បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតជំរុញឱ្យយុវជនចូលរួម TVET DAY ដើម្បីស្វែងយល់ជំនាញ និងបច្ចេកវិទ្យាថ្មីៗ

និស្សិតជំរុញឱ្យយុវជនចូលរួម TVET DAY ដើម្បីស្វែងយល់ជំនាញ និងបច្ចេកវិទ្យាថ្មីៗ

ខណៈយុវជនជាច្រើនកំពុងស្វែងរកទិសដៅសិក្សាបន្ទាប់ពីប្រឡងបាក់ឌុប និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកទេសបានអំពាវនាវឱ្យសិស្សានុសិស្ស និងយុវជនចូលរួមទស្សនាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) ដើម្បីស្វែងយល់ពីជំនាញផ្សេងៗ បច្ចេកវិទ្យាថ្មី និងឱកាសការងារនាពេលអនាគត។

Advertisement

កញ្ញា លុច សុធារ៉ា និស្សិតនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងថា TVET Day គឺជាឱកាសដ៏ល្អសម្រាប់សិស្សដែលទើបចប់ ឬត្រៀមប្រឡងបាក់ឌុប ហើយមិនទាន់ដឹងថា គួរជ្រើសរើសជំនាញអ្វីសិក្សាបន្ត។

កញ្ញាបាននិយាយថា កម្មវិធីនេះមានការតាំងបង្ហាញស្នាដៃ និងបច្ចេកវិទ្យាថ្មីៗដែលបង្កើតឡើងដោយនិស្សិត ដើម្បីឱ្យសាធារណជនបានឃើញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅកម្ពុជា និងស្វែងយល់ពីជំនាញដែលវិទ្យាស្ថាននានាកំពុងបណ្តុះបណ្តាល។

អូនៗចប់បាក់ឌុប ឬត្រៀមចប់អត់ដឹងថា គួររៀនជំនាញអ្វី អាចមកកម្មវិធីនេះបាន។ TVET Day មិនមែនគ្រាន់តែជាពិព័រណ៍សម្រាប់កម្សាន្តទេ ប៉ុន្តែជាឱកាសល្អសម្រាប់ស្គាល់បច្ចេកវិទ្យាថ្មីៗ និងឱកាសការងារផ្សេងៗ

ស្រដៀងគ្នានេះដែរ លោក ឈាង វិសាល និស្សិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា នៅក្នុងពិព័រណ៍មានការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យាជាច្រើនដែលបង្កើតឡើងដោយនិស្សិត ដូចជា ឆ្កែរ៉ូបូត រ៉ូបូតឆុងកាហ្វេ និងម៉ាស៊ីនបច្ចេកវិទ្យាផ្សេងៗទៀត។

លោកបានបញ្ជាក់ថា ស្នាដៃទាំងនេះនឹងធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើល និងមើលឃើញពីសមត្ថភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា។

លោក វិសាល បាននិយាយថា «អ្នកចូលរួមនឹងបានឃើញអ្វីដែលថ្មីៗដែលនិស្សិតបានបង្កើត។ ខ្ញុំរំពឹងថា រ៉ូបូតមនុស្សនឹងទាក់ទាញអ្នកចូលរួមឱ្យបានឃើញថា ស្នាដៃកូនខ្មែរពិតជាអស្ចារ្យយ៉ាងណា»។

ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា TVET មិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែជាជម្រើសដ៏សំខាន់សម្រាប់យុវជនដែលចង់ទទួលបានជំនាញ និងជោគជ័យក្នុងជីវិត។

ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យ TVET មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និយោជក និងសាធារណជន អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ការអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យ TVET ជាគោលនយោបាយអាទិភាព ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យយុវជនមានសមត្ថភាពពិតប្រាកដ ស្របតាមតម្រូវការទីផ្សារការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពគ្មានការងារធ្វើនៅកម្ពុជា។

សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ឆ្នាំនេះ ​ធ្វើឡើង​ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលកំពុងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា