ក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបង្ហាញពីផែនការសកម្មភាពសំខាន់ចំនួន៤ ដែលសហព័ន្ធនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦នេះ ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់វិស័យឯកជន។
បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ហុង លីម ក្នុងឆ្នាំ២០២៦នេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា មានផែនការ ១. លើកកម្ពស់គុណភាពអប់រំ ធានាគុណភាពបង្រៀន និងសិក្សាឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដោយការចុះត្រួតពិនិត្យផ្ទាល់ និងផ្តល់ការប្រឹក្សាយោបល់ដល់សមាជិក, ២. អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណ:គ្រប់គ្រងដោយរៀបចំវគ្គបណ្តុះបណ្តាល និងពង្រីកបណ្តាញចែករំលែកបទពិសោធន៍រវាងសាលាដែលជាសមាជិក, ៣. បន្តចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នដៃគូនានា និង ៤. អភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការអប់រំឌីជីថល ដោយជំរុញលើការ digital transformation ក្នុងសាលា និងប្រើបច្ចេកវិទ្យាក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រង រៀន និងបង្រៀន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសាទរចំពោះគណៈគ្រប់គ្រង នាយក នាយិកា និងគ្រូបង្រៀនឆ្នើមមកពីស្ថាប័នអប់រំចំនួន ១៤០ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួមចំណែកក្នុងការជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីកំណែទម្រង់វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំមកនេះ ដូចជាកំណែទម្រង់សាលារៀនជាដើម ដោយគូសបញ្ជាក់ថា កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូតលាស់យ៉ាងឆាប់រហ័ស ព្រមទាំងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏ដូចជាការគ្រប់គ្រង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យវិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា សម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី៕