ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុកជាសកល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា និងតម្រូវការប្រើប្រាស់អគ្គិសនីមានការកើនឡើងខ្លាំង ដោយសារអាកាសធាតុក្តៅ ដែលកំពុងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការប្រើប្រាស់ថាមពលជាទូទៅ ក៏ដូចជាចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី, តាមរយៈសេចក្តីណែនាំមួយនៅរសៀលថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់បុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈតិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ។
ជាមួយគ្នា សេចក្តីណែនាំ ក៏បានប្រាប់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមកាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ ដែលត្រូវធ្វើដំណើរឆ្ងាយ ហើយលើកទឹកចិត្តឱ្យរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញវិញ។
ក្រសួងអប់រំ ក៏លើកទឹកចិត្តបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព ដោយត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីណាដែលមិនចាំបាច់ ដូចជា បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ បន្ទាប់ពី បញ្ចប់ការងារ ឬនៅពេលមិនប្រើប្រាស់។
សម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ សូមធ្វើតាមការណែនាំរបស់ក្រសួងរ៉ែ និង ថាមពល ដូចជាការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងកម្រិតសមស្រប, ប្រើប្រាស់ពន្លឺធម្មជាតិឱ្យបានច្រើនជាអតិបរិមា នៅពេលមានលក្ខខណ្ឌអនុគ្រោះ (ដូចជា បើកទ្វារ និងបង្អួច), ណែនាំ លើកទឹកចិត្ត និងបង្រៀន និស្សិតនិងសិស្សានុសិស្សឱ្យចូលរួមនិងមានទម្លាប់សន្សំសំចៃ ការប្រើប្រាស់អគ្គិសនី៕