បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងលើកកម្ពស់សមត្ថភាពជំនាញឆុងកាហ្វេរបស់យុវជនកម្ពុជា

ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងលើកកម្ពស់សមត្ថភាពជំនាញឆុងកាហ្វេរបស់យុវជនកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភ្នំពេញ — ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងដោយ​ទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន, កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh, One park រាជធានីភ្នំពេញ។

Advertisement

ក្នុងសន្និសីទសារព័ត៌មាន​កាលពីរសៀលថ្ងៃពុធ (១៨ មីនា) ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន នឹងជួយ​លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏​បានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ “ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ” (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនមកកាន់កម្ពុជាថែមទៀត។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ ក៏ជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍

លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB បន្ថែមថា កម្មវិធីនៃការប្រកួតនេះ នឹងក្លាយ​ជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ គិរីកាហ្វេ (Kiri Coffee) ដែលមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាកញ្ចប់ថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជា ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រកួតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន International Championship of Latte Art (ICLA) របស់ប្រទេសចិន ហើយកម្ពុជាជាប្រទេសទី១ ដែលស្ថាប័ននេះពង្រីកវិសាលភាពរបស់ខ្លួន ដោយគ្រោងនឹងពង្រីកកម្មវិធីនេះជាបន្តបន្ទាប់នៅអាស៊ី និងអឺរ៉ុប។

កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

បើតាម ឯកឧត្តម ឱក តារារិទ្ធិ ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ (Yearly Calendar) របស់ក្រសួងទេសចរណ៍កម្រិតអន្តរជាតិ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេ ឱកាសពង្រីកអាជីវកម្មក្នុងវិស័យកាហ្វេរវាងកម្ពុជា-ចិន និងអន្តរជាតិ ក៏ដូចជាលើកកម្ពស់អាជីវកម្មក្នុងខ្សែរច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យកាហ្វេ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា