អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រចំពោះកម្មវិធី សួនសិក្សា ដែលផ្តោតលើការសិក្សាអនុវត្តជាក់ស្តែង ដូចជា ផ្ទះបាយសិក្សា និងការអប់រំពីយេនឌ័រ នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប ដោយចាត់ទុកថា កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារកម្ពុជា។
ឯកឧត្តម Derek Yip អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានអញ្ជើញធ្វើទស្សនកិច្ចសាលាបឋមសិក្សាមួយនៅខេត្តសៀមរាប ដែលរៀបចំដោយអង្គការ ភ្លែន អន្តរជាតិ កម្ពុជា។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែន អន្តរជាតិ កម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងដំណើរទស្សនកិច្ចនេះ អគ្គរដ្ឋទូតអូស្ត្រាលីបានទស្សនាហេដ្ឋារចនាសម្ព័ន្ធសាលារៀន រួមមាន ថ្នាក់រៀន សួនកំសាន្ត និងជាពិសេសកម្មវិធី សួនសិក្សា ដែលភ្ជាប់ជាមួយការសិក្សា ផ្ទះបាយសិក្សា និងការអប់រំពីយេនឌ័រ។
លោកបន្តថា អគ្គរដ្ឋទូតអូស្ត្រាលីបានសម្តែងការពេញចិត្តចំពោះកម្មវិធីនេះ ព្រោះវាជួយឱ្យសិស្សទទួលបានបទពិសោធន៍សិក្សាជាក់ស្តែង ដូចជា ការដាំបន្លែ និងការចម្អិនអាហារ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រីកកម្មវិធីនេះទៅកាន់សាលាផ្សេងៗទៀតក្នុងខេត្តសៀមរាប ដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ឯកឧត្តមអគ្គរដ្ឋទូតមានទឹកមុខសប្បាយរីករាយ ពេលបានឃើញក្មេងៗទទួលបានការអប់រំ និងរៀនជំនាញជាក់ស្តែង ដូចជា ការដាំបន្លែ និងការចម្អិនអាហារ។ ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងបន្តពង្រីកទៅកាន់សាលាផ្សេងៗទៀតក្នុងខេត្តសៀមរាប
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែន អន្តរជាតិ កម្ពុជា
ក្នុងអំឡុងពេលទស្សនកិច្ចនេះផងដែរ អគ្គរដ្ឋទូតអូស្ត្រាលីបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមកពីប្រទេសអូស្ត្រាលី អំពីការយល់ឃើញរបស់ឯកឧត្តមចំពោះកម្មវិធីសួនសិក្សា។ ឯកឧត្តមក៏បានចូលរួមភ្លក់អាហារដែលចម្អិនដោយកុមារ និងលេងល្បែងប្រជាប្រិយខ្មែរ មុនបញ្ចប់ដំណើរទស្សនកិច្ច។
សូមជម្រាបថា អង្គការភ្លែន អន្តរជាតិ កម្ពុជា បានគាំទ្រសាលារៀនជាង ៨០សាលា នៅក្នុងខេត្តសៀមរាប ក្នុងការរៀបចំ សួនសិក្សា សម្រាប់សិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដើម្បីពង្រឹងគុណភាពអប់រំ និងបង្កើនលទ្ធផលសិក្សារបស់សិស្សានុសិស្ស។
គម្រោងនេះក៏មានគោលបំណងបង្កើតបរិយាកាសសិក្សាដែលលើកកម្ពស់ ភាពស្មើគ្នារវាងកុមារី និងកុមារា និងជំរុញបរិយាបន្នភាពនៅក្នុងសាលារៀនផងដែរ៕