ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំសាងសង់លេណដ្ឋានពហុបំណងនៅតាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ក្នុងគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន។

ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំសាងសង់លេណដ្ឋានពហុបំណងនៅតាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ក្នុងគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន។
ក្រសួងអប់រំមិនបានបញ្ជាក់ពីចំនួនសាលារៀនដែលនឹងត្រូវសាងសង់លេណដ្ឋានពហុបំណងនេះទេ ប៉ុន្តែបើតាមប្រសាសន៍លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា លេណដ្ឋានចំនួន១០ កំពុងតែរៀបចំសាងសង់តាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែន ដែលប្រឈមហានិភ័យខ្ពស់ និងអាចចូលទៅសាងសង់បាន។ លោកជំទាវបញ្ជាក់ថា នៅតាមសាលារៀនមួយចំនួន មិនអាចអនុញ្ញាតឱ្យចូលដំណើរការសាងសង់បានទេ ដោយសារតែហានិភ័យពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅតែបង្កគ្រោះថ្នាក់ក្នុងតំបន់នោះ។

ការសាងសង់លេណដ្ឋានពហុបំណងនេះ ត្រូវប្រើប្រាស់មូលនិធិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសប្បុរសជននានា ។ បើតាមក្រសួងអប់រំ ការសង់លេណដ្ឋាននេះ ក៏ជាផ្នែកមួយនៃការអប់រំអំពីហានិភ័យ និងការរក្សាសុវត្ថិភាពពីគ្រោះមហន្តរាយនានា ដោយបង្កប់នូវការបង្រៀនសិស្សឱ្យចេះការពារខ្លួន និងយល់ដឹងពីរបៀបឆ្លើយតបទៅនឹងស្ថានភាពអាសន្នផងដែរ។
កាលពីថ្ងៃទី២៥ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះនេះដែរ កាលពីដើមខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការចុះពិនិត្យការសាងសង់អគារសិក្សា និងលេណដ្ឋាន ដែលទទួលបានការឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្រ្តី នៅសាលាបឋមសិក្សា គីរីវ័ន្តសែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានធ្វើឱ្យសាលារៀនសរុបចំនួន២៧នៅតាមបណ្តោយព្រំដែនរងការខូចខាតទៅលើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ ដោយប៉ាន់ប្រមាណថា មានតម្លៃសរុបជាង ៦លានដុល្លារ៕
