ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ទិសដៅថ្មី ដោយបន្តពង្រឹង និងកែលម្អមុខវិជ្ជាដែលត្រូវសិក្សានៅថ្នាក់មូលដ្ឋាន ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ពិសេសពង្រឹងការសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាខ្មែរ សំដៅកសាង អាវក្រោះបញ្ញាស្មារតី សម្រាប់យុវជនក្នុងយុគសម័យសកភាវូបនីយកម្ម។
ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីសិក្សាឆ្នាំមូលដ្ឋាននៅឧត្តមសិក្សា និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា កាលពីថ្ងៃអង្គារ (១៧ មីនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា ភាសាខ្មែរ និងទស្សនវិជ្ជា មានសារៈសំខាន់ ព្រោះមុខវិជ្ជាទាំងនេះ គឺជាមូលដ្ឋានគ្រឹះចំណេះដឹងចាំបាច់សម្រាប់សិស្ស និស្សិតកម្ពុជា ក្នុងការកសាង និងពង្រឹងអត្តសញ្ញាណជាតិ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យមើលបញ្ហាប្រឈម ស្វែងយល់ពីការលំបាករបស់សាស្ត្រាចារ្យ និងនិស្សិតក្នុងការបង្រៀន និងរៀនមុខវិជ្ជាប្រវត្តិវិទ្យា សំដៅលើកកម្ពស់គុណភាពការរៀននិងបង្រៀន កំណត់វិធីសាស្ត្របង្រៀនបែបថ្មីៗ ដើម្បីឱ្យការសិក្សាប្រវត្តិវិទ្យាកាន់តែមានភាពទាក់ទាញ និងរស់រវើក។
ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា គោលបំណងនៃការសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើង ដើម្បីអប់រំនិងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ សមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ថែមពីនេះ គោលបំណងនៃការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើងដើម្បីអប់រំ និងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ និងសមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕