រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា កម្មវិធីទាំងអស់នេះ គឺដើម្បីអាចឱ្យយុវជនយើងមានស្មារតីស្នេហាជាតិ ហើយទោះបីជាពួកគេនៅបរទេស ក៏នៅតែមានមនសិការស្រឡាញ់ជាតិដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា គោលដៅសំខាន់ក្នុងវិស័យអប់រំ គឺការបណ្តុះយុវជនឱ្យក្លាយជា ពលរដ្ឋល្អ ដែលមានទាំងស្មារតីស្នេហាជាតិខ្ពស់ និងសមត្ថភាពជាពលរដ្ឋសកល។ ក្នុងន័យនេះ ការសិក្សាប្រវត្តិសាស្ត្រមិនមែនត្រឹមតែជាការចងចាំព្រឹត្តិការណ៍អតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ចាំងឱ្យស្គាល់ពីអត្តសញ្ញាណខ្លួនឯង យល់ដឹងពីឬសគល់នៃបញ្ហាដែលបានកើតឡើង និងចំណុចខ្លាំងខ្សោយរបស់ប្រទេសជាតិ ដើម្បីវិភាគ សិក្សាស្វែងយល់ ទប់ស្កាត់កុំឱ្យប្រវត្តិសាស្ត្រអាចកើតឡើងវិញបាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យធ្វើការកែលម្អវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឱ្យយុវជនជំនាន់ក្រោយចេះវិភាគ ស្វែងយល់ពីអរិយធម៌ និងមានមនសិការស្នេហាជាតិទោះក្នុងកាលៈទេសៈមានជម្លោះ ឬសន្តិភាពក៏ដោយ។
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការកែលម្អគុណភាពជីវភាព ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។ ក្នុងបរិបទនេះ ការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសយុវជន គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ ការបណ្តុះស្មារតីស្នេហាជាតិ ដោយផ្អែកលើចំណេះដឹង ប្រវត្តិសាស្រ្ត វប្បធម៌ ទំនួលខុសត្រូវសង្គម នឹងធ្វើឱ្យយុវជនក្លាយជាកម្លាំងស្នូលក្នុងការការពារ និងកសាងប្រទេសជាតិ និងចូលរួមសម្រេចអនាគតកម្ពុជាប្រកបដោយសន្តិភាព និងចីរភាព៕
























