំពេញបណ្តោះអាសន្នសិន ដើម្បីសន្សំប្រាក់សម្រាប់បង់ថ្លៃសិក្សា។ ប៉ុន្តែបន្ទាប់ពីបំពេញការងារបានប្រមាណជិត ១ឆ្នាំ ប្រាក់ចំណូលមិនសល់ដូចការរំពឹងទុកនោះទេ ព្រោះនាងត្រូវផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃច្រើន ខណៈប្រាក់ខែទទួលបានប្រហែល ១០០ដុល្លារប៉ុណ្ណោះ។

នៅចុងឆ្នាំ២០១១ ស្រីនាងបានសម្រេចចិត្តឈប់ពីការងាររោងចក្រ ដោយសារទទួលបានឪកាសធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសកម្រិតមត្តេយ្យ ក្នុងអង្គការមួយនៅស្រុកកំណើត។ ពេលនោះហើយ ដែលក្ដីសង្ឃឹមបន្តការសិក្សាបានចាប់ផ្ដើម។ ការបំពេញការងារជាគ្រូបង្រៀននាពេលនោះ អង្គការបានផ្ដល់ឱកាសឱ្យនាងបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៦ លើជំនាញគណនេយ្យ។ ដោយមានក្តីស្រម៉ៃដើម្បីស្វែងយល់ពីវប្បធម៌ក្រៅប្រទេស ស្រីនាងបានចាប់យកឪកាសអារូបករណ៍វគ្គខ្លីទៅសហរដ្ឋអាមេរិក ក្រោមកម្មវីធី YSEALI PFP នៅឆ្នាំ ២០១៧។

នៅដើមឆ្នាំ២០១៨ ជារបត់ជីវិតថ្មី កញ្ញា ប៉ោក ស្រីនាង បានទទួលការងារជាមន្ត្រីសម្របសម្រួលគម្រោងការអប់រំ ចំណេះដឹងហិរញ្ញវត្ថុសម្រាប់កុមារ នៅអង្គការអន្តរជាតិមួយនៅភ្នំពេញ។ យ៉ាងណាក៏ដោយ ដោយសារតែការងារមានការប្រកួតប្រជែងខ្ពស់បានជំរុញឱ្យនាងត្រូវស្វែងរកឱកាស ដើម្បីទៅបន្តការសិក្សានៅបរទេស ហើយទីបំផុតនៅឆ្នាំ ២០២២ នាងបានប្រឡងជាប់អាហារូបករណ៍ Chevening បន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញអភិវឌ្ឍន៍អន្តរជាតិ នៅសាកលវិទ្យាល័យ Nottingham Trent University និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០២៣។

ឆ្លងកាត់វិញ្ញាសាជីវិតច្រើនដំណាក់កាល បច្ចុប្បន្នកញ្ញា ប៉ោក ស្រីនាង មានវ័យ៣២ឆ្នាំ ជាប្រធានគម្រោងមួយនៃអង្គការពិភពកុមារ និងអភិវឌ្ឍន៍។ គម្រោងដែលនាងគ្រប់គ្រង ផ្ដោតលើការចូលរួមដោះស្រាយបញ្ហាភាពក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លំនៅឋានសុវត្ថិភាព គាំទ្រអាជីវកម្មខ្នាតតូច និងផ្នែកចិត្តសង្គមដល់គ្រួសារងាយរងគ្រោះ។​

ផែនការបន្ទាប់ ស្រីនាងចង់បន្តការងារក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល២ ឬ៣ឆ្នាំទៀត ហើយចង់ផ្លាស់ប្ដូរទៅធ្វើការក្នុងវិស័យស្រាវជ្រាវដោយផ្តោតលើផ្នែកអប់រំ ព្រោះនាងយល់ថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ អាចជួយអ្នកជំនាញក្រោយ និងអ្នកបង្កើតគោលនយោបាយក្នុងការដោះស្រាយបញ្ហាសង្គមបានច្រើន។

ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជីវិត ជាទីពេញចិត្តសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម កញ្ញា ស្រីនាង បានផ្ញើសារទៅកាន់យុវតីជំនាន់ក្រោយថា ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន​ យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ថាខ្លួនឯងជាអ្នកណា? ចង់បានអ្វី? ត្រូវបង្កើតក្ដីស្រមៃច្បាស់លាស់មួយសម្រេចខ្លួនឯង ជាពិសេស ត្រូវមានការតាំងចិត្តខ្ពស់ដើម្បីជំនះរាល់ឧបសគ្គចំពោះមុខ៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា