ទំនាក់ទំនងរវាងបច្ចេកវិទ្យា និងការងារមានការវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានសតវត្សរ៍កន្លងមកនេះ ដែលការរួមបញ្ចូលនៃបច្ចេកវិទ្យានៅគ្រប់ទិដ្ឋភាព នៃកន្លែងធ្វើការបាននិងកំពុងផ្លាស់ប្តូរមិនត្រឹមតែឧបករណ៍ដែលយើងប្រើប្រាស់សម្រាប់បំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្លាស់ប្តូររបៀបរបប នៃការបំពេញកិច្ចការងារស្ទើរតែទាំងស្រុង ក៏ដូចជាតម្រូវការជំនាញថ្មីៗបន្ថែម ដើម្បីអាចដើរឱ្យទាន់ការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យាទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ក្នុងទិដ្ឋភាពជាក់ស្តែងបច្ចេកវិទ្យាពិតជាមានសក្តានុពលក្នុងការជួយជំរុញប្រសិទ្ធភាពការងារ, ជំរុញភាពច្នៃប្រឌិត និងអនុញ្ញាតឱ្យមនុស្សអាចបំពេញកិច្ចការងារបានពីចម្ងាយប្រកបដោយភាពបត់បែន ដែលនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយបានមកពីបច្ចេកវិទ្យា។ ជាមួយនឹងសមត្ថភាពក្នុងការតភ្ជាប់ និងឧបករណ៍ឌីជីថលគ្រប់គ្រាន់ មនុស្សអាចបំពេញកិច្ចការងារបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងឱ្យតែមានអ៊ីនធឺណិត ហើយការធ្វើការងារពីចម្ងាយបានក្លាយជានិន្នាការថ្មីមួយ និងបានធ្វើឱ្យមានការផ្លាស់ប្តូរពីការងារដែលមានមូលដ្ឋាននៅការិយាល័យ ទៅជាការងារដែលមានលក្ខណៈចម្រុះ ដែលនេះផ្តល់ឱ្យនូវភាពបត់បែន និងភាពងាយស្រួលក្នុងការបំពេញកិច្ចការងារ។
បើតាមអត្ថបទស្រាវជ្រាវរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ បច្ចុប្បន្នមានក្រុមហ៊ុន ឬអាជីវកម្មជាច្រើនបានអនុវត្តរបៀបធ្វើការងារពីចម្ងាយ ដែលអាចនាំយកអ្នកមានទេពកោសល្យពីក្រៅប្រទេស ដែលវាជួយពង្រីកសមត្ថភាពទេពកោសល្យនៅក្នុងស្ថាប័នផងដែរ។ ជាការកត់សម្គាល់មួយទៀត ក្រៅពីការពង្រីកវិសាលភាព នៃការទទួលយករបៀបធ្វើការងារបែបចម្រុះ ដែលបុគ្គលិកអាចធ្វើការពីចម្ងាយ ឬក៏បំពេញកិច្ចការនៅក្នុងការិយាល័យ ក៏មានការចាប់យករបៀបធ្វើការងារបែបថ្មីបន្ថែមទៀត នោះគឺការងារជាអ្នកធ្វើការឯករាជ្យ ឬ Digital Nomad។
មានថ្នាលឌីជីថលជាច្រើនដូចជា Khmer Tech Market, Upwork, Fiverr និង TaskRabbit ជាដើម ដែលកំពុងធ្វើការផ្សារភ្ជាប់រវាងអ្នកផ្តល់សេវា (អ្នកធ្វើការងារឯករាជ្យ) និងអ្នកទទួលសេវាទៅតាមតម្រូវការប្រកបដោយភាពបត់បែន។ ការណ៍នេះ បានបង្កើតឱកាសឱ្យមនុស្សអាចធ្វើការងារដោយឯករាជ្យ ជំនួសឱ្យការងារពេញម៉ោង និងអចិន្រ្តៃយ៍តាមបែបប្រពៃណី ដែលជួយឱ្យពួកគេកាន់តែមានសេរីភាពក្នុងការច្នៃប្រឌិត និងធ្វើឱ្យការបំពេញកិច្ចការងារកាន់តែមានប្រសិទ្ធភាព។
ការកើនឡើង នៃអ្នកធ្វើការងារឯករាជ្យ
នាពេលបច្ចុប្បន្ននេះ ទីផ្សារការងារត្រូវបានប្រែប្រួល ក្រោមឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានបង្កើតឱ្យមានបច្ចេកវិទ្យាថ្មីៗជាច្រើន។ ការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យា បានបង្កើតជាជំនាញឌីជីថលថ្មីជាច្រើន និងបានផ្លាស់ប្តូររបៀបធ្វើការងារនាពេលបច្ចុប្បន្ន។ បន្ថែមពីការធ្វើការងារបែបប្រពៃណី ការធ្វើការងារឯករាជ្យ ក៏មានការកើនឡើង និងមានភាពលេចធ្លោនៅក្នុងទីផ្សារការងារសកលលោកផងដែរ។ ប៉ុន្តែការធ្វើការងារឯករាជ្យ មិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ដោយការងារបែបនេះ ទាមទារឱ្យមាននូវក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារ ក៏ដូចជាមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាផងដែរ ដោយហេតុថា ពួកគេត្រូវធ្វើការផ្ទាល់ជាមួយនឹងអតិថិជន, ក្នុងន័យនេះ ការងារតាំងពីការជួបជាមួយអតិថិជន ការចរចា និងរហូតដល់ការបំពេញសេវាកម្ម ពួកគេត្រូវរ៉ាប់រងដោយខ្លួនឯង។
ឥទ្ធិពល នៃបច្ចេកវិទ្យាលើការងារនៅក្នុងវិស័យសំខាន់ៗ
បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃសង្គមទំនើប ដោយប្រែក្លាយពីរបៀបដែលអាជីវកម្មដំណើរការ និងផ្លាស់ប្តូរទីផ្សារការងារនៅទូទាំងឧស្សាហកម្មទាំងអស់។ ភាពជឿនលឿន នៃ AI, ស្វ័យប្រវត្តិកម្មរ៉ូបូត និងថ្នាលឌីជីថល បាននិងកំពុងបង្កើតឱកាសការងារថ្មីៗ ខណៈពេលដែលការវិវត្តទាំងនេះក៏បានកាត់បន្ថយបន្តិចម្តងៗ នៃរបត់ការងារបែបប្រពៃណីមួយចំនួនផងដែរ។ ទន្ទឹមនេះ ការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងលើតួនាទីការងារ, តម្រូវការជំនាញ និងគំរូការងារក្នុងវិស័យផ្សេងៗ ដែលចាំបាច់តម្រូវឱ្យមានការសម្របខ្លួន និងការរៀនសូត្រឱ្យបានរហ័ស និងទាន់ពេលវេលា។
វិស័យផលិតកម្ម ៖ កន្លងមករបបការងារនៅក្នុងរោងចក្រ គឺពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មរបស់មនុស្ស ដែលជាហេតុធ្វើឱ្យផលិតកម្មមានភាពយឺតយ៉ាវ និងទទួលបានផលិតផលតិច។ យ៉ាងណាមិញ ការរីកចម្រើននៃបច្ចេកវិទ្យា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម និងរ៉ូបូត បានជំនួសការងារទាំងនោះស្ទើរតែទាំងស្រុង ដោយជួយសម្រួលដល់ការងារដែលត្រូវប្រើប្រាស់កម្លាំងពលកម្មខ្លាំង និងការងារដដែលៗប្រចាំថ្ងៃរបស់មនុស្សបាន។ ការផ្លាស់ប្តូរនេះ បាននាំឱ្យមានការថយចុះនៃតម្រូវការកម្លាំងពលកម្មដែលគ្មានជំនាញ ហើយបានបង្កើនតម្រូវការសម្រាប់អ្នកជំនាញដែលយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា និងអ្នកជំនាញដំណើរការថែទាំកម្មវិធីសម្រាប់ដំណើរការម៉ាស៊ីនវិញ។ ការណ៍នេះ តម្រូវឱ្យបុគ្គលិកនៅក្នុងវិស័យនេះ ចាំបាច់ត្រូវពង្រឹង និងពង្រីកជំនាញរបស់ខ្លួនឱ្យបានជាប្រចាំ ដើម្បីចៀសវាងការជំនួសដោយបច្ចេកវិទ្យាថ្មីៗទាំងនោះ។
វិស័យសុខាភិបាល ៖ បច្ចេកវិទ្យាបានក្លាយជាផ្នែកដែលមិនអាចខ្វះបាននៅក្នុងវិស័យសុខាភិបាល ដោយបច្ចេកវិទ្យាបានជួយសម្រួលដល់ការងារសំខាន់ៗ ដូចជា ការបង្កើនការថែទាំអ្នកជំងឺ, សម្រួលប្រតិបត្តិការ និងជំរុញការបង្កើតថ្មីជាដើម។ ជាក់ស្តែង ការប្រើប្រាស់ Electronic Health Records បានផ្លាស់ប្តូរការគ្រប់គ្រងទិន្នន័យរបស់អ្នកជំងឺប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់ និងជួយសម្រួលដល់ការសម្រេចចិត្តផងដែរ។ Telemedicine អនុញ្ញាតឱ្យអ្នកជំនាញថែទាំសុខភាពពិគ្រោះយោបល់ជាមួយអ្នកជំងឺពីចម្ងាយ និងពង្រីកលទ្ធភាពទទួលបានសេវាវេជ្ជសាស្រ្ត។ បន្ថែមពីនេះ AI ក៏បានជួយដល់ការវិភាគរោគវិនិច្ឆ័យ, ការធ្វើផែនការព្យាបាល និងបង្កើនការសម្រេចចិត្តផ្នែកព្យាបាល។ ភាពជឿនលឿន នៃបច្ចេកវិទ្យាទាំងនេះ ទាមទារឱ្យបុគ្គលិកក្នុងវិស័យនេះ ត្រូវព្យាយាមសិក្សារៀនសូត្រជាបន្តបន្ទាប់ និងព្យាយាមបន្សាំខ្លួនទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាថ្មីៗ។
វិស័យអប់រំ ៖ នៅក្នុងយុគសម័យឌីជីថល វិស័យអប់រំបាននិងកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការសិក្សាតាមប្រព័ន្ធឌីជីថល ជាពិសេស ជាមួយនឹងការកើនឡើង នៃថ្នាលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំផ្ទាល់ខ្លួន ដែលជំរុញដោយ AI។ វគ្គសិក្សាតាមអ៊ីនធឺណិត, ថ្នាក់រៀននិម្មិត និងកម្មវិធីបង្រៀនដោយ AI ផ្តល់នូវបទពិសោធន៍សិក្សាតាមតម្រូវការ ដែលធ្វើឱ្យការអប់រំកាន់តែងាយស្រួលដល់សិស្សទូទាំងសកលលោក។ ខណៈពេលដែលតួនាទី នៃការបង្រៀនបែបប្រពៃណីអាចនឹងមានការធ្លាក់ចុះ បច្ចេកវិទ្យាក៏បានបង្កើតនូវឱកាសថ្មីៗសម្រាប់អ្នកបង្កើតខ្លឹមសារអប់រំតាមប្រព័ន្ធអេឡិចត្រូនិក អ្នករចនាមេរៀន និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាអប់រំផងដែរ។ បន្ថែមពីនេះ គ្រូបង្រៀនអាចបង្កើតបទពិសោធន៍សិក្សាល្អៗ ផ្តល់ជំនួយដល់ការសិក្សារបស់សិស្សបានគ្រប់ពេលវេលា និងតាមដានវឌ្ឍនភាពរបស់សិស្សកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ថ្នាលសិក្សាអនឡាញនានា។
វិស័យកសិកម្ម ៖ បច្ចេកវិទ្យាឌីជីថលបានក្លាយជាចលករមួយយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី ដែលទទួលបានកសិផលតិចតួច មកជាកសិកម្មបែបទំនើប ដែលទទួលបានទិន្នផលច្រើន តាមរយៈការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិកម្ម និងដ្រូនជាដើម។ បន្ថែមពីនេះ ឧបករណ៍ចាប់សញ្ញា IoT និង AI ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសុខភាពដី និងបង្កើនប្រសិទ្ធភាពប្រព័ន្ធធារាសាស្រ្ត, កាត់បន្ថយកាកសំណល់ និងបង្កើនទិន្នផល, ជួយក្នុងការព្យាករគំរូអាកាសធាតុ និងបង្កើនប្រសិទ្ធភាពការបែងចែកធនធានផងដែរ។ ក្នុងន័យនេះ កសិករត្រូវយល់ដឹងពីការវិភាគទិន្នន័យ និងប្រើប្រាស់ឧបករណ៍កសិកម្មឆ្លាតវៃ, ផ្លាស់ប្តូរធម្មជាតិ នៃការងារកសិកម្ម ពីកម្លាំងពលកម្មដោយដៃ ទៅជាប្រតិបត្តិការដែលដំណើរការដោយបច្ចេកវិទ្យា ដើម្បីអាចបង្កើនផលិផល និងអាចប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
វិស័យដឹកជញ្ជូន ៖ វិស័យដឹកជញ្ជូន និងឡូជីស្ទិក បាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដំណាក់កាល ពីការប្រើប្រាស់សត្វ ដើម្បីដឹកទំនិញ រហូតដល់ការប្រើប្រាស់នាវា, យន្តហោះ និងរថភ្លើងដឹកទំនិញឆ្លងប្រទេស និងតំបន់ ហើយមកដល់ពេលបច្ចុប្បន្ននេះ គឺមានការវិវត្តដល់ការប្រើប្រាស់យានជំនិះ ដែលបើកបរដោយខ្លួនឯងទៀតផង។ យ៉ាងណាមិញ ស្វ័យប្រវត្តិកម្មក៏បានគំរាមកំហែងដល់ឱកាសការងារដូចជា អ្នកបើកបរឡានដឹកទំនិញ និងសេវាកម្មដឹកជញ្ជូនជាដើម ដែលជាហេតុចាំបាច់ទាមទារឱ្យមានការរៀនសូត្របន្ត និងសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី, ផ្លាស់ប្តូរតួនាទីការងារប្រពៃណី និងជំរុញការបង្កើតថ្មីនៅក្នុងឧស្សាហកម្មដឹកជញ្ជូន។ ជាក់ស្តែង ស្វ័យប្រវត្តិកម្ម តាមរយៈយានជំនិះដែលបើកបរដោយខ្លួនឯង និង AI-optimized Logistics ទាមទារជំនាញថ្មីក្នុងការវិភាគទិន្នន័យ និងការថែទាំប្រព័ន្ធ។ ថ្នាល់ឌីជីថល ចាប់ពីកម្មវិធីចែករំលែកការជិះ (Ride Sharing) រហូតដល់ការគ្រប់គ្រងចរាចរណ៍តាមពេលវេលាជាក់ស្តែង បានបង្កើតតួនាទីក្នុងការអភិវឌ្ឍកម្មវិធី និងវិទ្យាសាស្រ្តទិន្នន័យ៕
តើយុវជនកម្ពុជាបានត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលនៃរបត់ការងារសម័យទំនើបហើយឬនៅ?