បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដើមឆ្នាំ២០២៧

ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដើមឆ្នាំ២០២៧

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដើម្បីត្រៀម​ទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧។

Advertisement

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន គឺជាកម្មវិធីដែលធំជាងគេបំផុតរបស់អាស៊ានជាមួយជប៉ុន។ លោកថា នាវារបស់ជប៉ុន នឹងធ្វើដំណើររយៈពេល៣៤ថ្ងៃ ចេញពីប្រទេសជប៉ុន មកចំណតទីមួយនៅកម្ពុជា ហើយចំណាយពេល ៣ថ្ងៃ២យប់នៅកម្ពុជា ទើបបន្តទៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន រួចទើបត្រឡប់ទៅប្រទេសជប៉ុនវិញ។

លោក ផនសីហា បញ្ជាក់ថា ការជ្រើសរើសខេត្តព្រះស៊ីហនុ សម្រាប់កម្មវិធីនេះ ដោយសារកម្ពុជា មានផែដែលធំជាងគេនៅព្រះសីហនុ និងជាតំបន់ទេសចរណ៍ទាក់ទាញ ដែលមានសមុទ្រស្អាតផងដែរ។ ចំណែក នៅរាជធានីភ្នំពេញ គឺដើម្បីឱ្យប្រតិភូយុវជនអាស៊ានទាំងអស់ ជាពិសេសប្រតិភូជប៉ុន បានឃើញពីការអភិវឌ្ឍរបស់កម្ពុជា ទាំងសុវត្ថិភាព ស្ថេរភាព ដើម្បីកុំឱ្យជឿតាមព័ត៌មានក្លែងបន្លំ ឬព័ត៌មានចោទប្រកាន់មួយចំនួនរបស់ប្រទេសអមិត្តដែលលើកឡើងថា ប្រទេសកម្ពុជាអសន្តិសុខ។

ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ បន្ថែមថា កម្មវិធីនេះ នឹងមានអ្នកចូលរួមសរុបប្រហែលជិត៣០០នាក់ ក្នុងចំណោមប្រទេសអាស៊ាន ១០ប្រទេសចូលរួម (លើកលែងមីយ៉ាន់ម៉ា) និងជប៉ុន។ ក្នុងនោះ ប្រតិភូយុវជនអាស៊ានក្នុងមួយប្រទេសចំនួន ២០នាក់ និងអ្នកដឹកនាំម្នាក់ ដោយឡែក ជប៉ុនវិញ មានប្រតិភូយុវជន ៣០នាក់ និងអ្នកដឹកនាំម្នាក់ សរុប ២៤១នាក់។

បើតាម លោក ម៉ិល ផនសីហា ព្រឹត្តិការណ៍សំខាន់ៗដែលបានគ្រោងទុក រួមមាន ជំនួបប្រតិភូយុវជនជាមួយថ្នាក់ដឹកនាំ, ដំណើរទស្សនកិច្ចនៅវិមានឯករាជ្យ ព្រះបរមរាជវាំង និងទស្សនៈកិច្ចនៅសាលារៀនជំនាន់ថ្មី ។ល។

កន្លងមក កម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចំនួន២លើករួចមកហើយ គឺនៅក្នុង​ឆ្នាំ២០១៤ម្តង និងម្តងទៀតនៅឆ្នាំ២០១៧៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា