ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាម មិនឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា ឡើយ។
ក្នុងសេចក្តីណែនាំ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងអប់រំ ក៏បានប្រាប់ទៅដល់ប្រធានមន្ទីរអប់រំរាជធានីខេត្ត ការិយាល័យអប់រំ ក៏ដូចជានាយកគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវរៀបចំ និងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសាធារណជន។
ក្នុងនោះ ក៏ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិផល អេចន៍ ធី ភី ហើយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការតាមច្បាប់ជាធរមាន។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា លេខ ០២ បប ដោយហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ បទបញ្ជានេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ។
ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាផលិតផល អេចន៍ ធី ភី ត្រូវគេរកឃើញថា អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជំងឺមិនឆ្លងនៅក្នុងសង្គម៕