ដើម្បីធានា និងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស។ ការរៀបចំយន្តការនេះ ក៏ជាការឆ្លើយតបទៅនឹងក្តីបារម្ភពីសញ្ញាបត្រក្លែងក្លាយ ដោយប្រើប្រាស់ជាឈ្មោះសាកលវិទ្យាល័យនៅបរទេសផងដែរ។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារជំនាញ រៀបចំសេចក្តីថ្លែងការណ៍ពន្យល់បង្ហាញពីយន្តការ នៃការបញ្ជាក់សញ្ញាបត្រ របាយការណ៍វិភាគពីដំណើរការ នៃការបញ្ជាក់សញ្ញាបត្រ និងផ្សព្វផ្សាយប្រកបដោយតម្លាភាព ទូលំទូលាយ និងភាពច្បាស់លាស់។
ចាប់តាំងពីឆ្នាំ២០២០ ក្រសួងអប់រំបានពន្លឿនការងារបញ្ជាក់សញ្ញាបត្រ ដោយតម្រូវឱ្យអ្នកស្នើសុំអាចទាញយកពាក្យស្នើសុំបញ្ជាក់សញ្ញាបត្រតាមរយៈ QR Code នៅក្នុងគេហទំព័ររបស់ក្រសួង និងអនុវត្តតាមនីតិវិធីដោយរៀបចំឯកសារជា PDF រួចផ្ញើឯកសារនោះតាមប្រព័ន្ធឌីជីថល Telegram ដោយមិនចាំបាច់មកដាក់ពាក្យស្នើសុំផ្ទាល់នៅការិយាល័យរដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា នោះឡើយ។

ដោយឡែកសម្រាប់យន្តការនៃការពិនិត្យ និងរៀបចំចេញលិខិតបញ្ជាក់ បន្ទាប់ពីទទួលបានពាក្យស្នើសុំជា PDF រួចមក មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានឹងអញ្ជើញសាម៉ីអ្នកស្នើសុំដើម្បីយកឯកសារច្បាប់ដើមមកពិនិត្យផ្ទៀងផ្ទាត់និងអនុវត្តតាមនីតិវិធីបន្តបន្ទាប់ដូចជា ពិនិត្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្របណ្ឌិតរបស់អ្នកបេក្ខជនស្នើសុំ។ ពិនិត្យភាពត្រឹមត្រូវនៃគ្រឹះស្ថានបណ្តុះបណ្តាលនៅក្រៅប្រទេសដែលមានការទទួលស្គាល់ពីស្ថាប័ន មានច្បាប់អនុញ្ញាត ចៀសវាងពីគ្រឹះស្ថានដែលមិនមានច្បាប់អនុញ្ញាតនៅសាមីប្រទេសផ្តល់សញ្ញាបត្រ ដូចជា៖ ពិនិត្យតាមគេហទំព័រគ្រឹះស្ថានឬគេហទំព័រផ្ទៀងផ្ទាត់ផ្លូវការទទួលស្គាល់ដោយក្រុមប្រឹក្សាឧត្តមសិក្សានៃប្រទេសផ្តល់សញ្ញាបត្រជាដើម។
ចុងក្រោយ មន្រ្តីនឹងពិនិត្យភាពត្រឹមត្រូវនៃឯកសារយោងរបស់អ្នកស្នើសុំ មុននឹងរៀបចំលិខិតបញ្ជាក់ដាក់ជូនថ្នាក់ដឹកនាំនាយកដ្ឋាននិងគោរពស្នើសុំហត្ថលេខាពីថ្នាក់ដឹកនាំក្រសួង៕
























