ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ បង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យសិស្សានុសិស្ស និងយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ។
បើតាមសេចក្តីណែនាំចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ល្បែងប្រជាប្រិយខ្មែរ ដែលគ្រឹះស្ថានអប់រំត្រូវរៀបចំឱ្យសិស្សានុសិស្ស យុវជនចូលរួមលេង រួមមានដូចជា ល្បែងស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ។ល។ និង រាំរបាំប្រជាប្រិយខ្មែរដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្រ្ទឹម ជាដើម។
ក្រសួងអប់រំ ក៏លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន តុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសា និងការទទួលខុសត្រូវខ្ពស់។
ដោយឡែក ការលេងល្បែង និងរាំច្រៀងទាំងឡាយណា ដែលផ្ទុយពីការណែនាំខាងលើ គឺត្រូវចៀសវាង ដូចជា ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការប្រព្រឹត្តអំពើបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់បារីគ្រប់ប្រភេទ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម។
នៅមុនពេលនៃពិធីបុណ្យចូលឆ្នាំមកដល់ ជាទូទៅនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន តែងតែរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងស្វាគមន៍វិស្សមកាលតូច នៃឆ្នាំសិក្សាផង។ ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ហើយវិស្សមកាលតូច នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕