បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថប្រយោជន៍​សុខភាព​ទាំង ​៧​ ​របស់​ផ្លែ​ក្រូច​ថ្លុង​

អត្ថប្រយោជន៍​សុខភាព​ទាំង ​៧​ ​របស់​ផ្លែ​ក្រូច​ថ្លុង​

​ផ្លែ​ក្រូច​ថ្លុង​ ​គឺជា​ផ្លែ​ឈើ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​ប្រទេស​កម្ពុជា​ ​ដែល​មិន​ត្រឹមតែ​មាន​ឱជារស​ឆ្ងាញ់​ ​ជូរ​អែម​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​និង​គេ​អាច​យក​វា​ច្នៃ​ជា​មុខ​ម្ហូប​បាន​ច្រើន​មុខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ឃ្លាំង​ផ្ទុក​វីតាមីន ​និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ជា​ច្រើន​ផងដែរ​។ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​ទាំង ​៧​ ​យ៉ាង​ពី​ផ្លែ​ក្រូច​ថ្លុង​ ​ដែល​លោក​អ្នក​គួរ​ស្វែងយល់​ ​និង​បន្ថែម​ទៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​៖​

Advertisement

​១. ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ ​៖ ​ទោះបីជា​ផ្លែ​ឪ​ឡឹក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្តេច​បំពេញ​ជាតិ​ទឹក​ក៏ដោយ​ ​ប៉ុន្តែ​ផ្លែ​ក្រូច​ថ្លុង​ក៏​មាន​សមត្ថភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​។ ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​អាមេរិក​ ​(​USDA​) ​ផ្លែ​ក្រូច​ថ្លុង​មាន​ផ្ទុក​ជាតិ​ទឹក​រហូតដល់ទៅ​ ​៩១.៦​%​។ ​ការ​ទទួលបាន​ជាតិ​ទឹក​ពី​អាហារ​បន្ថែម​ពីលើ​ការ​ផឹក​ទឹក​ស្អាត ​ជួយ​កាត់បន្ថយ​ភាព​ស៊ាំ​ទ្រ​លាន់​ និង​ជួយ​ឱ្យ​រាងកាយ​ទទួលបាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​ដែល​មាន​អត្ថប្រយោជន៍​ជួយ​ការពារ​ការ​ទល់​លាមក​ ​បង្កើន​មុខងារ​ខួរក្បាល​ ​និង​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​។​

​២.​ ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ឱ្យ​រឹងមាំ​ ​៖ ​ការ​ទទួលទាន​ផ្លែ​ក្រូច​ថ្លុង​អាច​ជួយ​ការពារ​រាងកាយ​ពី​ជំងឺ​ផ្តាសាយ ​និង​មេរោគ​ផ្សេង​ៗ​បាន​យ៉ាង​ប្រសើរ​។ ​ជាតិ​សរសៃ​ប្រភេទ​ ​ប៉ិកទីន ​(​Pectin​) ​នៅក្នុង​ក្រូច​ថ្លុង​ ​ជួយ​រក្សា​លំនឹង​ស្រទាប់​ពោះវៀន​ ​ទប់ស្កាត់​សញ្ញា​រលាក​ និង​បង្កើត​សារធាតុ​ជំនួយ​ដល់​ប្រព័ន្ធ​ស៊ាំ​។ ​លើស​ពី​នេះ​ ក្រូច​ថ្លុង​ ​១​ ​ពែង​ មាន​វីតាមីន​ ​C​ ​រហូតដល់​ ​៨៥​ ​មីលីក្រាម​ ​ដែល​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ វីតាមីន​ ​C​ ​អាច​ជួយ​កាត់បន្ថយ​រយៈពេល​ ​និង​កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​ប្រសិនបើ​លោកអ្នកទទួលទាន​វា​ជាប្រចាំ​។​

​៣. ​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ ​៖ ​ផ្លែ​ក្រូច​ថ្លុង​កន្លះ​ផ្លែ​ផ្តល់​ថាមពល​ត្រឹមតែ​ ​៣៧​ ​កាឡូរី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​វា​មាន​ជាតិ​សរសៃ​រហូតដល់​ ​២​ ក្រាម​ ​ដែល​ជួយ​ឱ្យ​លោក​អ្នក​មានអារម្មណ៍​ថា​ឆ្អែត​បាន​យូរ​។ ​ការ​សិក្សា​មួយ​បាន​រកឃើញ​ថា​ ​អ្នក​ដែល​ទទួលទាន​ក្រូច​ថ្លុង​កន្លះ​ផ្លែ​រាល់​ពេល​បាយ​ រយៈពេល​ ​៦​ ​សប្តាហ៍​ ​អាច​សម្រក​ទម្ងន់​ ​និង​កាត់បន្ថយ​ទំហំ​ចង្កេះ​បាន​យ៉ាង​ច្រើន​។​

​៤.​ ​កាត់បន្ថយ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន ​៖ ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន​កើតឡើង​នៅ​ពេល​ដែល​កោសិកា​រាងកាយ​មិន​ឆ្លើយតប​ល្អ​ជាមួយ​អាំងស៊ុយលីន ​ដែល​ធ្វើឱ្យ​ជាតិ​ស្ករ​កើនឡើង​ក្នុង​ឈាម​ ​និង​ឈាន​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ​ការ​សិក្សា​រយៈពេល​ ​១២​ ​សប្តាហ៍​លើ​មនុស្ស​ពេញ​វ័យ​ដែល​មាន​គីឡូ​ខ្លាំង​ ​បាន​បង្ហាញ​ថា​ ​អ្នក​ដែល​ទទួលទាន​ក្រូច​ថ្លុង​ស្រស់​កន្លះ​ផ្លែ ​៣​ ​ដង​ក្នុង​មួយ​ថ្ងៃ​ ​មាន​ការ​វិវត្ត​ល្អ​ប្រសើរ​ឡើងវិញ​នៃ​កម្រិត​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន​។ ​ជាតិ​សរសៃ​នៅក្នុង​ក្រូច​ថ្លុង​ជួយ​ពន្យារ​ការ​ស្រូបយក​អាហារ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ ​ដែល​ជួយ​ការពារ​ការ​កើនឡើង​គំហុក​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​៥. ​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ​ និង​ក្មេង​ជាង​វ័យ​ ៖​ ​ទោះបីជា​ក្រូច​ថ្លុង​មិន​មាន​ផ្ទុក​ជាតិ​ខូឡា​ជែន ​(​Collagen​) ​ដោយ​ផ្ទាល់​ក៏ដោយ​ ​ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​C​ ​ដែល​ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ ​និង​បង្កើត​ខូឡា​ជែន​នៅក្នុង​ស្បែក​ ធ្វើឱ្យ​ស្បែក​តឹង​ណែន ​និង​មាន​សំណើម​។ ​លើស​ពី​នេះ​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វីតាមីន​ ​C​ ​ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​ ​UV​ ​ពី​ពន្លឺ​ព្រះអាទិត្យ​ផងដែរ​។​

​៦. ​កាត់បន្ថយ​ហានិភ័យ​ នៃ​ជំងឺ​មហារីក​ប្រូស្តាត​ ​៖ ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​សារធាតុ​ ​Bergamottin​ ​ដែល​មាន​នៅក្នុង​ទឹកក្រូច​ថ្លុង ​អាច​ជួយ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ប្រូស្តាត​។​ ម្យ៉ាង​វិញ​ទៀត​ ​ក្រូច​ថ្លុង​ពណ៌​ផ្កាឈូក​ ​និង​ពណ៌​ក្រហម​មាន​ផ្ទុក​សារធាតុ​ លីកូ​ពែន ​(​Lycopene​) ​ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ​ផ្សារភ្ជាប់​ទៅនឹង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ប្រូស្តាត​ចំពោះ​បុរស​។

​៧. ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ ​៖​ ​ក្រូច​ថ្លុង​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូតាស្យូម​ ​(​Potassium​) ​ដោយ​ក្នុង​មួយ​ពែង​មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ដល់​ទៅ​ ​២៩២​ ​មីលីក្រាម​។ ​ជាតិ​រ៉ែ​មួយ​នេះ​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជាតិ​សូដ្យូម​ ​(​ប្រៃ​) ​លើ​ប្រព័ន្ធ​បេះដូង​ ​និង​ជួយ​សម្រាល​សម្ពាធ​នៅក្នុង​សរសៃ​ឈាម​។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​ ​ការ​ទទួលទាន​ក្រូច​ថ្លុង​ ​ឬ​ផឹក​ទឹកក្រូច​ថ្លុង​ជាប្រចាំ​ ​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​សរុប​ ​និង​កាត់បន្ថយ​ភាព​រឹង​នៃ​សរសៃ​ឈាម​អាកទែ​។​

​⚠️ ​សារ​ដាស់តឿន​៖​ ​ប្រសិនបើ​លោកអ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ពេទ្យ​ប្រចាំ​កាយ​ ​ជាពិសេស​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ​ឬ​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ​ឬ​ឱសថការី​ជាមុន​សិន ​ព្រោះ​សារធាតុ​នៅក្នុង​ផ្លែ​ក្រូច​ថ្លុង​អាច​មាន​ប្រតិកម្ម​អវិជ្ជមាន​ ​ឬ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​មួយចំនួន​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា