បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំគាំទ្រគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀនគណិតវិទ្យាសិស្សថ្នាក់ទី៩

ក្រសួងអប់រំគាំទ្រគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀនគណិតវិទ្យាសិស្សថ្នាក់ទី៩

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រចំពោះ​គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ខនក្លូអ៊នស៍ (Confluences) ក្នុងការអនុវត្តសាកល្បងគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀនគណិតវិទ្យាសិស្សថ្នាក់ទី៩ ដោយជឿជាក់ថា គម្រោងនេះ នឹងជួយ​ពង្រឹងសមត្ថភាពសិស្សកម្ពុជា​លើ​មុខ​វិជ្ជា STEM។

Advertisement

Edumalin គឺជាប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថល ដែលផ្តោតលើការរៀននិងបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) សម្រាប់ការអប់រំ K12 ដែលមានទាំងកម្មវិធីសម្រាប់សិស្សរៀន និងកម្មវិធីជំនួយសម្រាប់គ្រូបង្រៀន ដោយបញ្ជ្រាបពីវិធីសាស្ត្របង្រៀនថ្មីៗតាមបែបទំនើប ដោយផ្អែកលើភស្តុតាង គំរូនៃការបង្រៀនច្បាស់លាស់ និងគរុកោសល្យដែលមានរចនាសម្ព័ន្ធ។

ក្នុងជំនួបជាមួយ​ប្រតិភូក្រុមហ៊ុន ខនក្លូអ៊នស៍ កាលពីថ្ងៃអង្គារ (២៥កុម្ភៈ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំ STEM នៅកម្ពុជា នឹងចូលរួមពង្រឹងសមត្ថភាពរបស់សិស្សលើមុខវិជ្ជា STEM ជាពិសេសផ្នែកគណិតវិទ្យា ឆ្ពោះទៅកែលម្អលទ្ធផល PISA ដែលជាសូចនាករចង្អុលបង្ហាញពីគុណភាពអប់រំរបស់កម្ពុជាក្នុងតំបន់ និងកម្រិតអន្តរជាតិ។

បើតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី​ ដើម្បីលើកកម្ពស់ការអប់រំ STEM ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រមួយចំនួនដូចជា ការធ្វើទំនើបកម្មកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន ជំរុញសិស្សស្រីឱ្យចាប់អារម្មណ៍លើជំនាញ STEM និងបន្តពង្រឹងនិងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បង្កើតបន្ទប់ពិសោធន៍ (Labs) ទំនើបៗ បន្ទប់ ICT និងបណ្ណាល័យឌីជីថល និងរៀបចំម៉ោងសិក្សាបន្ថែមសម្រាប់មុខវិជ្ជា STEM និងគណិតវិទ្យា និងការរៀនតាមបែបគម្រោងជាដើម។

សូមជំរាបជូនដែរថា ការអនុវត្តសាកល្បងគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀនគណិតវិទ្យាសិស្សថ្នាក់ទី៩ អាច​នឹងធ្វើ​ឡើង​ក្នុងពេលឆាប់ៗនេះ ដោយជ្រើសរើសសាលារៀនគោលដៅទាំងនៅក្នុងរាជធានី ក្រុង និងនៅតាមបណ្តាខេត្តនានា។ លោក Soreasmey KE BIN ប្រធានក្រុមហ៊ុន ខនក្លូអ៊នស៍ មានប្រសាសន៍ថា គម្រោង Edumalin នឹងផ្តោតលើវិស័យអប់រំតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថល ដែលមានកម្មវិធីសិក្សា និងខ្លឹមសារមេរៀនស្តង់ដាអន្តរជាតិ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា