ក្រុមយុវជន Catch Athletics ដែលមានសមាជិក ៨នាក់ បានរៀបចំគំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដោយការរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ “Fun Run” កាលពីថ្ងៃអាទិត្យ (៣១ ឧសភា) នៅបុរី ប៉េងហួត បឹងស្នោរ ដើម្បីកៀរគរថវិកាជួយដល់វិស័យអំណាន និងការអប់រំរបស់កុមារកំព្រាក៏ដូចជាកុមារខ្វះខាតនៅកម្ពុជា តាមរយៈអង្គការស៊ីប៉ា (Sipar)។ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានអ្នកចូលរួមប្រមាណជាង ៧០០នាក់ លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ។
លោក ទូច ជេដ្ធាមុនី CEO Catch Athletics និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run ប្រាប់ AMS ថា ក្រុមរបស់លោក រៀបចំកម្មវិធីរត់នេះឡើង ព្រោះចង់ជួយកុមារកំព្រា ដែលគ្មានលទ្ធភាពសិក្សា អាចមានឱកាសទទួលបានការសិក្សា។ លោក មុនី បន្តថា ថវិកាដែលទទួលបានពីការចុះឈ្មោះ នឹងប្រគល់ជូនអង្គការស៊ីប៉ា ដើម្បីជួយកុមារទាំងអស់នៅកម្ពុជា។
លោក ទូច ជេដ្ធាមុនី CEO Catch Athletics និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run
«ខ្ញុំបានជ្រើសរើសការរត់ ដើម្បីជួយក្មេងៗ ព្រោះសង្កេតឃើញថា បច្ចុប្បន្ន មនុស្សចូលចិត្តរត់ច្រើន ហើយខ្ញុំចង់ធ្វើដើម្បីសហគមន៍មានការជួបជុំគ្នា វាជាឱកាសដ៏ល្អ»
អ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run បន្ថែមថា ការជ្រើសរើសផ្ដល់ថវិកាជូនអង្គការស៊ីប៉ា ព្រោះជាគ្រឹស្ថានបោះពុម្ពផ្សាយសៀវភៅជូនទៅក្មេងៗដែលគ្មានលទ្ធភាពរៀន ដែលនេះជាការលើកកម្ពស់វិស័យអំណាន។ មុនី រំពឹងថា អ្នកចូលរួមព្រឹត្តិការណ៍រត់នេះ នឹងមានការជួបជុំគ្នា ជួបមិត្តភក្ដិថ្មីៗ ហើយរួមចំណែកជួយដល់កុមារឱ្យទទួលបានការអប់រំ។
លោក ខែម ថាន់ ប្រធានកម្មវិធីបណ្ណាល័យចល័តអង្គការស៊ីប៉ា
លោក ខែម ថាន់ ប្រធានកម្មវិធីបណ្ណាល័យចល័តអង្គការស៊ីប៉ា មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ ដែលរៀបចំដោយក្រុមប្អូនៗយុវជន គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជួយអភិវឌ្ឍវិស័យអំណាន និងវិស័យអប់រំសម្រាប់មនុស្សជាង ៣៦ម៉ឹននាក់ តាមរយៈអង្គការស៊ីប៉ា។
យើងមិនត្រឹមចូលរួមតែក្នុងការរត់ដើម្បីសុខភាពទេ ប៉ុន្តែបានចូលរួមយ៉ាងសំខាន់មួយទៀតនៅក្នុងវិស័យអប់រំ
កញ្ញា វត្តី ជាសិស្សថ្នាក់ទី១១ នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ
កញ្ញា វត្តី ជាសិស្សថ្នាក់ទី១១ នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដែលបានចូលរួមរត់ចម្ងាយ ៧គីឡូម៉ែត្រ លើកឡើងថា នេះជាលើកទីមួយហើយដែលរូបនាងចូលរួមរត់កម្សាន្តនៅក្នុងព្រឹត្តិការណ៍រត់ Fun Run ។ កញ្ញាថា ការចូលរួមកម្មវិធីនេះពិតជាសប្បាយរីករាយ ដោយកញ្ញាបានជួបជុំមិត្តភក្ដិ ក៏ដូចជាបានបង្កើតមិត្តភក្ដិថ្មីៗ។
កញ្ញា វត្តី បញ្ជាក់ថា កម្មវិធីនេះ រៀបចំបានល្អ មានពេលវេលាកំណត់ច្បាស់លាស់ ហើយគោលបំណងនៃកម្មវិធីនេះ ដើម្បីធ្វើសប្បុរសធម៌ មានន័យថា កម្មវិធីនេះល្អ អាចជួយទៅដល់កុមារខ្វះខាតផ្សេងៗ៕