បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងវប្បធម៌ អំពាវនាវឱ្យ​យុវជន​ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ជា​ឱកាសបង្ហាញមនោសញ្ចេតនាស្រឡាញ់ដឹងគុណ

ក្រសួងវប្បធម៌ អំពាវនាវឱ្យ​យុវជន​ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ជា​ឱកាសបង្ហាញមនោសញ្ចេតនាស្រឡាញ់ដឹងគុណ

ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ​ជា​ឱកាសក្នុងការធ្វើសកម្មភាពបង្ហាញ​មនោសញ្ចេតនា​​ស្រឡាញ់ដឹងគុណ ចំពោះ​មនុស្ស​នៅជុំវិញខ្លួន។

Advertisement

ការអំពាវនាវនេះ គឺជា​ការ​ក្រើន​រំលឹក​របស់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ចំពោះយុវជន​មួយ​ចំនួនតូច ដែលនៅ​តែបន្ត​យល់ខុស​ពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់ ដោយប្រព្រឹត្តសកម្មភាព​ខុសឆ្គង​មួយចំនួន បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់បុគ្គល​ខ្លួនឯងផ្ទាល់ផង និង​ដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង។

ក្នុងសេចក្តីអំពាវនាវ ក្រសួងវប្បធម៌លើកឡើងថា ការសិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់អំពីឬសគល់ និងប្រភពនៃទិវានៃក្តីស្រឡាញ់ គឺជា​ភាពចាំបាច់ ដើម្បីចៀសវាង​ការ​អនុវត្ត​ខុស និងការបង្កនូវរូបភាព និង​បរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គម​កម្ពុជា ជាពិសេស​សកម្មភាពជ្រួលជ្រើម​ហួស​ហេតុ ប៉ះពាល់​ដល់សណ្តាប់ធ្នាប់​សាធារណៈ សីលធម៌សង្គម កិត្តិយសស និង​សេចក្តីថ្លៃថ្នូរ​ដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយ​ដោយបង្ក​ផលប៉ះពាល់​រយៈពេល​វែង ដល់អនាគត​ នៃបុគ្គលខ្លួនឯងផ្ទាល់។

ជាមួយគ្នា ក្រសួងវប្បធម៌ អំពាវនាវ​ដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើន​រំលឹក​ដល់បងប្អូន កូនចៅ ឱ្យ​ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​អារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក​នូវ​ក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះ​មនុស្ស​នៅជុំវិញខ្លួន ដូចជា ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នក​ដែលស្ថិត​ក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោម​រូបភាព សរសេរលិខិតជូនពរ ការ​ជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ល្អ​ត្រកាល​របស់ខ្មែរ ដើម្បីកិត្តិយស និង​ភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេស​រួមចំណែក​ថែរក្សា​នូវ​អត្តសញ្ញាណជាតិ ដែល​កូន​ខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និង​ការពារ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា