សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ ដើម្បីចូលរួមវិនិយោគលើមូលធនមនុស្សកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science)។

សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ ដើម្បីចូលរួមវិនិយោគលើមូលធនមនុស្សកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science)។
កញ្ចប់ថវិកា ៨លានអឺរ៉ូ នេះ នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៨០នាក់ ដើម្បីបន្តការសិក្សាផ្នែក STEM នៅតំបន់អឺរ៉ុប។ កញ្ចប់ថវិកា ក៏រួមបញ្ចូលទាំងកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន និងកម្មសិក្សា ទៅកាន់ប្រទេសអាល្លឺម៉ង់, បារាំង និងប្រទេសហ្វាំងឡង់ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការផ្តល់ថវិកា ៨លានអឺរ៉ូ របស់សហភាពអឺរ៉ុបនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់មូលធនមនុស្សរបស់កម្ពុជា ដោយនឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលមានសមត្ថភាព អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសាកលវិទ្យាល័យឈានមុខនានាក្នុងតំបន់អឺរ៉ុប។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការវិនិយោគនេះ ក៏មានគោលបំណងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងឌីជីថល។ ដោយជាមួយគ្នាកម្មវិធីនេះ ក៏នឹងជួយពង្រឹងការផ្ទេរចំណេះដឹង ការច្នៃប្រឌិត និងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងអឺរ៉ុប។
ចាប់តាំងពីឆ្នាំ២០០៣មក សហភាពអឺរ៉ុប បានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងផ្តល់ការគាំទ្រដល់វិស័យអប់រំ។ តាមរយៈភាពជាដៃគូនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ចាប់តាំងពីការបង្កើនអត្រាចុះឈ្មោះចូលរៀននៅគ្រប់កម្រិត រហូតដល់ការលើកកម្ពស់គុណភាពអប់រំដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងតំបន់។

យ៉ាងណាក៏ដោយតាមរយៈ កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជឿជាក់ថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ទាំងផ្នែកចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ៕
