បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ និងអង្គការភ្លែន រួមគ្នាអនុវត្ត​គម្រោង "សាលារៀនជាកន្លែង​សុវត្ថិភាព​សម្រាប់ការសិក្សា"

ក្រសួងអប់រំ និងអង្គការភ្លែន រួមគ្នាអនុវត្ត​គម្រោង "សាលារៀនជាកន្លែង​សុវត្ថិភាព​សម្រាប់ការសិក្សា"

គម្រោង «សាលារៀនជាកន្លែងសុវត្ថិភាពសម្រាប់ការសិក្សា» ដែលអនុវត្តដោយអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរួមចំណែកលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព សមធម៌ និងបរិយាបន្ន សម្រាប់កុមារនៅតាមសាលាបឋមសិក្សាក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងរតនគិរី។

Advertisement

យោងតាមរបាយការណ៍ គម្រោងនេះអនុវត្តនៅសាលាបឋមសិក្សាចំនួន ៣០សាលា ក្នុងខេត្តគោលដៅទាំងបី ដោយមានសាលាចំនួន ១០ក្នុងមួយខេត្ត។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបប្រមាណ ៨,៦៦៨នាក់ ក្នុងនោះមានសិស្សស្រី ៤,៣៥៩នាក់។

គម្រោងមានគោលបំណងធានាឱ្យមានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព មិត្តភាព និងការគាំទ្រ ដែលការពារកុមារពីការរំលោភបំពាន អំពើហិង្សា និងការកេងប្រវ័ញ្ច ទាំងនៅក្នុងសាលារៀន និងតាមប្រព័ន្ធអ៊ីនធឺណិត។

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ AMS ថា គម្រោងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការធានាឱ្យសាលារៀនក្លាយជាកន្លែងមានសុវត្ថិភាព មិត្តភាព និងពោរពេញដោយឱកាសសម្រាប់កុមារគ្រប់រូប។

លោកមានប្រសាសន៍ថា កុមារគ្រប់រូបសមនឹងទទួលបានការអប់រំនៅក្នុងបរិយាកាសដែលគ្មានអំពើហិង្សា និងគ្រោះថ្នាក់ ហើយតាមរយៈកិច្ចសហការនេះ ភាគីពាក់ព័ន្ធកំពុងរួមគ្នាធ្វើឱ្យចក្ខុវិស័យនោះក្លាយជាការពិតនៅកម្ពុជា។

លោកបន្តថា ៖ «យើងកំពុងរួមគ្នាកសាងសាលារៀនដែលមានសុវត្ថិភាព និងបរិយាបន្ន ដែលកុមារគ្រប់រូបអាចរៀនដោយគ្មានការភ័យខ្លាច និងរីកចម្រើនក្នុងបរិយាកាសដែលមានការគាំទ្រ»។

នៅខេត្តរតនគិរី គម្រោងនេះ អនុវត្តនៅសាលាបឋមសិក្សាចំនួន ១០ សាលា ដែលមានសិស្សទទួលផលសរុបជាង ៣,០២៥នាក់ ក្នុងនោះសិស្សស្រី ១,៤២៦នាក់។ ចំណែកខេត្តសៀមរាប មានសិស្សទទួលផលប្រមាណ ៣,២៥៥នាក់ ក្នុងនោះសិស្សស្រី ១,៦៧៣នាក់ ខណៈខេត្តស្ទឹងត្រែង មានសិស្សទទួលផលប្រមាណ ២,៤០៨នាក់ ក្នុងនោះសិស្សស្រី ១,២៦០នាក់។

របាយការណ៍ក៏បានបង្ហាញថា ការអនុវត្តសកម្មភាពនានាក្នុងសាលារៀន បានជួយពង្រឹងចំណេះដឹង និងការយល់ដឹងរបស់សិស្ស អាណាព្យាបាល និងគណៈគ្រប់គ្រងសាលារៀន អំពីសុវត្ថិភាពកុមារ សិទ្ធិកុមារ និងការបង្កើតបរិយាកាសសិក្សាដែលគ្មានអំពើហិង្សា។

សូមជម្រាបថា តាមរយៈគម្រោងនេះ សាលារៀនគោលដៅក៏ទទួលបានការគាំទ្រលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងការចូលរួមរបស់សហគមន៍ និងការបង្កើតយន្តការការពារកុមារនៅក្នុងសាលារៀន ដើម្បីធានាថាកុមារទាំងអស់អាចសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងគុណភាព៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា